រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ពលរដ្ឋកម្ពុជាម្នាក់ប្រើថង់ប្លាស្ទិក ជាមធ្យម ចំនួន បួនក្នុងមួយថ្ងៃ ឬប្រមាណ ៥៥ លានថង់ ទូទាំងប្រទេសក្នុងមួយថ្ងៃ

ភ្នំពេញ៖ ក្នុងពិធីបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ ប្លាស្ទិក ក្រោម ប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅខេត្តកំពត នៅ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថានបានថ្លែងថា នៅកម្ពុជាប្រជាជន ម្នាក់បាន ប្រើប្រាស់ ថង់ ប្លាស្ទិកជាមធ្យមចំនួនបួនក្នុងមួយថ្ងៃ ឬប្រមាណ៥៥លានថង់ប្លាស្ទិក ទូទាំងប្រទេសក្នុងមួយថ្ងៃ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ក្រោយពីការប្រើប្រាស់សំណល់ប្លាស្ទិកប្រមាណ ៩ភាគរយ នៃបរិមាណសំណល់ប្លាស្ទិកសរុប ដែលបានយក មក កែច្នៃ ផលិត ឡើងវិញ ។រីឯសំណល់ប្លាស្ទិក ៩១ភាគរយទៀត ត្រូវបានយក ទៅ ទីលានទុកដាក់សំរាម ឬដុតចោល និងចោលរាយប៉ាយ តាម ទីវាល រួចបន្តធ្លាក់ចូលទៅក្នុងប្រភពទឹកហូរចាក់ចូលទៅក្នុងសមុទ្រប្រមាណជាង៨លានតោនក្នុងមួយឆ្នាំ។

ឯកឧត្តមបានបញ្ជាក់ថា ការបង្កើតសំណល់ប្លាស្ទិកក្នុងបរិមាណដ៏ច្រើន គួបផ្សំនឹងវិធានការគ្រប់គ្រងនៅមានកម្រិត បានបង្កបញ្ហា បរិស្ថាន ជា ច្រើន ដូចជា ការបំពុលខ្យល់ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយការដុត សំណល់ប្លាស្ទិក ការប៉ះពាល់សុខភាពមនុស្ស-សត្វ ដោយ កំណើន វត្តមាន ពពួកមីក្រូប្លាស្ទិក ក្នុងប្រភពទឹក និងការបង្កគ្រោះថ្នាក់ដល់ជីវៈ ចម្រុះពីសំណល់ប្លាស្ទិកយ៉ាងច្រើននៅក្នុងសមុទ្រ និងមហា សមុទ្រ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងថា ការប្រើប្រាស់សម្ភារៈ ប្លាស្ទិកនៅលើពិភពលោក បាននិងកំពុងបង្កជាបញ្ហាដល់បរិស្ថាន និង សុខុមាលភាពមនុស្សសត្វលើភពផែនដី។ មកទល់ឆ្នាំ២០២២ នៅ ទូទាំងពិភពលោកបានផលិត និងប្រើប្រាស់សម្ភារៈប្លាស្ទិក ជាង ៩,៥ ពាន់លានតោន ក្នុងអត្រាកំណើន ៣ភាគរយ ជារៀងរាល់ឆ្នាំ។

ដើម្បីឈានទៅសម្រេចបាននូវក្របខ័ណ្ឌការងារទាំង ៥ ក្រសួង បរិស្ថានបានដាក់ចេញនូវការងារអាទិភាពចំនួនបីដែលត្រូវជំរុញក្នុង រយៈ ពេល ១០០ ថ្ងៃដំបូង រួមមាន ទី១. ការប្រយុទ្ធប្រឆាំងនឹង សំរាមសំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក, ទី២. ការប្រយុទ្ធ ប្រឆាំង នឹងការប្រែប្រួលអាកាសធាតុដែលយក ចិត្តទុក ជាសំខាន់ គឺជំរុញការបណ្តុះ និងដាំកូនឈើ សំដៅបង្កើនគម្រប ព្រៃឱ្យដល់៦០ភាគរយនៅ ឆ្នាំ២០៥០ និងទី៣.ការបង្កើនទេស ចរណ៍ធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន សំដៅ ធានាបាននូវសហគមន៍ចីរភាព និង អព្យាក្រឹតកាបូន។នេះបើតាម ការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ។

ក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ដើម្បី ឆ្លើយតប នឹងកំណើនខ្លាំងនៃការប្រើប្រាស់សម្ភារៈប្លាស្ទិក ក៏ដូចជា ដោះស្រាយ បញ្ហាបំពុលដោយប្លាស្ទិកនាពេលកន្លងមកនេះ ក្រសួងបរិស្ថានដោយ មានកិច្ចសហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ បានដាក់ចេញ វិធាន ការនានា ដូចជា ការរឹតបន្តឹងលើការនាំចូលការផលិត និងការប្រើប្រាស់ ថង់ប្លាស្ទិក តាមរយៈការកំណត់លក្ខខណ្ឌអនុញ្ញាតការបង្កើន អាករ ពិសេសលើការនាំចូល ការគិតថ្លៃ៤០០រៀលក្នុងមួយថង់ លើអ្នកប្រើថង់ ប្លាស្ទិកនៅតាមផ្សារទំនើប រួមនឹងវិធានការអប់រំផ្សព្វផ្សាយ ក្នុងគោល បំណងឱ្យមានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

គួរបញ្ជាក់ថា ក្នុងរយៈពេល៨០ថ្ងៃ ពោលចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ ថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៣នេះ មានអ្នកស្ម័គ្រចិត្តចូលរួមក្នុង យុទ្ធនា ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជិតបីលានអង្គ/នាក់ ដែលក្នុង នោះ លោកគ្រូ អ្នកគ្រូជាង១១ម៉ឺននាក់ សិស្សានុសិស្ស សរុប ជាង ២៨ ម៉ឺននាក់នៃសាលារៀនជាង៦.០០០ និងកម្មករនិយោជក ព្រះសង្ឃ និងប្រជាពលរដ្ឋនៅតាមបណ្តារោងចក្រ សហគ្រាស វត្តអារាម និង សហគមន៍ នានា៕
អត្ថបទ៖ជិន ម៉ាដេប៉ូ
រូបភាព៖លោក គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner