ខេត្តភាគឦសានចំនួន ៤បន្ថែមទៀត ចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រសួងបរិស្ថានដើម្បីចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

(ខេត្តក្រចេះ)៖ ក្រសួងបរិស្ថានបានចុះអនុស្សារណៈ នៃការយោគយល់គ្នាជាមួយរដ្ឋបាលខេត្តចំនួន ៤បន្ថែមទៀតនៅតំបន់ភាគឦសានក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក»។

ពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នា(MOU)នេះបានធ្វើឡើងក្នុងពិធីបើក មហាស្រពសិល្បៈបុណ្យភូមិមានជើង រួមគ្នាដើម្បីទិវាកុមារពិភពលោក,យុទ្ធនាការ”កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក”ក្រោមប្រធានបទ”ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” នាព្រឹកថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅសាលមហាស្រព ខេត្តក្រចេះ ។ សម្រាប់ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តចំនួន៤នេះរួមមាន ៖ រដ្ឋបាលខេត្តក្រចេះ, រដ្ឋបាលខេត្តស្ទឹងត្រែង, រដ្ឋបាលខេត្តរតនគិរី, និងរដ្ឋបាលខេត្តមណ្ឌលគិរី ។

គួរបញ្ជាក់ថា កន្លងមក ក្រសួងបរិស្ថានបានចុះអនុស្សារណៈនៃការយោគយល់គ្នាចំនួន ៣ខេត្ត និង ១ស្ថាប័ន រួចមកហើយមាន ខេត្តកំពង់ឆ្នាំង កណ្តាល ពោធិ៍សាត់ និងកាកបាទក្រហមកម្ពុជា ។

លោក ជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ពិធីចុះអនុស្សារណៈ រវាងរដ្ឋលបាលខេត្តទាំង៤នេះ គឺជាផ្នែកមួយយ៉ាងសំខាន់បន្ថែមទៀតក្នុងការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកនិងស្មារតីនៃពិធីចុះអនុស្សារណៈនេះក៏នឹងជួយដល់ការផ្សព្វផ្សាយដល់ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីមូលដ្ឋាន និងសាធារណៈជនក្នុងការចូលរួមកាត់បន្ថយប្លាស្ទិកក្នុងប្រទេសកម្ពុជាសំដៅធ្វើយ៉ាងណានៅថ្ងៃខាងមុខប្រទេសកម្ពុជា លែងមានប្លាស្ទិក ជួយដល់បរិស្ថានស្អាត ជួយឱ្យកុមារមានសុខភាពល្អ និងពិសេសជួយក្នុងការទាក់ទាញវិស័យទេសចរណ៍បន្ថែមទៀត ។

លោកជំទាវ រដ្ឋលេខាធិការ បានលើកឡើងថា៖ ឆ្លើយតបនឹងកំណើនខ្លាំងនៃការប្រើប្រាស់សម្ភារប្លាស្ទិក ពិសេសថង់ប្លាស្ទិក ក៏ដូចជាដោះស្រាយបញ្ហាបំពុលដោយប្លាស្ទិក នាពេលកន្លងមកនេះ ក្រសួងបរិស្ថាន ដោយមានកិច្ចសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធបានដាក់ចេញវិធានការនានាដូចជា៖ វិធានការរឹតបន្តឹងលើការនាំចូល, ការផលិត និងការប្រើប្រាស់ថង់ប្លាស្ទិក, តាមរយៈការកំណត់ទំហំនិងកម្រាស់ក្នុងលក្ខខណ្ឌអនុញ្ញាត ការបង្កើនអាករ ពិសេសលើការនាំចូលផលិតផលនិងសម្ភារៈប្លាស្ទិកពី ៧ភាគរយ ទៅ ១០ភាគរយ និងការគិតកម្រៃបន្ថែម (៤០០រៀល ក្នុង១ថង់) ចំពោះការផ្តល់ថង់ប្លាស្ទិកមានដៃយួរដល់អតិថិជននៅតាមផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម រួមជាមួយនឹងវិធានការលើកទឹកចិត្ត ការអប់រំផ្សព្វផ្សាយនានា ក្នុងគោលបំណងឱ្យមានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ។

គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាកន្លងមកបានវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ« ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទៅដល់សហគមន៍ និងមូលដ្ឋានរស់នៅ។ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកថា យុទ្ធនាការនេះ បាននិងកំពុងដោះស្រាយបញ្ហាប្លាស្ទិកយ៉ាងសំខាន់នៅកម្ពុជា ហើយនឹងជួយឲ្យកម្ពុជាស្អាត នាពេលដ៏ខ្លីខាងមុខនេះ ។

ក្រសួងបរិស្ថានបានឱ្យដឹងដែរថា គិតចាប់ពីថ្ងៃទី១កញ្ញា រហូតមកដល់ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានអ្នកចូលរួម សរុបចំនួនជាង ២លាន៨សែននាក់ ៕

អត្ថបទ ៖ លោក ជិន ម៉ាដេប៉ូ
រូបភាព ៖ លោក គ្រី សម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner