សម្តេចធិបតី៖ ការជ្រើសរើសទីតាំងធ្លាប់ជាតំបន់អតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាល់ សាងសង់អាកាសយានដ្ឋានថ្មី គឺជាគោលដៅរបស់សម្ដេចតេជោ ក្នុងការប្រែក្លាយតំបន់សង្រ្គាម ទៅជាតំបន់អភិវឌ្ឍន៍
(សៀមរាប)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់កម្ពុជា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការស្ថាបនា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ធ្វើឡើងក្រោមគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយកិច្ចព្រមព្រៀង សម្បទានសម្រាប់អភិវឌ្ឍគម្រោង ត្រូវបានចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីឆ្នាំ២០១៦ ។
សម្ដេចធិបតីបន្តថា ដំណើរការសាងសង់ បានចាប់ផ្ដើមឡើង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ និងត្រូវបានដាក់ឱ្យប្រើប្រាស់ទទួលជើងហោះហើរពាណិជ្ជកម្មជាលើកដំបូង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ថ្មីៗនេះ ។ អាកាសយានដ្ឋានដែលត្រូវបានសាងសង់រួចនេះ ជាប្រភេទខ្នាតធំកម្រិត 4E ដែលមានសមត្ថភាពអាចទទួលយន្តហោះខ្នាតធំស្ទើរគ្រប់ប្រភេទ ជាមួយនឹងជើងហោះហើរប្រមាណ ៦៥.៨០០ជើង ក្នុង ១ឆ្នាំ ហើយអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ដំណាក់កាលទី ១ ។ គម្រោងទាំងមូល បានប្រើប្រាស់ផ្ទៃដីសរុប ៧០០,៦ហិកតា និងដីបម្រុង ១.០០០ហិកតា សម្រាប់គាំទ្រដល់ផែនការពង្រីកជាដំណាក់ៗ ដើម្បីអភិវឌ្ឍទៅជាអាកាសយានដ្ឋានកម្រិត 4 F នៅថ្ងៃខាងមុខ ព្រមជាមួយនឹងគម្រោងកសាងទីតាំងជាតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបថ្មី ។
សម្តេចធិបតី បានរំឭកថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាផ្លែផ្កាកើតចេញពីសុខសន្ដិភាព ហើយការ ជ្រើសរើសទីតាំងដែលធ្លាប់ជាតំបន់អតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាល់ ដើម្បីសាងសង់អាកាសយានដ្ឋានថ្មី គឺជាគោលដៅរបស់សម្ដេចតេជោ ក្នុងការប្រែក្លាយតំបន់សង្រ្គាម ទៅជាតំបន់អភិវឌ្ឍន៍ សំដៅជំរុញការអភិវឌ្ឍ តាមមូលដ្ឋានឱ្យបានជឿនលឿន និងកែលម្អជីវភាពប្រជាពលរដ្ឋ ជាពិសេស ការកាត់បន្ថយភាពក្រីក្រ ក្នុងចំណោមគ្រួសារងាយរងគ្រោះនៅតាមសហគមន៍ដាច់ស្រយាល ។
ជាមួយគ្នានេះ, យើងក៏មិនអាចបំភ្លេចបានដែរ នូវការចូលរួមចំណែក និងខិតខំជ្រោមជ្រែងរបស់ដួងវិញ្ញាណក្ខន្ធសម្ដេចវិបុលបញ្ញា សុខ អាន ក្នុងការសិក្សា យ៉ាងល្អិតល្អន់អំពីលក្ខខណ្ឌបច្ចេកទេសតាមការកំណត់របស់អង្គការយូណេស្កូ ពាក់ព័ន្ធនឹងរង្វង់ចម្ងាយសុវត្ថិភាព ដើម្បីបញ្ចៀសហានិភ័យ និងធានាដល់កិច្ចគាំពារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរ មុននឹងសម្រេចលើកយោបល់ជ្រើសរើសទីតាំងមួយនេះជូនប្រមុខរាជរដ្ឋាភិបាល ៕
ដោយ ៖ វណ្ណលុក