គណៈប្រតិភូតាលីបង់អាហ្វហ្គានីស្ថាន ចូលរួមកិច្ចប្រជុំជាមួយប៉ាគីស្ថានទោះបីមានភាពតានតឹងជុំវិញការបណ្ដេញជនជាតិខ្លួនក៏ដោយ

អ៊ីស្លាម៉ាបាដ៖ កាលពីថ្ងៃពុធទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះគណៈប្រតិភូមកពីរដ្ឋាភិបាលដែលដឹកនាំដោយតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថានបានចូលរួមកិច្ចប្រជុំពាណិជ្ជកម្មមួយនៅក្នុងប្រទេសប៉ាគីស្ថាន បើទោះបីជាមានភាពតានតឹងដោយភាគីប៉ាគីស្ថានបានបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់អាហ្វហ្គានីស្ថានរាប់សែននាក់ឱ្យចេញពីប្រទេសយ៉ាងណាក៏ដោយ។

ចាប់តាំងពីខែតុលាមក ជនជាតិអាហ្វហ្គានីស្ថានប្រមាណជាងបីសែននាក់ហើយបានត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ពោលគឺចាប់តាំងតែពីពេលដែលប៉ាគីស្ថានបានបើកការបង្ក្រាបទូទាំងប្រទេសលើជនបរទេសដែលគ្មានឯកសារស្នាក់នៅស្របច្បាប់។

ជាក់ស្តែងការបង្រ្កាបនេះប៉ះពាល់ជាខ្លាំងទៅលើជនជាតិអាហ្វហ្គានីស្ថានក្នុងរង្វង់ប្រមាណ ១,៧លាននាក់ឯណោះ ដែលភាគច្រើនពួកគេបានភៀសខ្លួនចូលទៅរស់នៅលើទឹកដីប៉ាគីស្ថានតាំងតែពីការចូលកាន់កាប់របស់សូវៀតលើទឹកដីអាហ្វហ្គានីស្ថានពីឆ្នាំ ១៩៧៩ ដល់ ១៩៨៩ និងបន្ទាប់មកទៀតគឺការឡើងកាន់កាប់អំណាចរបស់ពួកតាលីបង់ក្នុងឆ្នាំ ២០២១។

ជុំវិញការបង្ក្រាបនេះរដ្ឋបាលដឹកនាំដោយតាលីបង់នៅអាហ្វហ្គានីស្ថានក៏បានចេញមុខប្រតិកម្មដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលតាលីបង់ នៅតែបញ្ជូនរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មលោក Nooruddin Azizi ទៅកាន់ទីក្រុង អ៊ីស្លាម៉ាបាដ(Islamabad )សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម រួមបីប្រទេស គឺប្រទេសអាហ្វហ្គានីស្ថានខ្លួនឯងផ្ទាល់ ប្រទេសអ៊ូសបេគីស្ថាន និងម្ចាស់ផ្ទះប៉ាគីស្ថាន។ ក្នុងកិច្ចប្រជុំនោះ លោក Nooruddin Aziz ក៏បានជួបដាច់ដោយឡែកជាមួយមន្ត្រីប៉ាគីស្ថាន ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម និងឆ្លៀតជជែកលើបញ្ហាបណ្តេញជនជាតិអាហ្វហ្គានីស្ថានផងដែរ។

បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់តាមរយៈបណ្តាញសង្គម X ស្ថានទូតអាហ្វហ្គានីស្ថានប្រចាំទីក្រុង Islamabad មិនបានលើកឡើងអំពីក្តីសង្ឃឹមនៃដំណោះស្រាយសម្រាប់បញ្ហាជនអន្តោប្រវេសន៍ឡើយ ពោលគឺផ្តោតតែទៅលើបញ្ហាពាណិជ្ជកម្មដោយភាគីទាំងបីបានយល់ព្រមពង្រីកពាណិជ្ជកម្មកែលម្អមធ្យោបាយធ្វើដំណើរ បង្កើនការវិនិយោគរួមគ្នា និងលើកកម្ពស់ការដឹកជញ្ជូន។

គួរជម្រាបថា ប្រទេសប៉ាគីស្ថានក្នុងសប្តាហ៍នេះ បានបើកច្រកព្រំដែនចំនួនបីបន្ថែមទៀត ដើម្បីពន្លឿនការនិរទេសជនជាតិអាហ្វហ្គានីស្ថាន ហើយភាគច្រើននៃពួកគេមិនអាចយកសូម្បីសម្ភាររបស់ពួកគេទៅជាមួយឡើយ។

ស្ថានទូត និងរដ្ឋាភិបាលតាលីបង់បានចោទប្រកាន់ករណីនេះទៅលើអាជ្ញាធរប៉ាគីស្ថានថាបានរឹបអូសទ្រព្យសម្បត្តិនិងប្រាក់របស់ពួកគេ ក៏ប៉ុន្តែត្រូវបានភាគីប៉ាគីស្ថានបដិសេធ៕ ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner