មន្រ្តីអាមេរិកថា នឹងមានបទផ្អាកបាញ់ដ៏សំខាន់ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ប្រសិនបើមានការដោះលែងចំណាប់ខ្មាំង
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសំខាន់របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅតំបន់មជ្ឈិមបូព៌ា នៅថ្ងៃសៅរ៍សប្តាហ៍នេះនិយាយថា នឹងមានបទឈប់បាញ់ដ៏សំខាន់មួយ ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស បើសិនមានការដោះលែងចំណាប់ខ្មាំង ដែលពួកសកម្មប្រយុទ្ធនៅហ្គាហ្សាចាប់ខ្លួន។
អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក សម្រាប់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង លោក Brett McGurk បានប្រាប់សន្និសីទសន្តិសុខនៅប្រទេសបារ៉ែនថា ការកើនឡើងការផ្តល់ជំនួយមនុស្សធម៌, ប្រេងឥន្ធនៈ និងការផ្អាកបាញ់ នឹងកើតឡើង នៅពេលមានការដោះលែងចំណាប់ខ្មាំង។
លោក McGurk បន្តថា លោក បៃដិន បានពិភាក្សាអំពីបញ្ហានេះកាលពីល្ងាចថ្ងៃសុក្រ ជាមួយមេដឹកនាំកាតាដែលគ្រប់គ្រងប្រទេសឈូងសមុទ្រ ដែលកំពុងដឹកនាំការប្រឹងប្រែងសម្រុះសម្រួលឆ្ពោះទៅរកបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។ គិតមកទល់ពេលនេះ ការខិតខំប្រឹងប្រែងរបស់ប្រទេសកាតា បាននាំឱ្យមានការដោះលែងចំណាប់ខ្មាំង ៤នាក់។ រីឯចំណាប់ខ្មាំងទី ៥ ដែលជាទាហានម្នាក់ត្រូវបានជួយសង្គ្រោះក្នុងប្រតិបត្តិការអ៊ីស្រាអែល។
កងទ័ពអ៊ីស្រាអែលបាននិយាយក្នុងសប្តាហ៍នេះថា ខ្លួនបានរកឃើញសាកសពចំណាប់ខ្មាំងជាស្ត្រីចំនួន ២នាក់នៅតំបន់ហ្គាហ្សា។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធហាម៉ាសបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០នាក់ កាលពីថ្ងៃទី០៧ ខែតុលា នៅពេលពួកគេបានឆ្លងកាត់ព្រំដែនយោធារបស់ហ្គាហ្សា ចូលទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដើម្បីសម្លាប់មនុស្សប្រហែល ១,២០០នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល។
ជាការឆ្លើយតប អ៊ីស្រាអែលកំពុងទម្លាក់គ្រាប់បែកឥតឈប់ឈរ និងការវាយលុកលើគោលដៅនានានៅតំបន់ហ្គាហ្សាស្ទ្រីប ដែលរហូតមកដល់ពេលនេះ បានសម្លាប់មនុស្ស ១២,៣០០នាក់ នេះបើយោងតាមរដ្ឋាភិបាលហាម៉ាសនៅក្នុងទឹកដីប៉ាឡេស្ទីន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា