ក្រសួងការងារ និង ក្រុមហ៊ុនយក្សរបស់កូរ៉េ បង្កើតកិច្ចសហការអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងវិស័យឧស្សាហកម្មធុនធ្ងន់
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនHD HYUNDAI HEAVY INDUSTRIA របស់កូរ៉េខាងត្បូង បានសម្រេចបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាលើវិស័យឧស្សាហកម្មធុនធ្ងន់។ ការសម្រេចនេះ គឺធ្វើឡើងក្នុងកិច្ចពិភាក្សាត្រីភាគី រវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Park Jung Wook អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំ កម្ពុជា និងលោក Kim Dong il អគ្គនាយករងក្រុមហ៊ុន HD HYUNDAI HEAVY INDUSTRIA ដែលភាគច្រើនផលិតនាវា និងកប៉ាល់ធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅទីស្តីការក្រសួងការងារ ។
ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងអស់បានឯកភាពលើការ បណ្តុះបណ្តាលប្រជាពលរដ្ឋកម្ពុជាឱ្យមានចំណេះដឹងលើវិស័យឧស្សាហកម្មធុនធ្ងន់ក្នុងសង្វាក់ផលិតកម្មផលិតនាវា និងកប៉ាល់ដែលកំពុងមានសក្តានុពល ។
ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េខាងត្បូងនិងក្រុមហ៊ុនដែលបានផ្តល់វគ្គបណ្តុះបណ្តាលនេះជូនពលរដ្ឋកម្ពុជា ឱ្យមានជំនាញក្នុងវិស័យឧស្សហកម្មធុនធ្ងន់មួយនេះ។ ទន្ទឹមនឹងនេះ ក្រសួងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយគាំទ្រដល់ក្រុមហ៊ុន ក្នុងការបណ្តុះបណ្តាលលើជំនាញនេះនៅកម្ពុជាឱ្យទទួលបានភាពជោគជ័យ ។
សម្រាប់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងវិញ កិច្ចសហការបណ្តុះបណ្តាលនេះ នឹងក្លាយជាចំណុចជ្រោមជ្រែងដ៏សំខាន់បន្ថែមទៀតដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស្អិតរមួត និងស៊ីជម្រៅទាំងផ្នែកសេដ្ឋកិច្ច និងភាពជាមិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ។
សូមរំលឹកបន្តិចថា ក្រុមហ៊ុន HD HYUNDAI HEAVY INDUSTRIA គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកម្រិតពិភពលោក HYUNDAI Group ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧២ ដែលមានជំនាញលើការផលិតកប៉ាល់ និងនាវាធំៗ ។
កិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងនាពេលនេះ គឺធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបតែប្រកាសដាក់ចេញឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១.៥លាននាក់ ដើម្បីផ្តល់ជំនាញឆាប់រហ័សនិងទទួលបានការងារធ្វើសមរម្យ៕
ដោយ ង៉ាន់ ទិត្យ