ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ១៤៧នាក់ ទៀតភៀសខ្លួនទៅដល់ឥណ្ឌូណេស៊ី
ហ្សាការតា៖ មន្រ្តីក្នុងតំបន់និយាយថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ១៤៧នាក់ ភាគច្រើនជាស្រ្តី និងកុមារ បានធ្វើដំណើរតាមទូកមកដល់ខេត្តមួយរបស់ប្រទេសឥណ្ឌូណេស៊ី នៅក្នុងថ្ងៃពុធសប្តាហ៍នេះ ពោលមួយថ្ងៃបន្ទាប់ពីក្រុមជនជាតិភាគតិចនេះ ប្រមាណ ២០០នាក់ផ្សេងទៀតមកដល់ទីនេះដូចគ្នា។
ជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ ដែលភាគច្រើន ប្រថុយជីវិតរបស់ពួកគេជារៀងរាល់ឆ្នាំ ក្នុងការធ្វើដំណើរតាមទូកតូចៗ ឆ្លងកាត់ផ្លូវសមុទ្រដ៏វែងឆ្ងាយ ដើម្បីព្យាយាមទៅដល់ប្រទេសម៉ាឡេស៊ី ឬឥណ្ឌូណេស៊ី ក្នុងបំណងចាប់ផ្តើមជីវិតថ្មី។ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ទូកឈើមួយគ្រឿងបានមកដល់ឆ្នេរសមុទ្រមួយ ក្នុងសង្កាត់បាធី ក្នុងតំបន់ភីឌី ខេត្តអាឆេ នៅម៉ោងប្រហែល ១៧និង១០នាទីថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។
ទូកនោះបានដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលមានបុរសពេញវ័យ ៤៦នាក់, ស្ត្រីពេញវ័យ ៥៧នាក់ និងកុមារ ៤៤នាក់ សរុប ១៤៧នាក់។ បច្ចុប្បន្នគេនៅមិនទាន់ដឹងច្បាស់ ថាតើទូករបស់ពួកគេធ្វើដំណើរតាមផ្លូវសមុទ្រយូរប៉ុណ្ណា ឬមកពីណានោះទេ ប៉ុន្តែជនជាតិរ៉ូហ៊ីងយ៉ាជាច្រើនតែងតែធ្វើដំណើរយ៉ាងលំបាក ពីជំរុំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែស។
សូមបញ្ជាក់ថា សរុបទាំងការមកដល់ថ្មីនេះ នាំឱ្យជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងទីក្រុងអាឆេ កើនដល់ ៣៤៣នាក់ក្នុងរយៈពេល ៤៨ម៉ោងកន្លងមកនេះ បន្ទាប់ពី ១៩៦នាក់បានមកដល់តំបន់ភីឌី នៅថ្ងៃអង្គារសប្តាហ៍នេះ។ យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ាជាង ២,០០០នាក់ត្រូវបានគេជឿថា ព្យាយាមធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២២។ ទីភ្នាក់ងារនេះបានប៉ាន់ប្រមាណថា ជនជាតិរ៉ូហ៊ីងយ៉ាជិត ២០០នាក់បានស្លាប់ ឬបាត់ខ្លួនកាលពីឆ្នាំមុន ខណៈព្យាយាមឆ្លងកាត់ផ្លូវសមុទ្រដ៏គ្រោះថ្នាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា