រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រកាសផ្តល់កូនឈើ ដល់សិស្សានុសិស្ស និង ប្រជាពលរដ្ឋ មួយលានដើម
កំពត៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ បាន ប្រកាសថា កូនឈើគ្រប់ប្រភេទចំនួនមួយលានដើម នឹងចែក ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តកំពតដោយឥតគិតថ្លៃ សម្រាប់ដាំ ដើម្បីឱ្យបរិស្ថាននៅតាមសាលារៀន លំនៅឋាន វត្តអារាម និងសហគមន៍មានភាពបៃតងស្រស់បំព្រង។
នៅក្នុងយុទ្ធនាការទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិក នាថ្ងៃអាទិត្យទី ១៩ វិច្ឆិកា ឆ្នាំ២០២៣ ដែលមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាង ១៣ម៉ឺននាក់ មកពីសាលាចំនួន ៤៣៨សាលា នៅទូទាំងខេត្តកំពត ចូលរួមផងនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក្រសួងបរិស្ថានបានបន្ថែមថា ភាពបៃតង ស្រស់នៃដើមឈើបានស្រូបយកឧស្ម័នកាបូនិច និងបាន បញ្ចេញមកវិញនូវអុកស៊ីសែន ដែលមានសារៈសំខាន់ ចំពោះជីវិត នៅ លើផែនដី ។អុកស៊ីសែន គឺជាតម្រូវការចាំបាច់ចំពោះសារពាង្គកាយ មនុស្ស និងសភាវៈដែលមានជិវីតដើម្បីដកដង្ហើម ។ព្រៃឈើស្រូប យកបរិមាណដ៏ច្រើននៃឧស្ម័នកាបូនិចដែលបញ្ចេញដោយសកម្មភាពមនុស្ស ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ការចូលរួមអនុវត្ត យុទ្ធនាការនៅថ្ងៃនេះ គឺជាសក្ខីភាពនៃការគាំទ្រនិងការជំរុញអនុវត្ត កម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ពីឆ្នាំ ២០២៣ ដល់ ឆ្នាំ២០២៨ ដែល បានចាត់ទុកការកែទម្រង់ការគ្រប់គ្រង ធនធាន ធម្មជាតិ និងបរិស្ថានជាការងារអាទិភាពមួយ ក្នុងចំណោមការងារ អាទិភាព របស់រាជ រដ្ឋា ភិបាល ។
ឯកឧត្តមបន្តថា ការងារអាទិភាពនេះបានដាក់បញ្ចូលទៅក្នុង ក្របខ័ណ្ឌ ការងាររបស់ក្រសួងបរិស្ថានចំនួន៥ ដែលរួមមាន៖ ១.ការកាត់ បន្ថយ ការបំពុលបរិស្ថាន,២. ការពង្រឹង ការគ្រប់គ្រងតំបន់ការពារធម្មជាតិ, ៣.ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការ ប្រែប្រួលអាកាសធាតុ, ៤.ទំនើប កម្មរដ្ឋបាល និងហិរញ្ញវត្ថុប្រកបដោយចីរភាពនិងទី៥. ការលើកកម្ពស់ ការទូតបៃតង។
ដើម្បីឈានទៅសម្រេច បាននូវក្របខ័ណ្ឌ ការងារទាំង ៥ នេះ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារអាទិភាពចំនួនបី ដែលត្រូវ ជំរុញក្នុងរយៈពេល ១០០ ថ្ងៃដំបូង រួមមាន៖ ទី.១ ការប្រយុទ្ធប្រឆាំង នឹងសំរាមសំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក, ទី២. ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលយកចិត្តទុកជា សំខាន់ គឺជំរុញការបណ្តុះ និង ដាំកូនឈើ សំដៅបង្កើនគម្របព្រៃ ឱ្យ ដល់ ៦០ភាគរយ នៅឆ្នាំ២០៥០ និង ទី៣. ការបង្កើនទេសចរណ៍ ធម្មជាតិ និង លើកកម្ពស់ ជីវភាពសហគមន៍មូលដ្ឋាន សំដៅធានា បាននូវសហគមន៍ចីរភាព និង អព្យាក្រឹតកាបូន ៕
ដោយ ៖ គ្រី សម្បត្តិ + ដេប៉ូ



