​អូស្ត្រាលី​​រិះ​គន់​​ចិន​​ចំពោះ​សកម្មភាព​​​ទ័ព​​ជើង​ទឹក​​ «ដែល​គ្មាន​​សុវត្ថិភាព​ និង​​គ្មាន​​វិជ្ជាជីវៈ»​​

កង់បេរ៉ា៖ ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ខ្លួន​​មាន​​​ការ​​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​ចិន​ ដែល​ធ្វើ​សកម្មភាព​​​ «​គ្មាន​សុវត្ថិភាព​ និង​គ្មាន​វិជ្ជាជីវៈ​» នៅ​ពេល​នាវា​ចម្បាំង​ចិន​ ជួប​ជាមួយ​​​នាវា​កង​ទ័ព​ជើ​ង​ទឹក​អូស្ត្រាលី ហើយ​ធ្វើ​ឱ្យ​អ្នក​មុជ​ទឹក​យោធា​អូស្ត្រាលី​រង​របួស​។​ នេះ​បើ​តាម​រាយការណ៍​របស់​ទីភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​។

​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អូស្រ្តាលី​លោក រីឆាដ ម៉ារលស៍​ (Richard Marles) ​បាន​និយាយ​ថា​ ហេតុការ​ប្រឈម​មុខ​ដាក់​គ្នា​កើត​ឡើង​នៅ​ពេល​នាវា​ចម្បាំង​​រយៈ​ចម្ងាយ​ឆ្ងាយ​ HMAS Toowoomba ​​កំពុង​ធ្វើ​ប្រតិបត្តិការ​មុជ​ទឹក​​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​ ១៤​ ខែ​វិច្ឆិកា​ ដើម្បី​ជម្រះ​អួ​ន​នេសាទ​ចេញ​ពី​កប៉ាល់​របស់​​ខ្លួន​។ ​

លោក​ ម៉ារលស៍ បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​​ថា​ ខណៈ​ពេល​​​ប្រតិបត្តិការ​មុជ​ទឹក​កំពុង​ដំណើរ​ការ​ នាវាចម្បាំងរបស់​កង​ទ័ព​​ចិន​​​ ​DDG-139​ដែល​កំពុង​ប្រតិបត្តិការ​នៅ​តំបន់​ជុំ​វិញ​បាន​​រំកិល​ខ្លួន​ឆ្ពោះ​ទៅ​ជិត​​​នាវា​ HMAS Toowoomba​។

​លោក​បាន​​បន្ត​ថា​ ទោះ​បី​ជា​នាវា​អូស្ត្រាលី​​ជូន​ដំណឹង​ដល់​នាវា​ចម្បាំង​ចិន​អំពី​ប្រតិបត្តិការ​មុជ​ទឹក​ក៏ដោយ​ ក៏​នាវា​ចម្បាំង​ចិន​នៅ​តែ​រំកិល​ខ្លួន​ចូល​កាន់​តែ​ជិត​ ​ហើយ​ធ្វើ​ប្រតិបត្តិការ​ប្រព័ន្ធ​សូណា​ (​ឧបករណ៍​វាស់​ជម្រៅ​ និង​ចាប់​សំឡេង​)​ ​«​ក្នុង​លក្ខណៈ​ដែល​បង្ក​ហានិភ័យ​ដល់​សុវត្ថិភាព​របស់​អ្នក​មុជ​ទឹក​អូស្ត្រាលី ​ដែល​បង្ខំ​ពួក​គេ​ឱ្យ​ចេញ​ពី​ទឹក​»​។

លោក​ ម៉ារលស៍​ និយាយ​ថា​ ទង្វើ​បែប​នេះ​ គឺ​ «​​គ្មាន​សុវត្ថិភាព​ និង​គ្មាន​វិជ្ជាជីវៈ​»​។ លោក​បន្ត​ថា​ ការ​វាយ​តម្លៃ​ផ្នែក​វេជ្ជសាស្រ្ត​បាន​រក​ឃើញ​ថា​ មាន​របួស​តិច​តួច​ចំពោះ​អ្នក​មុជ​ទឹក​ ដែល​ទំនង​ជា​បណ្តាល​មក​ពី​ប្រព័ន្ធ​​សូណារ​។ ​

ជុំ​វិញ​បញ្ហា​នេះ​ ចិន​មិន​បាន​ចេញ​ការ​បក​ស្រាយ​យ៉ាង​ណា​ភ្លាម​ៗ​នោះ​ទេ​។ ទោះ​បី​បែប​នេះ​ក៏​ដោយ​ លោ​ក​​ ម៉ារលស៍​ បាន​និយាយ​ថា​​៖ «​អូស្ត្រាលី​រំពឹង​ថា ​ប្រទេស​ទាំង​អស់ ​រួម​ទាំង​ចិន​ ធ្វើ​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​​ប្រកប​ដោយ​វិជ្ជាជីវៈ ​និង​សុវត្ថិភាព​»​ ដោយ​លោក​បន្ថែម​ថា​ សុវត្ថិ​ភាព​ និង​សុខុមាលភាព​របស់​បុគ្គលិក​យោធា​អូស្ត្រាលី ​គឺ​ជា​​អាទិភាព​​​របស់​រដ្ឋាភិបាល​។

គួរ​​​បញ្ជាក់​ថា​ ប្រទេស​ចិន​បាន​បង្កើន​សកម្ម​ភាព​យោធា​របស់​ខ្លួន​ក្នុង​​​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​រយៈ​ពេល​ប៉ុន្មា​ន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែល​ធ្វើ​ឱ្យការ​​​ប្រកួត​ប្រជែង​​ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ប្រទេស​មហា​អំណា​ច​ពី​លោក​ខាង​លិច​​ និង​សម្ព័ន្ធ​មិត្ត​មាន​ការ​កើន​ឡើង៕

ប្រែសម្រួល៖ ហួន ឌីណា

ប្រភព​៖ Australia criticises China for ‘unsafe, unprofessional’ naval interaction  https://www.reuters.com/world/asia-pacific/australia-criticises-china-unsafe-unprofessional-naval-interaction-2023-11-18/

ads banner