ឥណ្ឌា៖ មនុស្សជិត ៤០នាក់ស្លាប់ ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ជ្រោះនៅត បន់កាស្មៀរ

ញូវដែលី៖ ប៉ូលិសនិយាយថា យ៉ាងហោចណាស់មនុស្ស ៣៧នាក់បានស្លាប់ នៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា នៅថ្ងៃពុធសប្តាហ៍នេះ នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានរអិលធ្លាក់ចុះពីផ្លូវភ្នំ ចូលជ្រោះជ្រៅមួយ។

គ្រោះថ្នាក់នេះ បានកើតឡើងនៅ ផ្លូវដាច់ស្រយាលមួយនៅតំបន់ដូដា (Doda) ចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុង ស្រី ណាហ្កា របស់កា ស្មៀ។ មន្ត្រីរដ្ឋាភិបាលមូលដ្ឋាន លោក ហាវីន ដឺស៊ី ង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា មនុស្ស ៣៧នាក់បាន បាត់បង់ជីវិត និង ១៨នាក់រងរបួស។
នាយប៉ូលីសឈ្មោះ ស៊ូនីល ហ្គូបតា និយាយថា គ្រោះថ្នាក់នេះ បណ្តាលមកពី ការធ្វេសប្រហែសរបស់អ្នកបើកបរ។ រថយន្តបានធ្លាក់ចុះពីភ្នំកំពស់ប្រមាណ ២៥០ម៉ែត្រ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានហៅឧបទ្ទវហេតុនេះថា ជារឿងដ៏គួរឱ្យសោកស្ដាយ និងបានចូលរួមរំលែកទុក្ខដល់គ្រួសារដែលបានបាត់បង់មនុស្សជិតស្និត និងជាទីស្រឡាញ់របស់ពួកគេ។ លោក ម៉ូឌី បាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា ខ្ញុំសូមបួងសួងឲ្យអ្នករបួសឆាប់ជាសះស្បើយ និងថា ប្រាក់សំណងរដ្ឋាភិបាលជាង ២,៤០០ដុល្លារ នឹងផ្ដល់ជូនដល់សាច់ញាតិអ្នកស្លាប់ និង ៦០០ដុល្លារដល់អ្នករបួស។

គួរបញ្ជាក់ថា ករណីស្លាប់ដោយសារបញ្ហាផ្លូវខ្វះការថែទាំ បានក្លាយជារឿងធម្មតាទៅហើយសម្រាប់ប្រទេសឥណ្ឌា។ ជាក់ស្តែង ប្រទេសនេះរ៉ាប់រងរហូតដល់ ១១ភាគរយនៃចំនួនអ្នកស្លាប់នៅលើដងផ្លូវទូទាំងពិភពលោក នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក (WB) ចេញផ្សាយក្នុងឆ្នាំ២០២១។ របាយការណ៍ដដែលនេះបានប៉ាន់ប្រមាណថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួន ១៥០,០០០នាក់នៅក្នុងប្រទេសឥណ្ឌាជារៀងរាល់ឆ្នាំ ដែលនាំឱ្យសេដ្ឋកិច្ចឥណ្ឌាខាតបង់ប្រហែល ៧៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner