ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើប្រាស់យុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ២០២៣-២០២៨
ភ្នំពេញ៖ យុទ្ធសាស្រ្តចក្រានឹងលើកកម្ពស់បរិស្ថានកម្ពុជាក្នុងរយៈពេល ៥ឆ្នាំខាងមុខឱ្យរឹតតែមានភាពរីកចម្រើន សំដៅធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រិតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនិងលើកកម្ពស់សេដ្ឋកិច្ចបៃតង ឱ្យរឹតតែមានប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍ដ៏សំខាន់ដល់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់ និងលើកតម្កើងកិត្យានុភាពប្រទេសកម្ពុជាក្នុងឆាកអន្តរជាតិ ។ នេះជាការថ្លែងបញ្ជាក់ ពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន ។
គួរបញ្ជាក់ថាការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានបែបនេះធ្វើឡើងក្នុងពិធីប្រកាសដាក់ឱ្យប្រើយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ -២០២៨និងយុទ្ធនាការផ្ទៃមេឃព័ណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ២០៥០នៅកម្ពុជានៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣នាទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា៖យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ បានរៀបចំឡើងក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ផ្តោតសំខាន់លើកម្លាំងបង្វិល៣ធំៗ គឺ (១) គោលនយោបាយ (២) រដ្ឋបាលឌីជីថល និង (៣) ការផ្សព្វផ្សាយ ដែលជាកម្លាំងចលកររុញនាវាកម្ពុជាឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងដោយបញ្ជាក់បន្ថែមថានៅក្នុងយុទ្ធសាស្រ្តចក្រាយើង ទី១គឺភាពស្អាត ដែលក្នុងនេះមានទាំងភាពស្អាតខាងលើមានខ្យល់ អាកាសធាតុ ភាពស្អាតផ្នែកខាងក្រោមមានដី ក្រោមដី និងផ្ទៃទឹក។ទី២ភាពបៃតងក្នុងនេះមិនត្រឹមតែបៃតងបរិស្ថានទេគឺនៅបៃតងទាំងសេដ្ឋកិច្ចផង ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងដែរថាក្នុងរយៈពេល៥ឆ្នាំខាងមុខទៀតតាមរយៈការអនុវត្តនូវយុទ្ធសាស្រ្តចក្រាបរិស្ថាននេះកម្ពុជាអាចនឹងក្លាយជាប្រទេសមួយដ៏ស្រស់ស្អាត គ្មានសំរាម ទាំងនេះដោយសារការចូលរួមពីសំណាក់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ និងភាគីពាក់ព័ន្ធបានចូលរួម ។ តាមរយៈយុទ្ធសាស្រ្តនេះវានឹងជួយទាក់ទាញដល់វិស័យទេសចរណ៍និងរួមទាំងការឈានទៅមុខលើវិស័យសេដ្ឋកិច្ច។
លោក Emmannuel dollfusនាយករងប្រចាំប្រទេស នៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)បានលើកឡើងថា៖យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺជាគម្រោង នៃការអនុវត្តដែលជាគន្លឹះដើម្បីដោះស្រាយបញ្ហាបរិស្ថាន ហើយគ្រប់គ្នាពិតជារីករាយក្នុងការអនុវត្តគម្រោងមួយនេះនៅកម្ពុជាដើម្បីភាពស្រស់ស្អាតលើវិស័យបរិស្ថាន និងជួយបង្កើននូវសេដ្ឋកិច្ច ។
ដោយឡែក កញ្ញា Shomi Kim តំណាងវិទ្យាស្ថានកំណើនបៃតងសកល(GGGI) ប្រចាំកម្ពុជាបានបញ្ជាក់ថា៖ក្នុងភាពជាដៃគូកន្លងមកកម្ពុជាបានបង្កើតភាព ដ៏មានឥទ្ធិពលមួយដែលបានផ្តោតទៅលើកំណើនបៃតងនិងនិរន្តភាព។សម្រាប់យុទ្ធនាការចក្រាបរិស្ថាននេះដែរគឺបានបង្កប់នូវចក្ខុវិស័យរួមគ្នារបស់ពិភពលោកអំពីវឌ្ឍនភាពសេដ្ឋកិច្ច ក៏ដូចជាបរិស្ថាន ។ទាំងនេះមិនមែនជាទំនួលខុសត្រូវរបស់រដ្ឋាភិបាលឬសាធារណៈជនទូទៅទេតែវាជាគោលដៅសម្រេចបាននៅពេលយើងខិតខំធ្វើការរួមគ្នាទាំងអស់។
គួរបញ្ជាក់ថារយៈពេលជាង២ទសវត្សរ៍មកនេះ កម្ពុជាបានសម្រេចនូវសមិទ្ធផលជាច្រើន តាមរយៈការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង ៤ដំណាក់កាល ។ ដើម្បីបន្តវឌ្ឍនភាព ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា-ចក្រកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សានូវចីរភាព៕
អត្ថបទ ៖ ម៉ាដេប៉ូ ,រូបភាព ៖ លោក គ្រី សម្បត្តិ






