ឯកឧត្តម នេត្រ ភក្រ្តា៖ វេទិកាជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន គឺជាឱកាសមួយដើម្បីពិភាក្សាគ្នាឱ្យបានស៊ីជម្រៅ ពីគោលគំនិតថ្មី នៃកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ
(ភ្នំពេញ) ឯកឧតម រដ្ឋមន្រ្តី នេត្រ ភក្រ្តា លើកឡើងថា វេទិកាជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន គឺជាឱកាសមួយដ៏កម្រមួយ ហើយក៏ ជាវេទិកាមួយដ៏សំខាន់ ដែលយើងគួរតែប្រើប្រាស់ឱកាស និងវេទិកានេះឱ្យបានពេញលេញ ដើម្បីពិភាក្សា គ្នាឱ្យបានស៊ីជម្រៅអំពីស្ថានភាពបច្ចុប្បន្ន និងទៅអនាគត លើការផ្លាស់ប្តូរបទពិសោធន៍ និងបញ្ហាប្រឈម នានា ក្នុងគោលបំណងស្វែងរកកាលានុវត្តភាព និងគោលគំនិតថ្មី នៃកិច្ចសហប្រតិបត្តិការប្រព័ន្ធ ផ្សព្វផ្សាយ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និងវេទិកាផ្លាស់ប្ដូរវប្បធម៌ កម្ពុជា-ចិនលើកទី៣ ដែលរៀបចំឡើងដោយវិទ្យុមិត្តភាពកម្ពុជា-ចិន និងក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសណ្ឋាគារសុខាភ្នំពេញ ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគួសបញ្ជាក់ បន្ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ពិតជាមោទនភាពណាស់នៅពេលដែលកិច្ច សហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៃប្រទេសទាំងពីរ មានភាពស៊ីជំរៅ និងកាន់តែរឹងមាំ ចាប់តាំងពីឆ្នាំ២០០៨មក អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានសហការគ្នាផ្សាយវិទ្យុមិត្តភាជាកម្ពុជា-ចិន នូវព័ត៌មានថ្មីៗ ពីប្រទេសចិន និង កម្ពុជា ជាពិសេសក្នុងកំឡុងពេលនៃការផ្ទុះរាលដាលជំងឺកូដៃ-១៩. ភាគីទាំងពីរបានសហការយ៉ាងល្អក្នុងការផ្សព្វផ្សាយលើការប្រយុទ្ធ ប្រឆាំងជំងឺកូដ-១៩។
ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា ប្រទេសកម្ពុជា និងប្រទេសចិន គឺជាមិត្តពិតប្រាកដ និងជួយគ្នាក្នុងគ្រាលំបាក។ ប្រទេសយើងទាំង២ គឺជាបងប្អូនល្អ ដែលតែងតែផ្តល់នូវជំនឿជឿជាក់គ្នាទៅវិញទៅមកជានិច្ច។ ឆ្នាំនេះ គឺជាខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជា-ចិន និងជាឆ្នាំមិត្តភាពកម្ពុជា-ចិន ហើយក៏ជាខួបគម្រប់១០ឆ្នាំនៃការ ដាក់ចេញនូវ «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ផងដែរ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានរំលេចផងដែរថា ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» បានជំរុញបន្ថែមទៀតនូវការអនុវត្ត កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស៊ីជំរៅរវាងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ ដែលជាកម្លាំងច លករដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងបង្កើតរូបភាព ដើម្បីគ្រប់គ្រងសាធារណៈមតិប្រកបដោយ ប្រសិទ្ធភាព។
ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងថា ឆ្នាំ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន បានត្រៀមខិតចូលមកដល់ហើយ។ ការរៀបចំវេទិកាជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និង វេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន លើកទី៣ គឺចំពេលល្អណាស់។ ការអភិវឌ្ឍទំនាក់ទំនងប្រទេសនិងប្រទេស ត្រូវពឹងផ្អែកលើការយល់ចិត្តយល់គំនិតគ្នារបស់ប្រជាជន។ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ គឺជាធាតុផ្សំសំខាន់នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរមានញឹកញាប់ ទទួលបានលទ្ធផលលេចធ្លោ និងបានក្លាយជាអ្នកចូលរួមដ៏សំខាន់ និងអ្នកជំរុញដ៏វិជ្ជមាននូវកិច្ចសហប្រតិបត្តិការផ្ដល់ប្រយោជន៍ឱ្យគ្នាលើគ្រប់វិស័យទាំងអស់រវាងកម្ពុជានិងចិន។
ឯកឧត្ដម Hu Jinjun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានមានប្រសាសន៍ថា នៅក្នុងវេទិកាកំពូល”ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានគ្រោងផែនទីបង្ហាញផ្លូវសម្រាប់”ការប្រកៀកស្មាគ្នាឆ្ពោះទៅទសវត្សមាសខាងមុខ” និងបាននាំមកនូវបេសកកម្មថ្មី ចក្ខុវិស័យថ្មី កាលានុវត្តភាពថ្មី សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យថ្មី។
ឯកឧត្ដមបានបន្តថា ប្រជាជននៃប្រទេសទាំងពីរកម្ពុជាចិនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ រួមជោគវាសនាជាមួយគ្នា ស្វែងរកជីវិតស្រស់បំព្រង ការសម្រេចបាននូវទំនើបកម្មគឺជាគោលដៅតស៊ូរួមនៃប្រជាជននៃប្រទេសទាំងពីរ។ នៅលើមាគ៌ាស្វែងរកទំនើបកម្ម ប្រព័ន្ធផ្សព្វផ្សាយទទួលបន្ទុកបេសកកម្មដ៏ពិសេសនិងសំខាន់។
ឯកឧត្ដមក៏បានលើកឡើងផងដែរថា ពួកយើងមានឆន្ទ:សហការជាមួយប្រព័ន្ធផ្សព្វផ្សាយកម្ពុជា កត់ត្រាយ៉ាងរស់រវើកអំពីការអនុវត្តកិច្ចសហប្រតិបត្តិការ”ត្បូងពេជ្រ”រវាងកម្ពុជានិងចិន និងរួមគ្នាកសាង”ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រីនិងស្រូវ” ជំរុញការផ្លាស់ប្ដូរវប្បធម៌លើវិស័យជាច្រើននៃប្រទេសទាំងពីរ ដើម្បីផ្ដល់ផលប្រយោជន៍កាន់តែល្អប្រសើរដល់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងជួយជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិន ៕
អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា