ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ វិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុជាធនធានកម្រ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងដើម្បីធ្វើយ៉ាងណាឱ្យការប្រើប្រាស់ មានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ផ្តល់ចំណូលជាតិ
(សៀមរាប) ៖ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត វិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុជាធនធានកម្ររបស់ជាតិមួយដែលត្រូវមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងដើម្បីធ្វើយ៉ាងណាឱ្យការប្រើប្រាស់ធនធានកម្រមួយនេះមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ផ្តល់ចំណូលជាតិ និងចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាអតិបរមា ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ធនធានកម្ររបស់ជាតិនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដែលគាំទ្រយ៉ាងសកម្មដល់ការធ្វើបរិវត្តកម្មឌីជីថល តាមរយៈការប្រើប្រាស់ធនធានដ៏មានសារៈសំខាន់នេះក្នុងការពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាទូរសព្ទ និងអ៊ីនធឺណិតល្បឿនលឿន គាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជាយន្តការសំខាន់ក្នុងការធ្វើបរិវត្តកម្មឌីជីថលនៃក្នុងព្រះរាជាណាចក្រកម្ពុជា ។
ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើកឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្នុងឱកាសអញ្ជើញជាអធិបតីបិទសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពី ការរៀបចំ ការគ្រប់គ្រង និងការបែងចែកវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ។
សិក្ខាសាលានេះរៀបចំឡើងដោយអគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុនៃ សហការជាមួយក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលអនុក្រឹត្យនេះ មានគោលដៅកំណត់អំពីគោលការណ៍ វិធាន និងសមត្ថកិច្ចនៃការគ្រប់គ្រងវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ និងបន្ទារហ្វ្រេកង់ស៍វិទ្យុសម្រាប់ផ្កាយរណប និងគន្លងផ្កាយរណប ក្នុងគោលបំណងរៀបចំ បែងចែក និងប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុឱ្យមានប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព ដើម្បីពង្រឹងការគ្រប់គ្របនិងការប្រើប្រាស់ធនធានកម្ររបស់ជាតិ ការចូលរួមប្រកួតប្រជែងដោយស្មោះត្រង់និងស្របច្បាប់ និងការរួមចំណែកដល់ការកៀរគរចំណូលជាតិ ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ដើម្បីជំរុញការអនុវត្តអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាព ទាមទារឱ្យមន្ត្រីរបស់ក្រសួងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលពាក់ព័ន្ធទាំងអស់យល់ច្បាស់ពីខ្លឹមសារសំខាន់ៗនៃអនុក្រឹត្យនេះ ។ ឯកឧត្តមរដ្ឋមន្ត្រី មានសង្ឈឹមថាគ្រប់តួអង្គពាក់ព័ន្ធបានយល់ក្នុងរូបភាពតែមួយអំពីខ្លឹមសារអនុក្រឹត្យ ងាយស្រួលត្រៀមខ្លួនចូលរួមអនុវត្តន៍និងសហការ អនុវត្តទទួលបានប្រសិទ្ធភាពខ្ពស់ជាអតិបរមា ៕
ដោយ ង៉ាន់ ទិត្យ