ការប្រកួតជើងឯកកីឡាវាយសីថ្នាក់ជាតិនឹងក្លាយជាផ្នែកមួយដ៏សំខាន់ផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនី តាមបណ្ដាក្លិប បានបង្ហាញសមត្ថភាព ទេពកោសល្យរបស់ខ្លួន
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ កីឡាវាយសីជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាវាយសីកម្ពុជា ក្រោមការឧបត្ថម្ភថវិកា ពីក្រសួងអប់រំយុវជននិងកីឡា ចាប់ដំណើរការប្រកួតហើយនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិ ដោយមានប្រតិភូដឹកនាំ និងកីឡាករ-កីឡាការិនី ចូលរួមច្រើនជាងឆ្នាំមុនៗ សរុបប្រមាណ ២១២នាក់ចូលរួមប្រកួតប្រជែង ។
ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ព្រឹត្តិការ វាយសី ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នេះ ធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះមានប្រតិភូ និងកីឡាករ-កីឡាការិនីសរុបចំនួន ២១២នាក់ មកពី ១៦ក្លិបទូទាំងប្រទេសចូលរួម បើប្រៀបធៀបទៅនឹងការប្រកួតឆ្នាំមុនៗមានការកើនឡើងច្រើន គួរឲ្យកត់សម្គាល់ ដែលនេះបានបង្ហាញពីភាពរីកចម្រើន ក្នុងវិស័យកីឡាវាយសីកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម លី កុសល ជាប្រធានសហព័ន្ធ ដែលលោក តែងតែ គិតគូរ យកចិត្តទុកដាក់ជំរុញគាំទ្រ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនី គ្រូបង្វឹក តាមបណ្ដាក្លិប ក៏ដូចជាក្រុមជម្រើសជាតិ និង មន្ដ្រីរបស់សហព័ន្ធផងដែរ ដែលជម្រុញឲ្យចលនាកីឡាវាយសីនៅកម្ពុជា មានភាពសកម្មផុលផុស និង លើកកម្ពស់សមត្ថភាពអត្តពលិកឈានទៅ រកជំនាញកម្រឹតខ្ពស់ ។
អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងដែរថា ចំពោះវិញ្ញាសាប្រកួត សហព័ន្ធបានកំណត់ វិញ្ញាសាចំនួន ៧ សម្រាប់ដាក់ឲ្យធ្វើការប្រកួត ក្នុងនោះមានវិញ្ញាសាឯកត្ដជនបុរស អាយុ ១៩ឆ្នាំឡើង, អាយុក្រោម ១៨ឆ្នាំ និងនារីអាយុក្រោម ១៨ឆ្នាំ ។ វិញ្ញាសាវាយគូបុរសអាយុ ១៩ឆ្នាំឡើង, អាយុក្រោម ១៨ឆ្នាំ នារីអាយុ ១៩ឆ្នាំឡើង និង វិញ្ញាសាវាយគូចម្រុះបុរស-នារី មិនគិតអាយុ ។
ការប្រកួតជើងឯកថ្នាក់ជាតិនេះ សហព័ន្ធរំពឹងថា នឹងក្លាយជាផ្នែកមួយដ៏សំខាន់ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនី តាមបណ្ដាក្លិបសមាជិកទាំងអស់ បានចូលរួម និងបង្ហាញសមត្ថភាព ទេពកោសល្យរបស់ខ្លួន ក៏ដូចជាបង្កើនគុណភាពឲ្យកាន់តែរីកចម្រើន ។
សូមជម្រាបជូនថា ព្រឹត្តិការបែបនេះ សហព័ន្ធកីឡាវាយសីកម្ពុជា បានរៀបចំឡើង ជារៀងរាល់ឆ្នាំ ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា ហើយតាម រយៈការប្រកួតនេះ គណៈកម្មការរៀបចំ នឹងរកឃើញ កីឡាករកីឡាករកីឡាការិនីឆ្នើមៗ ដែលមានសិទ្ធិផលខ្ពស់ពីបណ្តាលក្លិប ដើម្បីយក មកបំប៉នហ្វឹកហាត់ ចូលក្នុងក្រុមជំរើសជាតិ សម្រាប់ ចេញប្រកួតប្រជែងនៅថ្នាក់អន្ដរជាតិ ៕
អត្ថបទ ៖ ជាវ ចន្ធូ