សិស្ស គ្រូ និង មន្រ្តីមូលដ្ឋាននៃស្រុកកំពង់ត្រាច ចូលរួម យុទ្ធនាការ កាត់ បន្ថយប្លាស្ទិកដើម្បីបរិស្ថានស្រស់ស្អាត និង ទាក់ទាញភ្ញៀវទេសចរ

កំពត៖ សិស្សានុសិស្ស គ្រូបង្រៀន សមត្ថកិច្ច និងមន្រ្តីមូលដ្ឋាន យ៉ាង ច្រើនកុះករបានប្តេជ្ញាចិត្តថា នឹងចូលរួមកាត់បន្ថយការប្រើ ប្រាស់ថង់ ប្លាស្ទិក ដើម្បីធ្វើយ៉ាងណាធ្វើឱ្យកម្ពុជាស្រស់ស្អាត គ្មានការបំពុល បរិស្ថាន និងពិសេសនោះកាន់តែទាក់ទាញភ្ញៀវទេសចរ ចូល មក កម្សាន្តប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត។

ការតាំងចិត្តនេះបានធ្វើឡើងនាវិទ្យាល័យ ព្រះបិតាជាតិ ស្ថិតនៅ ភូមិ អូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្ត កំពតនា ព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ក្នុងឱកាសប្រកាសយុទ្ធនាការកាត់ បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

អ្នកចូលរួមបានបញ្ចេញសំឡេងអឺងកងព្រមៗគ្នាថា៖ «ថ្ងៃនេះ ខ្ញុំមិន ប្រើ ថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា និង «លាហើយប្លាស្ទិក» ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួង បរិស្ថានបានអំពាវនាវដល់សាលារៀន សហគមន៍ រោងចក្រ សហគ្រាស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ចូលរួម និងបន្តចូលរួមអនុវត្ត យុទ្ធនាការនេះឱ្យបានច្រើនកុះករ និងជាប្រចាំ ដើម្បីបរិស្ថានកម្ពុជា ស្អាតជានិច្ច។ឯកឧត្តមបានរំលឹកថា បើទោះបីប្លាស្ទិកផ្តល់ភាពងាយ ស្រួលក្នុង ការប្រើប្រាស់ដល់មនុស្សមែន តែវាក៏មានគុណវិបត្តិជាច្រើន នៅ ពេលក្លាយជាសំណល់ ដោយសារវាត្រូវការរយៈពេលរាប់រយឆ្នាំ ទើបពុកផុយ។ ជាពិសេសប្លាស្ទិកចុងក្រោយបានហូរចូល ទៅក្នុង ទឹកសមុទ្រ ដែលធ្វើឱ្យប៉ះពាល់ជីវចម្រុះ ធនធានធម្មជាតិ និងគុណភាព ទឹក។

ឯកឧត្តមជួប ប៉ារីស៍ បានលើកឡើងទៀតថា ការចូលរួមអនុវត្ត យុទ្ធនាការ នាថ្ងៃនេះ គឺជាសក្ខីភាពនៃការគាំទ្រ និងការជំរុញអនុវត្តកម្ម វិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា និងយុទ្ធ សាស្ត្របញ្ចកោណ ដំណាក់កាលទី១ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដែលបានចាត់ទុកការកែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិ និង បរិស្ថាន ជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពរបស់រាជ រដ្ឋាភិបាល ហើយបានដាក់បញ្ចូលនូវក្របខ័ណ្ឌការងាររបស់ ក្រសួង បរិស្ថាន ចំនួន៥រួមមាន៖ ការកាត់បន្ថយការ បំពុលបរិស្ថាន, ការពង្រឹង ការគ្រប់គ្រងតំបន់ការពារធម្មជាតិ, ការអប់រំផ្សព្វផ្សាយ បរិស្ថាន និង ការប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុប្រកបដោយ ចីរភាព, និងការលើកកម្ពស់ការទូតបៃតង។

លោក ពេញ ភារម្យ អភិបាលរងខេត្តកំពតបានថ្លែងថា យុទ្ធនាការ កាត់បន្ថយប្លាស្ទិក ដែលមានការចូលរួមពីសំណាក់តាមសាលារៀន ប្រជាសហគមន៍ កម្មករកាត់ដែរ សហគ្រាសប្រជាពលរដ្ឋទូទាំង ខេត្ត កំពតបានរួមគ្នាប្តេជ្ញាចិត្តកាត់បន្ថយប្លាស្ទិក ហើយតាមរយៈ យុទ្ធនាការ នេះដែរគេជឿជាក់ថានឹងជួយឱ្យបរិស្ថានប្រទេសកម្ពុជាកាន់តែល្អប្រសើ។ខេត្តកំពតជាតំបន់ទេសចរណ៍នឹងជួួយ ឱ្យអ្នកទេសចរចូលកម្សាន្ត កាន់តែច្រើនឡើងថែមទៀត។

ក្នុងពិធីនេះ ឯកឧត្តម ជួប ប៉ារីស៍ បានដឹក នាំដាំកូនឈើក្នុងវិទ្យាល័យ ព្រះបិតាជាតិដើម្បីផ្តល់ម្លប់ និងបរិស្ថានស្រស់ស្អាតសម្រាប់សិស្សានុ សិស្សទៀតផង។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានអ្នកស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការកាត់ បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិកជិតបីលានអង្គ/នាក់ ដែលក្នុងនោះ លោកគ្រូ អ្នកគ្រូជាង១១ម៉ឺននាក់ សិស្សានុសិស្សសរុបចំនួនជាង២៨ម៉ឺននាក់ នៃសាលារៀនជាង៦ពាន់សាលា និងកម្មករនិយោជក ព្រះសង្ឈ និងប្រជាពលរដ្ឋ នៅតាមបណ្តារោងចក្រ សហគ្រាស វត្តអារាម និងសហគមនានា៕
អត្ថបទ៖លោក ជិន ម៉ាដេប៉ូ រូុ,បភាព៖ លោក គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner