សម្តេចមហារដ្ឋសភា ឃួន សុដារី៖ សភានិងរាជរដ្ឋាភិបាល មានឆន្ទៈមុះមុតក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និង ពង្រឹងតួនាទីស្រ្តី

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទាំងស្ថាប័ន នីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយមុះមុតក្នុងការលើក ទឹក ចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី សំដៅឈានទៅសម្រេច បាន នូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ ។ នៅក្នុងនោះរដ្ឋសភា បាន អនុម័ត ច្បាប់ដែលមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់ក្នុងការ បញ្ជ្រាប សមភាពយេនឌ័រនៅក្នុងគោលនយោបាយ សាធារណៈ និងច្បាប់ ដែលគិតគូរពីបញ្ហាប្រឈមរបស់ស្រ្តី ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ជាមួយគ្នានេះ រដ្ឋសភាបាន កំពុង ជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹង សមត្ថភាពរបស់ស្ត្រីតាមរយៈគំនិតផ្តួចផ្តើមនិងវេទិកាសភាជាច្រើនរបស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ព្រមទាំងចូលរួម យ៉ាងសកម្ម ក្នុងយន្តការថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀត មានដូច ជា យុទ្ធនាការ #girl2leader វេទិកាអន្តរសភា APPF, APF, ASEP និងAIPA ជាដើម ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ដូច្នេះនៅក្នុង ឱកាស អញ្ជើញ ជាអធិបតីភាពក្នុងពិធីវេទិកាថ្នាក់ជាតិ ស្តីពី «ស្រ្តីក្នុង ភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច»ក្រោមប្រធានបទ «ស្រ្តីក្នុងថា្នក់ធ្វើ សេចក្តី សម្រេចក្នុងវិស័យនយោបាយនិងសាធារណៈ» កាលពីថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ដែលរៀបចំឡើង ដោយក្រសួងកិច្ចការនារី។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានសម្តែងការដឹងគុណ ដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដែលសម្តេចជាបិតាក្នុងការ ជំរុញសមភាពយេនឌ័រ តាមរយៈគោលនយោបាយ សាធារណៈរួមមាន យុទ្ធសាស្ត្រត្រីកោណ (ឆ្នាំ១៩៩៨-២០០៣) និងយុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាល ពីឆ្នាំ២០០៣ ដល់ឆ្នាំ ២០២៣ ដែលជាលទ្ធផលបានជំរុញឱ្យមានវត្ត មានស្រ្តីកាន់តែច្រើនឡើងៗ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងវិស័យឯកជន។

ដោយឡែកក្នុងអាណត្តិទី៧ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តនូវមរតកដ៏ថ្លៃថ្លានេះ តាមរយៈការជំរុញ និង លើក កម្ពស់បន្ថែមទៀតដល់តួនាទីរបស់ស្រ្តី ដោយសម្តេចបាន សង្កត់ ធ្ងន់ថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព, ស្រស់បំព្រង, និងកក់ ក្តៅ ជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយផ្តោតលើ អាទិភាព គន្លឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា យុទ្ធសាស្រ្តនេះបានបង្ហាញ យ៉ាងច្បាស់ពីការបន្តយកចិត្តទុកដាក់ លើកកម្ពស់សមភាពយេនឌ័រ ។

ទោះជាមានកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការសមភាពយេនឌ័រយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមជាច្រើន ជាពិសេស ចំនួនស្រ្តីក្នុងវិស័យនយោបាយនិងសាធារណៈ។ យោងតាម របាយការណ៍វឌ្ឍនភាពស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០២៣ បានបង្ហាញថា ស្រ្តីនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិមានប្រមាណ ២៦,៧% និងក្នុងជួររដ្ឋាភិបាល មានប្រមាណ៣៥,៥%ប៉ុណ្ណោះ នៅទូទាំង សកលលោក ។

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានគូស បញ្ជាក់ថា កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេស១០ ក្នុងពិភព លោកដែលសម្រេចគោលដៅអភិវឌ្ឍសហស្សរ៍លើសុខភាពមាតា ដែលក្នុងនោះអត្រាមរណភាពមាតាបានធ្លាក់ចុះពី៤៧២ក្នុងឆ្នាំ២០០៥ ដល់១៥៤ នៅក្នុងចំណោម១សែនកំណើតរស់នៅឆ្នាំ២០២២។ យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២២កម្ពុជាមាន លំដាប់ លេខ៤១ ក្នុងចំនោម១៤៦ប្រទេស ជាកម្មសិទ្ធិឬគ្រប់គ្រងដោយស្រ្តី នៅតាមសហគ្រាសធុនតូចនិងមធ្យម (SMEs) ដែលជាអត្រាខ្ពស់ ក្នុងតំបន់ ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner