សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី គឺជាផ្លែផ្កាកើតចេញពីសុខសន្តិភាព និងភាពលេចធ្លោ នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន

សៀមរាប៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរជាផ្លែផ្កាកើតចេញពីសុខសន្តិភាព និង ជាសមិទ្ធផលលេចធ្លោ ថ្មីបន្ថែមទៀត នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន បន្ទាប់ពីគម្រោងសាងសង់ផ្លូវភ្នំពេញ-ព្រះសីហនុ ដែលជា ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីចុងឆ្នាំ២០២២ » ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ទំនាក់ទំនងជាប្រពៃណី កម្ពុជា-ចិន បានបដិសន្ធិតាមរយៈចំណងមិត្តភាព ជាពិសេស រវាងសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង ឯកឧត្តម ជូ អ៊ិនឡាយ អតីតនាយករដ្ឋមន្ត្រីចិន នៅបានដុង ហើយត្រូវបានពូនជ្រុំយ៉ាងសកម្ម ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជា និងថ្នាក់ដឹកនាំចិនជាច្រើនជំនាន់ រហូតក្លាយជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០ ខណៈឆ្នាំនេះ ក៏ជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និងជាឆ្នាំមិត្តភាព កម្ពុជា-ចិន ផងដែរ ។

សម្តេច បានបន្តថា ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ធ្វើឡើងក្រោមគំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយកិច្ចព្រមព្រៀងសម្បទានសម្រាប់អភិវឌ្ឍគម្រោង ត្រូវបានចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីឆ្នាំ ២០១៦ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ព្រលានយន្តហោះដែលមានលក្ខណៈទំនើបនេះ នឹងអាចទទួលបាន ជើងហោះហើរច្រើន ដែលមិនត្រឹមតែជាការឆ្លើយតបក្នុងបច្ចុប្បន្នកាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការត្រៀមលក្ខណៈ សម្រាប់អនាគតផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner