រដ្ឋបាលជលផលប្រកាសផ្តល់រង្វាន់ស្វែងរកអ្នកប្រើឧបករណ៍ឆក់ត្រីផ្សោត (Video Inside)

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម បានប្រកាសផ្តល់រង្វាន់ដល់អ្នកណា ដែលជូនដំណឹង រកឃើញអ្នកប្រើឧបករណ៍ឆក់ ដែលសម្លាប់ត្រីផ្សោតឈ្មោលមួយក្បាល អាយុប្រមាណ ៧ឆ្នាំ នៅក្នុងខេត្តស្ទឹងត្រែង។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា សត្វត្រីផ្សោតឈ្មោលនោះមានប្រវែង ១ម៉ែត្រ៩៤, ទម្ងន់ ៦៥គីឡូក្រាម ដែលគេប្រទះឃើញ ស្លាប់កាលពីថ្ងៃទី១៥វិច្ឆិកា នៅភូមិកោះជ្រើម ឃុំអូរម្រះ នៃស្រុកសៀមបូក។ ការស្លាប់របស់សត្វត្រីផ្សោតនេះ ត្រូវគេរកឃើញថាដោយអំពើឆក់ គ្រាដែលការធ្វើកោសល្យវិច័យ បានប្រទះឃើញមានស្នាមជាំដុំៗ នៅផ្នែកក្បាល និងដងខ្លួន។

រដ្ឋបាលជលផលបានថ្លែងថា គេនឹងស្វែងរកអ្នកប្រព្រឹត្តបទល្មើសនេះ ដើម្បីធ្វើការដាក់ទោសយោងតាមច្បាប់ស្តីពីជលផល។ រដ្ឋបាលជលផល នៅជាមួយគ្នានេះ បានអំពាវនាវដល់ប្រជានេសាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមផ្ដល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍ឆក់ ក្នុងពេលនេសាទត្រី និងបានសន្យាផ្តល់ជូននូវរង្វាន់ លើកទឹកចិត្តថែមទៀត។

យោងតាមរដ្ឋបាលជលផល, នៅក្នុងឆ្នាំ២០២៣នេះ ត្រីផ្សោតបានកើតកូនចំនួន ៨ក្បាល និងស្លាប់វិញ ៥ក្បាល ក្នុងនោះរួមមានកូនត្រីផ្សោត ២ក្បាល និងត្រីផ្សោតជំទង់ ២ក្បាល និងមួយក្បាលទៀត បានស្លាប់ដោយសារអាយុចាស់។

ads banner