អ្នកសារព័ត៌មាន ៤៣នាក់ សារភាពសុំលុយពីក្រុមហ៊ុនកាស៊ីណូ (Video Inside)

យ៉ាងហោចមានអ្នកសារព័ត៌ក្នុងស្រុកមាន ៤៣រូប បានសារភាពប្រាប់ក្រសួងព័ត៌មាន ពាក់ព័ន្ធនឹងការយកលុយពីក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន បន្ទាប់ពីក្រសួងបានព្រមានចាត់វិធានការ។

ក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន បានផ្សាយមុននេះនិយាយថាមានអ្នកសារព័ត៌មាន មកពីអង្គភាពប្រមាណ ៧០០ ទៅ៩០០ អង្គភាពបានមកសុំលុយពីក្រុមហ៊ុនរបស់ខ្លួន។ ការដើរទារលុយ ឬស្មុំលុយពីក្រុមហ៊ុនឯកជន ដោយក្រុមសារព័ត៌មាន ត្រូវគេចាត់ទុកថាជាអំពើខុសនឹងក្រមសីលធម៌ ឬអាចប៉ះពាល់នឹងផ្លូវច្បាប់ថែមទៀត។

ក្រសួងព័ត៌មានបានថ្លែងថា ក្រោយការព្រមានចាត់វិធានការតាមផ្លូវច្បាប់នោះមក ក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន បានផ្តល់បញ្ជីឈ្មោះបុគ្គលចំនួន ៨២៨រូប ដែលបានមកសុំលុយពីក្រុមហ៊ុនកាស៊ីណូនោះ។

ក្រសួងព័ត៌មានបានថ្លែងថា ចំនួនតួលេខដែលក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន បានផ្សព្វផ្សាយកន្លងមកនេះ មិនមែនជាចំនួនអង្គភាពសារព័ត៌មានទេ តែជាចំនួនបុគ្គលដែលបានអះអាងខ្លួនថា ពួកគេជាអ្នកសារព័ត៌មាន។

បញ្ជីឈ្មោះបុគ្គលទាំង ៨២៨រូបនោះ ត្រូវក្រសួងព័ត៌មាន កំពុងធ្វើការពិនិត្យផ្ទៀងផ្ទាត់ ដើម្បីកំណត់អត្តសញ្ញាណពិតប្រាកដ អំពីចំនួនអង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជី និងមិនចុះបញ្ជីនៅក្រសួងព័ត៌មាន ដើម្បីមានវិធានការជាបន្តតាមផ្លូវច្បាប់។

ads banner