សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណ ប្រជាពលរដ្ឋទាំងអស់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសារជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ។

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះនៅរសៀលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ” ។

ក្នុងឱកាសនោះដែរ សម្តេចធិបតី បានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ គឺមានសារៈសំខាន់ណាស់ ដើម្បីជំរុញដល់ការអភិវឌ្ឍសង្គមជាតិ ។ សម្តេច ថា ទីតំាងតំបន់កោះនរា អាចរៀបចំជាកន្លែងសប្បាយៗជាច្រើន ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំនេះ និងជំរុញឱ្យអាជ្ញាធរ ធានាការពារសន្ដិសុខសណ្ដាប់ធ្នាប់ជូនភ្ញៀវជាតិ និងអន្ដរជាតិ ឱ្យខាងតែបាន ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរយឱ្យបានល្អ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ ។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូ បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ក្នុងនោះមានប្រទីបចំនួន ៣០ និងទូកចំនួន ៣៣៨ នឹងបង្ហាញខ្លួននៅក្នុងព្រះរាជពិធីបុណ្យ ។ ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងមានរៀបចំកម្មវិធីសិល្បៈច្រើនទម្រង់ សម្ដែងជូនមហាជនទស្សនា ផងដែរ ដូចជា៖ ល្ខោនខោល យីកេ ល្ខោនស្បែកតូច និងល្ខោនស្បែកធំជាដើម ។

ក្រៅពីនេះ ក៏មានការចូលរួមពីសំណាក់វិស័យឯកជន ដែលចូលរួម សម្តែងដែរដូចជា ក្រុមល្ខោនបុរាណមកពីក្រុមល្ខោនបុរាណវត្តកៀនស្វាយក្រៅ ខេត្តកណ្តាល។ ក្រុមល្ខោនស្បែកតូច ក្រុមល្ខោន ស្បែកធំ មកពីខេត្ត សៀមរាប ។ ចាប៉ីដងវែង យីកេមកពីខេត្តកំពង់ធំ។ ក្រសួងក៏បានអញ្ជើញក្រុមសិល្បៈករ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធមកចូលរួម ៕

អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner