ការរប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ទេព ឃុនណា MEMORIAL CUPជាផ្នែមួយនៃការអភិវឌ្ឍយុវជនកីឡាវាយកូនបាល់
(ភ្នំពេញ)៖ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការប្រកួត លោក ជា ពៅ បានថ្លែង ប្រាប់អ្នកព័ត៌មាន នៅក្នុងកម្មវិធីការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ ទេព ឃុនណា MEMORIAL CUP នាព្រឹកថ្ងៃទី១៨ ខែ វិច្ឆិកា នាពហុកីឡដ្ឋានជាតិមរតកតេជោថា ការប្រកួតកីឡាវាយកូនបាល់ ទេព ឃុនណា MEMORIAL CUP មានកីឡាករកីឡាការិនីចូលរួមចំនួនសរុប៤៥នាក់ មកពី៤រាជធានី-ខេត្ត មានរាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងខេត្តកែប ដោយធ្វើការប្រកួតលើ៤ប្រភេទអាយុមានដូចជា៖ អាយុក្រោម១០ឆ្នាំ បុរស- នារី អាយុក្រោម១២ឆ្នាំបុរស-នារី អាយុក្រោម១៤ឆ្នាំបុរស-នារីនិងអាយុក្រោម ១៦ឆ្នាំបុរស-នារី។
លោកថា នេះជាឆ្នាំទី២៨ហើយ ដែលសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្រោមការរៀបចំរបស់ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ ត្រូវជាកូនប្រុសបង្កើត បានរៀបចំការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ទេព ឃុនណា ដែលជាអតីតកីឡាករជម្រើសជាតិវាយកូនបាល់របស់កម្ពុជាក្នុងអំឡុង ទសវត្សឆ្នាំ១៩៦០ ។ ការរៀបចំជារៀងរាល់ឆ្នាំនេះ ជាការរំលឹកដល់វិញ្ញាខ័ណ្ឌ លោក ទេព ឃុនណា ត្រូវជាលោកឪពុក ដែលជាបណ្តាំចុងក្រោយមុននិងលោកបានចែកឋាន។
លោក អគ្គលេខាធិការរង បានគូសបញ្ជាក់ទៀតថា ពានរង្វាន់ទេព ឃុនណា MEMORIAL CUPនេះ ក៏ជាផ្នែកមួយរួមចំណែកក្នុងការអភិវឌ្ឍធនធានយុវជនកីឡាវាយកូនបាល់បន្តវេនមកពីរាជធានី-ខេត្ត។
តាមរយៈការផ្តល់ឱកាសប្រកួតប្រជែងនៅលើទីលានកម្រិតស្តង់ដា ដែលរៀបចំដោយសហព័ន្ធកីឡា បានហ្វឹកហាត់ដុះខាតសមត្ថភាពអស់ជាច្រើនឆ្នាំជាមួយគ្រូបង្វឹក។
លោក អះអាងថា តាមរយៈការប្រកួតនេះ កីឡាករកីឡាការិនីដែលមានសមត្ថភាពឆ្នើមលេចធ្លោជាងគេ នឹងត្រូវបានសហព័ន្ធជ្រើសរើសយកមកបណ្តុះបណ្តាលជាកីឡាករកីឡាការិនីជម្រើសជាតិផងដែរ។
គួររំលឹកថា នេះជាការប្រារព្ធខួបលើកទី២៨ឆ្នាំហើយ សម្រាប់អតីតកីឡាករវាយកូនបាល់ជម្រើសជាតិកម្ពុជា ក្នុងទសវត្សឆ្នាំ១៩៦០ ដើម្បីជាការរំលឹកទៅដល់ដួងវិញ្ញាខ័ណ្ឌរបស់លោកដែលចែកឋាន ជាការគោរពនូវបណ្តាំចុងក្រោយ ដែលលោក បានផ្តាំទៅកាន់កូនប្រុសបង្កើត ពេលពុកចែកឋានទៅ សូមកូនរៀបចំការប្រកួតកីឡាវាយកូនបាល់ជាកីឡាដែលពុកស្រលាញ់ទៅបានហើយនោះជាការរំលឹកដឹងគុណដល់ពុកហើយ ៕
រូបភាព ៖នជីមភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ