មនុស្សបួននាក់បាញ់បោះអនាធិបតេយ្យបញ្ជូនទៅតុលាការ (Video Inside)

មនុស្ស៤នាក់ ពាក់ព័ន្ធការបាញ់បោះអនាធិបតេយ្យ ក្នុងពេលធ្វើពិធីបុណ្យខួបកំណើត ក្នុងគេហស្ថានមួយ លើខ្នងភ្នំគីរីរម្យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការនៅថ្ងៃនេះ។

មនុស្សទាំង៤រូបនោះ រួមមាន៖ ទី១៖ ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ អាយុ៣៧ឆ្នាំ, ទី២៖ឈ្មោះ ប៊ិន ភារម្យ អាយុ៤០ឆ្នាំ, ទី៣៖ឈ្មោះ ប៊ិន ភាលុច អាយុ៣៤ឆ្នាំ និងទី៤៖ឈ្មោះ ឈិត លីហៀង អាយុ៣២ឆ្នាំ។ អ្នកទាំងបួននាក់នេះ បានចូលមកសារភាព នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណែកបុរសឈ្មោះ កង តារាវិឆៃ អាយុ៣២ឆ្នាំ និងបក្ខពួកកំពុងគេចខ្លួន។

មនុស្សទាំង៤ ដែលបានមកសារភាពជាមួយនឹងកាំភ្លើងបីដើមនោះ បាននិយាយថា ពួកគេបានបាញ់ប្រមាណតែជិត ៣០គ្រាប់ប៉ុណ្ណោះ ប៉ុន្តែក្នុងទីកន្លែងកើតហេតុនោះ គេបានរកឃើញមានសំបកគ្រាប់ច្រើនដល់ ២០០គ្រាប់ក្នុងនោះ រួមមានសំបកគ្រាប់នៃកាំភ្លើងខ្លី និងកាំភ្លើងវែងផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងសប្តាហ៍នេះថា អ្នកពាក់ព័ន្ធក្នុងអំពើបាញ់អនាធិបតេយ្យនេះ ត្រូវតែបណ្តេញចេញពីអង្គភាព។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថាគេបានសម្រេចចោទប្រកាន់មនុស្ស៤នាក់ ដែលពាក់ព័ន្ធករណីបាញ់បោះសេរី នៅផ្ទះលំហែលើភ្នំគិរីរម្យ ពីបទ «ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសែវគ្មានការអនុញ្ញាត» យោងតាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទះ និងគ្រាប់រំសេវ។

ads banner