កីឡាករ-កីឡាការិនីចំនួន ២៦រូប ដែលដណ្តើមបានមេដាយ ជូន ជាតិ មាតុភូមិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ត្រូវបានសម្រេច ឱ្យជាប់បាក់ឌុបស្វ័យប្រវត្តិ

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជប់លៀងអបអរ សាទរ ជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចទើបចារឯកភាព លើសំណើរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយសម្រេចឱ្យកីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយស្វ័យប្រវត្តិ ។

សម្តេចនាយករដ្ឋមន្ត្រី ចាត់ទុកការសម្រេចនេះ គឺជាការសមស្របមួយ ដើម្បីតបស្នងលើការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនីកម្ពុជា ដែលខិតខំរហូតយកបាននូវមេដាយមាស ប្រាក់ សំរិទ្ធ ជូនប្រទេសជាតិ ។

សម្តេចធិបតី បានបន្តថា ការលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ដែលត្រូវប្រឡងបាក់ឌុប តាមរយៈការឱ្យជាប់ដោយស្វ័យប្រវត្តិនេះ មិនមែនជាលើកទី១ទេ កាលពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣១ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏សម្រេចឱ្យកីឡាករ កីឡាការនីចំនួន ៨នាក់ ជាប់បាក់ឌុប ដោយស្វ័យប្រវត្តិផងដែរ។

ការថ្លែងរបស់សម្តេចមហាបវរធិបតី យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាស អញ្ជើញជា អធិបតីក្នុងពិធីអបអរសាទរជោគជ័យនៃការរៀប ចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ ។

សម្តេចបានបញ្ជាក់ថា ឯកឧត្តម ហង់ជួន ណារ៉ុន បានស្នើសុំគោល ការណ៍ គឺចំពោះកីឡាករ កីឡាការនីយើងចំនួន ២៦រូប ដែលបាន ទទួលមេដាយមាស មេដាយប្រាក់ និងសំរិទ្ធ នៅក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ កន្លងទៅនេះ ហើយឆ្នាំនេះត្រូវ ប្រឡងបាក់ឌុប ហើយសុំគោលការណ៍ជាប់ដោយស្វ័យប្រវត្តិ ខ្ញុំបានចារឯកភាពល្ងាចមិញ សុំជាការលើកទឹកចិត្ត ព្រោះបងប្អូន ខិតខំប្រឹងប្រែង ដើម្បីយកមេដាយជូនជាតិ ហើយខិតខំរៀបផង អីចឹងខ្ញុំគិតថាសមណាស់ហើយ ហើយកាលពីការប្រកួត ស៊ីហ្គេម លើកទី៣១ យើងបានប្រគល់ជូនចំនួន៨នាក់ សម្តេចតេជោបានផ្តល់ ហើយនេះជាការលើកទឹកចិត្ត ហើយសមស្រប ។

សូមជម្រាបថា ដំណើរការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ នៅថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន ១៣៧ ៤១២នាក់ ស្រី៧៣ ២៧៨នាក់។ តាមការគ្រោងទុកលទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌល ប្រឡង ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងនៅតាមមណ្ឌលប្រឡង ក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner