កម្ពុជា ឥណ្ឌា ជំរុញការទាក់ទាញភ្ញៀវទេសចរពីឥណ្ឌា ដែលជាទីផ្សារមួយ ដ៏ធំ និងមានសក្តានុពលខ្ពស់ សម្រាប់ទីផ្សារទេសចរណ៍កម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ រវាង ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ភាគីទាំងពីរ បានពិភាក្សា អំពីយុទ្ធសាស្ត្រក្នុងការទាក់ទាញភ្ញៀវទេសចរពីឥណ្ឌា ដែលជាទីផ្សារមួយដ៏ធំ និងមានសក្តានុពលខ្ពស់ សម្រាប់ទីផ្សារទេសចរណ៍កម្ពុជា តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ សម្រាប់ទាក់ទាញទេសចរឥណ្ឌា ឱ្យមកទស្សនកិច្ចកម្ពុជាកាន់តែច្រើន។

ជាមួយគ្នានេះភាគីទាំងពីរ ក៏បានគិតគូពីការទាក់ទាញការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការផ្លាស់ប្តូរគំនិតយោបល់មួយចំនួនពាក់ព័ន្ធនឹងការវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរផងដែរ ។

ក្នុងជំនួបនេះដែរ លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងថា ឥណ្ឌាចង់ចែករំលែកចំណេះដឹង និងបទពិសោធ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ សម្រាប់បម្រើឱ្យសេវាសាធារណៈ ដែលកំពុងប្រើប្រាស់ក្នុងប្រទេសឥណ្ឌា ដល់កម្ពុជា ដូចជាពាក់ព័ន្ធនឹងការធ្វើអត្តសញ្ញាណកម្ម និងប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុជាដើម។

លោកជំទាវ បន្តថា តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ឥណ្ឌានឹងផ្តល់ការបណ្តុះបណ្តាលជំនាញដើម្បីកសាងសមត្ថភាពដល់មន្ត្រី តាមបណ្តាប្រទេសមួយចំនួន ដែលក្នុងនោះ ស្ថាប័នមុខងារសាធារណៈរបស់ឥណ្ឌាកំពុងរៀបចំចុះ MoU ជាមួយក្រសួងមុខងារសាធារណៈ របស់កម្ពុជា ដើម្បីចូលរួមចំណែកកសាងសមត្ថភាពដល់មន្រ្តីរាជការកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានស្វាគមន៍ចំពោះបំណងចែករំលែកចំណេះដឹង និងបទពិសោធ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈរបស់ឥណ្ឌា ព្រោះបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងជំរុញការធ្វើបរិវត្តកម្មឌីជីថល សំដៅកសាងរដ្ឋាភិបាលឌីជីថល ស្របតាម ក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្រ្តដែលបានដាក់ចេញនាពេលកន្លងមក។

ឯកឧត្តមក៏បានស្នើដល់ភាគីឥណ្ឌាពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា លើការបណ្តុះបណ្តាលនិងកសាងសមត្ថភាពមន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័នលើគ្រប់វិស័យ ដោយក្នុងនោះ ទីស្តីការគណៈរដ្ឋមន្ត្រីបានស្នើឱ្យមានការពិនិត្យលើលទ្ធភាពលើកកម្ពស់សមត្ថភាពមន្ត្រីរាជការ ក្នុងវិស័យរដ្ឋបាលសាធារណៈ ការតាក់តែង និងការពិនិត្យច្បាប់ ជាពិសេសការពិនិត្យលើផលប៉ះពាល់នៃបទដ្ឋានគតិយុត្តិ ដើម្បីគាំទ្រដល់ការកែទម្រង់ប្រព័ន្ធច្បាប់ ព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាដើម ៕

ប្រភព ៖ ទីស្តីការគណៈរដ្ឋមន្រ្តី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner