EU បង្កើនការផ្ដល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា សិក្សាលើជំនាញអគ្គិសនី
(ភ្នំពេញ)៖ សហភាពអឺរ៉ុប (EU) តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិឌ្ឍន៍ (AFD) បានបង្កើនការផ្ដល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ដល់និស្សិតកម្ពុជា សិក្សាលើជំនាញអគ្គិសនី នៅប្រទេសបារាំង ដើម្បីចូលរួមធ្វើទំនើបកម្មផ្នែកអគ្គិសនីនៅកម្ពុជា បន្ទាប់ពីការផ្ដល់អាហារូបករណ៍នេះ មានការថយចុះច្រើន កាលពីអំឡុងនៃការឆ្លងរាលដាលខ្លាំង នៃជំងឺកូវីដ-១៩ ។
ក្នុងពិធីប្រគល់អាហារូបករណ៍ដល់និស្សិតថ្នាក់អនុបណ្ឌិត និងបណ្ឌិត ផ្នែកអគ្គិសនីក្នុងក្របខណ្ឌជំនួយឥណទានពីសហភាពអឺរ៉ុប តាមរយៈ AFD នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា មានប្រសាសន៍ថា EU បានផ្ដល់នូវកម្ចីឥណទានដល់កម្ពុជា សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឈានទៅធ្វើទំនើបកម្ម នៃប្រព័ន្ធអគ្គិសនី ហើយកម្ពុជាក៏ត្រូវការធនធានមនុស្ស មកបម្រើដល់វិស័យមួយនេះ ។
ឯកឧត្តមបានបន្តថា កម្ពុជាបានដាក់គោលដៅ នៅឆ្នាំ២០៥០ កុំឲ្យមានការសាយភាយកាបោន ដូចនេះត្រូវតែបញ្ចូលបង្កើនជាអតិបរិមា នូវថាមពលស្អាតកកើតឡើងវិញ ហើយត្រូវការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលបញ្ហានេះ យើងត្រូវរៀនសូត្រពីប្រទេសអភិវឌ្ឍន៍ ដើម្បីដំណើរការឲ្យបានត្រឹមត្រូវ បានល្អ និងកុំឲ្យតម្លៃអគ្គិសនីឡើងខ្ពស់ ខណៈនិស្សិតដែលទទួលបានអាហារូបករណ៍ ទៅសិក្សានៅបារាំង ក្នុងឆ្នាំ២០២៣នេះ ត្រូវសិក្សាលើជំនាញគ្រប់គ្រងថាមពល ។
សម្រាប់សិស្សនិស្សិត ទទួលបានអាហារូបករណ៍សិក្សាជំនាញអគ្គិសនីនេះ បានឲ្យដឹងថា ប្រទេសបារាំង គឺជាប្រទេសអភិវឌ្ឍន៍មួយ ហើយវិស័យអគ្គិសនីក៏មានការរីកចម្រើនខ្លាំង ដូចនេះពួកគេនឹងខិតខំ ដកស្រង់នូវចំណេះដឹង និងបទពិសោធន៍ពីប្រទេសបារាំង មកចូលរួមអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា ក៏ដើម្បីឆ្លើយតបនឹងការឧបត្ថម្ភ និងគាំទ្រ ពីម្ចាស់ជំនួយ និងរាជរដ្ឋាភិបាល ។ នៅឆ្នាំ២០២៣នេះ មាននិស្សិតចំនួន ៤៨នាក់ បានដាក់ពាក្យសូមអាហារូបករណ៍ ហើយត្រូវបានវាយតម្លៃ ដោយគណៈកម្មការមកពីស្ថាប័នពាក់ព័ន្ធ ដែលជាលទ្ធផលត្រូវបានជ្រើសរើសថ្នាក់អនុបណ្ឌិត ១២នាក់ និងថ្នាក់បណ្ឌិតចំនួន ២នាក់ និងបម្រុង ១នាក់ ត្រូវបានអនុញ្ញាតឲ្យសិក្សាបំប៉នបន្ថែមនៅប្រទេសបារាំង ។
គួរបញ្ជាក់ថា អគ្គិសនីកម្ពុជា បានទទួលភារកិច្ចជាអាទិភាព ពីរាជរដ្ឋាភិបាល ក្នុងការអនុវត្តគម្រោងធ្វើទំនើបកម្ម លើប្រព័ន្ធបណ្ដាញបញ្ជូន និងចែកចាយអគ្គិសនី ក្នុងក្របខណ្ឌឥណទានចំនួន ៤,១លានអឺរ៉ូ ពីEU ហើយចំពោះការផ្ដល់អាហារូបករណ៍ដល់និស្សិតថ្នាក់អនុបណ្ឌិត និងបណ្ឌិត ទៅសិក្សានៅប្រទេសបារាំងនេះ ក៏ជាកម្មវិធីមួយ ក្នុងគម្រោងរបស់ថវិកានេះផងដែរ ៕
ដោយ-រ៉ាវុធ