ក្រសួងកសិកម្ម និងអង្គការ ប្រកាសថ្កោលទោសជនល្មើសណាដែលប្រើឧបករណ៍នេសាទខុសច្បាប់ បណ្ដាលឱ្យផ្សោតស្លាប់
ភ្នំពេញ៖ សត្វផ្សោតវ័យជំទង់មួយក្បាលនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានស្លាប់ដោយសារឧបករណ៍នេសាទខុសច្បាប់។ក្នុងការបាត់បង់សត្វដែលកំពុងទទួលការការពារនិងអភិរក្សនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការអភិរក្សធនធានធម្មជាតិ បានប្រកាសថ្កោលទោសចំពោះជនល្មើសណាដែលប្រើឧបករណ៍នេសាទខុសច្បាប់ បណ្ដាលឱ្យសត្វផ្សោតស្លាប់។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣បានឱ្យដឹងថា សត្វផ្សោតវ័យជំទង់មានអាយុប្រមាណ៧ឆ្នាំ ទម្ងន់ ៦៥គីឡូ បានស្លាប់នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ បើតាមការធ្វើកោសល្យវិច័យរបស់មន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ(WWF )សន្និដ្ឋានថា សត្វផ្សោតនេះបានស្លាប់ដោយសារឧបករណ៍ឆក់ ព្រោះមានស្នាមជាំដុំៗនៅផ្នែកក្បាល និងដងខ្លួន។
អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានឱ្យដឹងនៅថ្ងៃ១៦ ខែវិច្ឆិកាថា ក្រោយពីបានទទួលដំណឹងនេះ ក្រសួងពិតជាមានការសោកស្តាយ ដែលសត្វផ្សោតវ័យជំទង់នេះ ត្រូវបានស្លាប់ដោយសារឧបករណ៍ឆក់ បើទោះបីជាបច្ចុប្បន្ននេះស្ថាប័នរដ្ឋ និងអង្គការដៃគូទាំងអស់ ខិតខំប្រឹងប្រែងក្នុងគោលដៅការពារ និងអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិក៏ដោយ។
កញ្ញាថ្លែងថា៖ «ក្រសួងកសិកម្ម ថ្កោលទោសចំពោះជនល្មើសទាំងឡាយដែលកំពុងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយមន្ដ្រីជំនាញនៃរដ្ឋបាលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីកំណត់មុខសញ្ញាជនល្មើស និងឈានទៅដល់ការបង្ក្រាប និងដាក់ទោសទណ្ឌដល់ជនល្មើស តាមច្បាប់ស្ដីពីជលផល»។
ជាមួយគ្នានេះ លោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF ក៏បានថ្លែងប្រាប់ថា ក្នុងនាមជាអ្នកអភិរក្ស លោកពិតជាមានអារម្មណ៍សោកស្ដាយខ្លាំងមែនទែន ចំពោះការបាត់បង់សត្វផ្សោតវ័យជំទង់មួយក្បាល ដោយសារការប្រើប្រាស់ឧបករណ៍ឆក់របស់ក្រុមជនល្មើស ជាពិសេសនៅក្នុងអំឡុងខែវិច្ឆិកា និងខែធ្នូខាងមុខនេះ ជាខែដែលត្រីឡើងពីទន្លេសាបទៅទន្លេមេគង្គ។ លោកបន្តថា ហេតុនេះ អ្នកនេសាទ នឹងនាំគ្នាចូលទៅធ្វើការនេសាទត្រី នៅក្នុងតំបន់ ឫក្បែរតំបន់ដែលផ្សោតកំពុងរស់នៅ។ លោកថ្លែងថា៖ «ជាការបារម្ភរបស់យើង គឺទៅលើការប្រើប្រាស់ឧបករណ៍ខុសច្បាប់នៅក្នុងតំបន់ផ្សោតរស់នៅ ហើយខ្ញុំជឿថាអាជ្ញាធរមានសមត្ថកិច្ច នឹងនៅតែបន្តការងារល្បាតជាប្រចាំ ទោះបីគាត់បានធ្វើច្រើនក៏ពិតមែន ប៉ុន្តែឧបករណ៍នេសាទប្រើប្រាស់ខុសច្បាប់នៅតែមានជនល្មើសប្រើ ដើម្បីលួចចូលតំបន់ដែលផ្សោតរស់នៅ»។
បើតាម លោក សេង ទៀក ទន្ទឹមនឹងការបារម្ភនេះ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្រុមអ្នកនេសាទដែលប្រើប្រាស់ឧបករណ៍នេសាទដែលមានការហាមឃាត់ដោយច្បាប់ គឺចាំបាច់គួរតែបោះបង់ឧបករណ៍នេសាទទាំងនោះចោល ដើម្បីកុំឱ្យប៉ះពាល់សត្វដែលជាសម្បត្តិបេតិកភណ្ឌមានជីវិតរបស់កម្ពុជា។ លោកបន្ថែមថា ការចូលរួមថែរក្សាសត្វផ្សោតនេះ ដើម្បីធ្វើឱ្យអ្នកជំនាន់ក្រោយបានស្គាល់ បានឃើញ ពីព្រោះការថែរក្សាសត្វផ្សោតឱ្យបានគង់វង្ស មិនមែនជារឿងខាតបង់នោះទេ។ ប៉ុន្តែផ្ទុយទៅវិញវាបានផ្តល់តម្លៃឱ្យមនុស្សលើផ្នែកសេដ្ឋកិច្ច តាមរយៈការចូលមកទស្សនារបស់ភ្ញៀវទេសចរណ៍ក្នុងតំបន់ដែលផ្សោតរស់នៅថែមទៀតផង។
សូមបញ្ជាក់ថា គិតត្រឹមខខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីសរុបចំនួន ៨ក្បាល ខណៈដែលមានផ្សោតស្លាប់ចំនួន ៥ក្បាល ក្នុងនោះកូនផ្សោតស្លាប់ ២ក្បាល ជំទង់ ២ក្បាល និងស្លាប់ដោយចាស់ជរា ១ក្បាល។ ដូច្នេះបើប្រៀបធៀបទៅនឹងឆ្នាំ២០២២ កម្ពុជាទទួលបានកូនផ្សោតកើតចំនួន ៦ក្បាល ខណៈដែលមានផ្សោតស្លាប់ចំនួន ១១ក្បាល៕ ដោយ៖ ជា សុខនី