អង្គការសហប្រជាជាតិ៖ មនុស្សច្រើនជាង ២០ម៉ឺននាក់ភៀសខ្លួនចេញពីជម្លោះនៅមីយ៉ាន់ម៉ា
ណៃពិដោ៖ អង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្តាហ៍នេះ បានឱ្យដឹងថា មនុស្សជាង ២០០,០០០នាក់បានផ្លាស់ទីលំនៅ ដោយសារការប្រយុទ្ធគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីសម្ព័ន្ធភាពនៃក្រុមជនជាតិភាគតិចបានបើកការវាយលុកប្រឆាំងនឹងយោធាកាលពីខែមុន។
ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បាននិយាយថា គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ មនុស្សច្រើនជាង ២០០,០០០នាក់នៅទូទាំងរដ្ឋសា, ឈីន, កាយ៉ា, ម៉ុន និងសាហ្គាន បានបង្ខំចិត្តភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមដាប់អាវុធជនជាតិភាគតិច។
ការិយាល័យ UNOCHA បន្ថែមថា យ៉ាងហោចណាស់ជនស៊ីវិល ៧៥នាក់ រួមទាំងកុមារត្រូវបានសម្លាប់ និងមនុស្ស ៩៤នាក់ទៀតបានរងរបួសនៅក្នុងការប្រយុទ្ធគ្នានេះ។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាបានផ្ទុះឡើងចាប់តាំងពីថ្ងៃទី២៧ ខែតុលា នៅទូទាំងរដ្ឋសាន ភាគខាងជើងក្បែរព្រំដែនប្រទេសចិន បន្ទាប់ពីកងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA), កងទ័ពរំដោះជាតិតាអាំង (TNLA) និងកងទ័ពអារ៉ាកាន (AA) បានបើកការវាយប្រហារលើកងកម្លាំងរដ្ឋាភិបាលយោធា។
ក្រុមបះបោរប្រដាប់អាវុធខាងលើនេះ បានបិទផ្លូវពាណិជ្ជកម្មសំខាន់ៗទៅកាន់ប្រទេសចិន និងបានរឹបអូសយកមជ្ឈមណ្ឌលព្រំដែនមួយ នៅក្នុងអ្វីដែលអ្នកវិភាគនិយាយថា ជាការប្រឈមមុខផ្នែកយោធាដ៏ធំបំផុតចំពោះរបបយោធា ចាប់តាំងពីខ្លួនបានដណ្តើមអំណាចនៅឆ្នាំ២០២១៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា




