សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធ នឹងដាក់ចេញផែនការសកម្មភាព សំដៅអនុវត្តកម្មវិធីទស្សនាសៀមរាបឆ្នាំ២០២៤ ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣
(សៀមរាប)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់កម្ពុជា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធ នឹងដាក់ចេញផែនការសកម្មភាព សំដៅអនុវត្តកម្មវិធី ទស្សនាសៀមរាបឆ្នាំ២០២៤ ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣ ។
ក្នុងឱកាសនេះ សម្ដេចធិបតី បានបញ្ជាក់អំពីការរៀបចំឡើងវិញ នូវក្រុមប្រឹក្សាទេសចរណ៍ ដែលមានការចូលរួមពី ស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីរៀបចំ និងដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ សំដៅអនុវត្តកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ ២០២៤» ឱ្យបានរួចរាល់នៅមុនដំណាច់ឆ្នាំ២០២៣ ដោយផ្តោតលើចំណុចសំខាន់ មានជាអាទិ៍៖ ការផ្សព្វផ្សាយ, ការតភ្ជាប់ជើងហោះហើររវាងតំបន់ទេសចរណ៍សំខាន់ៗ, ការកែសម្រួលនិងការផ្តល់សេវានៅពេលមកដល់,ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ, តម្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជារួម ក៏ដូចជាការកែលម្អបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពពីព្រលានយន្តហោះថ្មី មកកាន់ក្រុងសៀមរាប, ថ្លៃសំបុត្រចូលទស្សនារមណីយដ្ឋាននានា និងថ្លៃប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ជាដើម ។
សម្ដេចបន្តថា ទន្ទឹមនឹងនេះ, រាជរដ្ឋាភិបាលនឹងពង្រឹងការគ្រប់គ្រង និងការបណ្តុះបណ្តាលមគ្គទ្ទេសក៍ទេសចរណ៍, ការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញទេសចរណ៍, ការគ្រប់គ្រងបញ្ហាអនាម័យ, សន្តិសុខ និងសុវត្ថិភាព នៅតាមគោលដៅទេសចរណ៍សំខាន់ៗ,ការកំណត់ថ្លៃសមរម្យ, ការផ្សព្វផ្សាយនៅលើប្រព័ន្ធអ៊ីនធឺណិត ដែលប្រកបដោយភាពច្នៃប្រឌិត, និងការកាត់បន្ថយកម្រៃជើងសារ (Commissions) នៃកញ្ចប់ធ្វើដំណើរមកកម្ពុជា ជាដើម ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីគាំទ្រដល់កម្មវិធីពិសេសនេះ, រាជរដ្ឋាភិបាល ក៏នឹងដាក់ចេញនូវវិធានការគាំទ្រមួយចំនួន មានជាអាទិ៍៖ (១.) ការពង្រឹងបដិសណ្ឋារកិច្ចតាមច្រកទ្វារព្រំដែន ដែលសាកល្បងមុនគេនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ, (២.) ការពង្រីកវិសាលភាពបណ្ណព្រំដែន, (៣.) ការផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តសៀមរាប, (៤.) ការលើកទឹកចិត្តផ្នែកពន្ធដារ, (៥.)ការតភ្ជាប់ជើងហោះហើរដោយត្រង់ពីគោលដៅទេសចរណ៍ល្បីៗមកខេត្តសៀមរាប, និង (៦.) ការបញ្ចុះអត្រាថ្លៃលក់អគ្គិសនី ១៥% សម្រាប់បរិមាណអគ្គិសនីដែលប្រើលើសពីមធ្យមភាគ ចំពោះប្រតិបត្តិករក្នុងវិស័យទេសចរណ៍ ៕
ដោយ ៖ វណ្ណលុក