ប៉ូលិសថៃចាប់ខ្លួនមនុស្សជាង ១០ នាក់ ជុំវិញការឆបោកតាមកម្មវិធីខ្ចីប្រាក់លើទូរស័ព្ទ

ថៃ៖ ប៉ូលិសថៃបានចាប់ខ្លួនជនសង្ស័យចំនួន ១៣ នាក់ពាក់ព័ន្ធនឹងការឆបោកតាមកម្មវិធីខ្ចីប្រាក់លើទូរស័ព្ទចំនួន ៩ និងរឹបអូសបាននូវសៀវភៅធនាគារ ដែលមានទឹកប្រាក់សរុបរហូតដល់ ៥០០ លានបាត។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ប្រធានការិយាល័យស៊ើបអង្កេតកណ្តាល (CIB) លោក Jirabhop Bhuridej បាននិយាយកាលពីថ្ងៃពុធក្នុងសន្និសីទសារព័ត៌មានថា ការបង្ក្រាបនាដើមសប្ដាហ៍នេះ បានធ្វើឡើងនៅលើទីតាំងចំនួន ២៣ រួមមានទាំងនៅក្រុងបាងកង ខេត្តនុនថាបុរី ឈុនបុរី ផាធុមថានី នគររាជសីម៉ា ប្រាជីនបូរី អយុធ្យា សាមុតប្រាកាន ឈុំផុន និងខេត្តត្រាងជាដើម។

បើតាមបាងកកប៉ុស្តិ៍ ជនសង្ស័យមេខ្លោងពីរនាក់ មួយឈ្មោះ Yuwathida Puengpipat អាយុ ៣៧ ឆ្នាំ និងមួយទៀតឈ្មោះ Weerayut Pongpanwat អាយុ ៣៧ ឆ្នាំ ត្រូវបានចាប់ខ្លួនតាមដីកាពីតុលាការព្រហ្មទណ្ឌ ពីបទឃុបឃិតគ្នាក្លែងបន្លំ បញ្ចូលព័ត៌មានមិនពិតចូលក្នុងប្រព័ន្ធកុំព្យូទ័រ ប្រតិបត្តិការអាជីវកម្មកម្ចីដោយគ្មានការអនុញ្ញាតជាមួយនឹងអត្រាការប្រាក់ខ្ពស់លើសពីច្បាប់កំណត់ ការប្រើអំពើហិង្សាដើម្បីប្រមូលបំណុល និងការចូលរួមជាមួយអង្គការឧក្រិដ្ឋកម្មឆ្លងដែន។

មនុស្សចំនួន ១១ នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ដោយជាប់ពាក់ព័ន្ធនឹងការបង្កើតគណនីប្រើប្រាស់ក្នុងកម្មវិធីទូរសព្ទដើម្បីបោកបញ្ឆោតអ្នកដទៃ។

ជាមួយគ្នានេះផងដែរ ប៉ូលិសថៃក៏រឹបអូសបានវត្ថុតាងចំនួន ៥២ រួមមានសៀវភៅធនាគារ សៀវភៅកត់ត្រា ថេបប្លេត និងឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត ក៏ដូចជាប្រាក់ ៥០០ លានបាតដែលមានក្នុងគណនីទាំងអស់។

បើតាមប៉ូលិសថៃ កម្មវិធីប្រាក់កម្ចីលើទូរសព្ទទាំង៩ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន ដែលក្នុងនោះរួមមានកម្មវិធី Rich Loan, PleasantSheep, SummerCash, FortuneCat, GoldenTiger, FastCash, OrangeCash, GoldenFlower និងកម្មវិធី MemoryLoan ។

ជនរងគ្រោះដែលប្រើកម្មវិធីកម្ចីណាមួយ តម្រូវឱ្យបញ្ជូលព័ត៌មានផ្ទាល់ខ្លួន ដែលរួមមានបញ្ជីទំនាក់ទំនង លេខគណនីធនាគារ អាល់ប៊ុមរូបថត កាមេរ៉ា GPS ជាដើម។

ប៉ូលិសស៊ើបអង្កេតបាននិយាយថា ជនរងគ្រោះម្នាក់ៗតម្រូវឱ្យបំពេញឈ្មោះពិត ប្រភពចំណូល អាស័យដ្ឋាន លេខគណនីធនាគារ រូបថតអត្តសញ្ញាណបណ្ណ និងមុខរបស់អ្នកប្រើប្រាស់ និងលេខទូរស័ព្ទ ដើម្បីទទួលពាក្យសម្ងាត់តែម្តង (OTP)។

បន្ទាប់ពីបញ្ចប់ដំណើរការផ្ទៀងផ្ទាត់ ជនរងគ្រោះទទួលបានប្រាក់ត្រឹមតែ ៥៥ ភាគរយនៃប្រាក់កម្ចីសរុបដែលបានស្នើសុំប៉ុណ្ណេះ ប៉ុន្តែតម្រូវឱ្យសងគ្រប់ចំនួនវិញក្នុងរយៈពេល ៦ ថ្ងៃ ជាមួយនឹងអត្រាការប្រាក់ ៧,៥ ភាគរយក្នុងមួយថ្ងៃ ២២៥ ភាគរយក្នុងមួយខែ ឬ២ ៧៣៧,៥ ភាគរយក្នុងមួយឆ្នាំ៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner