កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិលើកទី១៥ នៅដើមឆ្នាំក្រោយ
ភ្នំពេញ៖ កម្ពុជារំពឹងថា ព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិនៅដើមឆ្នាំក្រោយនេះ នឹងជួយរួមចំណែកផ្សព្វផ្សាយបើកទីផ្សារវិស័យគ្រឿងអលង្ការ និងត្បូងរបស់ប្រទេសកម្ពុជា ដើម្បីទាក់ទាញវិនិយោគក្នុងវិស័យនេះ។
ថ្លែងក្នុងសន្និសិទសារព័ត៌មាននារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានមានប្រសាសន៍ថា ដើម្បីជំរុញវិស័យគ្រឿងអលង្ការ និងត្បូងនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន សមាគម និងក្រុមហ៊ុន ស៊ី.អាយ.ជី.ជេ. អេហ្វ បានសហការគ្នានឹងបង្កើតព្រឹត្តិការណ៍ដ៏ធំមួយនៅដើមឆ្នាំ ២០២៤ នោះគឺពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិលើកទី១៥ នៅថ្ងៃទី២១ ដល់២៤ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីបណ្តាពាណិជ្ជករជាតិ និងអន្តរជាតិជាច្រើន។
លោកបណ្ឌិត ឆាយ ស៊ីណាត បន្ថែមថា កម្ពុជាមានសក្តានុពលខ្ពស់ ក្នុងការប្រកួតប្រជែងវិស័យគ្រឿងអលង្ការ និងត្បូងនៅលើឆាកអន្តរជាតិ ដោយសារតែធនធានមនុស្សនៅក្នុងវិស័យនេះរបស់កម្ពុជា ក៏មានសមត្ថភាពខ្ពស់ ក្នុងការច្នៃប្រឌិត ដើម្បីប្រកួតប្រជែងទីផ្សារអន្តរជាតិ។ នាឱកាសនោះដែរ លោក អ៊ួន ពេជ្រភីរម្យ នាយកបត្តិបត្តិក្រុមហ៊ុន ស៊ី.អាយ.ជី.ជេ.អេហ្វ. ខូអិលធីឌី បានបញ្ជាក់បន្ថែមថា នៅក្នុងពិព័រណ៍នេះ ក៏មានការដាក់ដេញថ្លៃម្កុដរបស់កម្មវិធីនារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិផងដែរ។
លោកនាយកប្រតិបត្តិបន្ថែមថា ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិលើកទី១៥ គ្រោងនឹងធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រចំនួន ៧អគារ ដែលគិតមកទល់ពេលនេះ មានស្តង់ចូលរួមប្រមាណ ៣០០ស្តង់ ស្មើនឹង ៧០ភាគរយ។ ស្តង់ទាំងនោះមកពីហុងកុង វៀតណាម ថៃ តួកគី អ៊ីតាលី មីយ៉ាន់ម៉ា និងសង្ហិបុរីជាដើម។ ក្រៅពីពិព័រណ៌គ្រឿងអលង្ការ និងត្បូងកម្ពុជា ក៏មានរៀបចំសិក្ខាសាលា, ការផ្គូរផ្គងអាជីវកម្ម, ការដើរម៉ូដ និងការចាប់រង្វាន់ពេជ្រជូនដល់ភ្ញៀវចូលរួមផងដែរ៕ អត្ថបទ៖ ឈឹម ទីណា