រុស្ស៊ី មានគម្រោងបញ្ជូនអវកាសយានិកទៅឋានព្រះចន្ទនៅទសវត្សរ៍ខាងមុខ
មូស្គូ៖ ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី តាស(TASS) បានរាយការណ៍ថា ប្រទេសរុស្ស៊ីគ្រោងនឹងបញ្ជូនអវកាសយានិកទៅចុះចតនៅលើឋានព្រះចន្ទក្នុងទសវត្សរ៍ក្រោយ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយមានបំណងសាងសង់មូលដ្ឋានស្រាវជ្រាវលើព្រះចន្ទចាប់ពីឆ្នាំ ២០៣១។
TASS រាយការណ៍កាលពីថ្ងៃពុធថា ផែនការព្រាងនៃគម្រោងនេះត្រូវបានបង្ហាញដោយលោក Vladimir Solovyov មកពីក្រុមហ៊ុន RKK Energia ដែលជាក្រុមហ៊ុនសាជីវកម្មរុស្ស៊ីទទួលខុសត្រូវលើការហោះហើរក្នុងលំហអាកាស។
លោក Solovyov បាននិយាយថា រុស្ស៊ីកំពុងរៀបចំផែនការបេសកកម្មមនុស្សទៅកាន់ឋានព្រះចន្ទ រួមទាំងការចុះចតលើឋានព្រះចន្ទរបស់ជនជាតិរុស្ស៊ីជាលើកដំបូង រួមជាមួយនឹងការកសាងមូលដ្ឋានស្រាវជ្រាវលើឋានព្រះចន្ទចន្លោះពីឆ្នាំ ២០៣១ ដល់ ២០៤០។ ផែនការព្រាង ក៏បានលើកឡើងពីការទាញយកធនធានរបស់ព្រះចន្ទផងដែរ។
គួររំឭកថា កាលពីខែសីហា បេសកកម្មនៅឋានព្រះចន្ទលើកដំបូងរបស់រុស្ស៊ី ដែលមិនធ្លាប់មានក្នុងរយៈពេល ៤៧ ឆ្នាំបានបរាជ័យ ពេលយានអវកាស Luna-25 គ្រប់គ្រងលែងបាន ហើយធ្លាក់ទៅលើឋានព្រះចន្ទ។
អវកាសយានិកអាមេរិក លោក Neil Armstrong ទទួលបានភាពល្បីល្បាញក្នុងឆ្នាំ ១៩៦៩ ដោយលោកក្លាយជាមនុស្សដំបូងគេដែលបានដើរលើឋានព្រះចន្ទ ប៉ុន្តែបេសកកម្ម Luna-2 របស់សហភាពសូវៀត គឺជាយានអវកាសដំបូងគេដែលបានទៅដល់ផ្ទៃព្រះចន្ទក្នុងឆ្នាំ ១៩៥៩។
លោក Yuri Gagarin ដែលជាអវកាសយានិកសូវៀត បានក្លាយជាមនុស្សដំបូងគេធ្វើដំណើរនៅក្នុងលំហអាកាសនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ១៩៦១ ប៉ុន្តែអវកាសយានិកសូវៀត មិនដែលធ្លាប់ជាន់ដីឋានព្រះចន្ទទេ៕ ប្រែសម្រួល៖ ហួន ឌីណា