សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវ ឱ្យបន្តស្មារតី កីឡារស់ក្នុងសន្តិភាព

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជប់លៀងអបអរសាទរជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជាជន កីឡាករត្រូវរួមគ្នាបន្តស្មារតី «កីឡារស់ក្នុងសន្តិភាព» បើទោះបីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា បានកន្លងផុតទៅហើយក្តី។

សម្ដេចធិបតីបានលើកឡើងថា យើងបានជ្រើសរើសយកពាក្យស្លោកដ៏ត្រឹមត្រូវបំផុតសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ គឺកីឡារស់ក្នុងសន្តិភាព ។ សម្ដេច ថា កម្ពុជា បានជ្រើសរើសយកពាក្យស្លោកនេះ ព្រោះយល់ថា គុណតម្លៃនៃសន្តិភាព ពិតជាធំធេងសម្រាប់កម្ពុជា ក៏ដូចជាគ្រប់បណ្ដាប្រទេសទាំងអស់ ប៉ុន្តែគុណតម្លៃនេះត្រូវបានគេមើលរំលង។ ជាក់ស្ដែង ដោយសារសង្គ្រាមស៊ីវិលប៉ុន្មានទសវត្សរ៍មុននេះ កម្ពុជាធ្លាប់តែរុងរឿងហើយថែមទាំងធ្លាប់បានធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហ្កានីហ្វូលើកទី២ ដែលជាព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោក នៅឆ្នាំ១៩៦៦ នាសម័យសង្គមរាស្ត្រនិយម បានវិនាសខ្ទេចខ្ទាំ បានក្លាយជាវាលពិឃាតដ៏គួរឱ្យខ្លាចរអា ខណៈដែលវិស័យកីឡារបស់កម្ពុជា បានបាត់បង់ស្ទើរតែទាំងស្រុង កីឡាករ កីឡាការនីទាំងអស់បានបាត់បង់ជីវិត ហើយចាំបាច់ត្រូវខិតខំប្រមែប្រមូលអតីតកីឡាករ កីឡាការនី ដែលរស់នៅសេសសល់ពីការកាប់សម្លាប់ចូលមកបម្រើការងារ និងស្ដារវិស័យកីឡាឡើងវិញ រហូតមានធនធានអត្តពលិក និងហេដ្ឋារចនាសម្ពន្ធកីឡា ព្រមទាំងមានសមត្ថភាពចូលរួមឡើងវិញក្នុងការប្រកួតកីឡាកម្រិតជាតិ តំបន់ និងអូឡាំពិកដូចសព្វថ្ងៃនេះ។

ក្នុងន័យនេះ ប្រសិនបើគ្មានសន្តិភាពដែលត្រូវបានកសាងយ៉ាងលំបាកដោយសម្ដេចតេជោ ស្ថាបនិក មគ្គទេសក៍ឯកនៃនយោបាយឈ្នះ-ឈ្នះ ក៏ដូចជាប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះគ្រប់រូបដទៃទៀត ដែលបានតស៊ូលះបង់សាច់ស្រស់ឈាមស្រស់យកជីវិតធ្វើដើមទុន ដើម្បីស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍពីបាតដៃទទេរនោះទេ យើងក៏គ្មានថ្ងៃនេះ គ្មានថ្ងៃដែលអាចធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាកម្រិតអន្តរជាតិបានដែរ ប្រទេសយើងក៏ប្រហែលជាកំពុងលិចលង់ក្នុងភ្លក់ភ្លើងសង្គ្រាម ហើយយើងដែលជាអ្នកជំនាន់ក្រោយ ក៏ប្រហែលជាមិនអាចរស់រានបានប្រកបដោយសុភមង្គល ហើយមិនអាចលេងកីឡា ឬទស្សនាកីឡាយ៉ាងសប្បាយរីករាយដូចសព្វថ្ងៃនេះទេ ដូច្នេះកីឡាពិតជារស់នៅក្នុងសន្តិភាព ហើយយើងត្រូវរក្សាស្មារតីនេះជាបន្តបន្ទាប់ទៀត ទោះព្រឹត្តិការណ៍នៃការប្រកួតកីឡានេះបានបញ្ចប់ក៏ដោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា កីឡារស់ក្នុងសន្តិភាព កីឡាដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីកីឡា ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner