ត្រពាំងទឹកតាមតំបន់ធម្មជាតិ មានតួនាទីយ៉ាងសំខាន់ដល់សត្វព្រៃ និង ពិសេស សត្វស្លាប

ភ្នំពេញ៖ ត្រពាំងទឹកតាមតំបន់ធម្មជាតិមួយចំនួនកំពុង រងនូវការ បាត់ បង់ តួនាទីក្នុងការគាំទ្រដល់សត្វព្រៃដោយសារគោករាក់ និង មានរុក្ខជាតិ ក្រាស់ គ្របដណ្តប់ ។

USAID មរតកបៃតង បានឱ្យដឹងថា ការបាត់បង់នៃសត្វននៀលធំៗ ពី ព្រៃក្នុងប្រទេសកម្ពុជា ដាោយសាេរ ការ ចូលរួមចំណែក ក្នុងការ បាត់បង់នៃ ត្រពាំងទឹក។ការបាត់បងនេះផ្តល់ការគំរាមកំហែងបន្តដល់សត្វព្រៃ ផ្សេងៗ ទៀតដែលពឹងផ្អែកលើត្រពាំងទឹក។

នៅពេលខែធ្នូឈានចូលមកដល់រៀងរាល់ឆ្នាំ ទឹកហូរហៀរទាំង នោះ ក៏ស្រកអស់ទៅវិញ បន្សល់ទុកនូវតែទឹកក្នុងត្រពាំងតែប៉ុណ្ណោះ។

ត្រពាំងទឹកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមសត្វព្រៃពេញ មួយរដូវប្រាំង។ ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ត្រពាំងជាច្រើន ត្រូវបានបំពេញដោយល្បាប់ថ្មីៗ និងរុក្ខជាតិដុះពាសពេញ ដែលធ្វើឱ្យ លទ្ធភាពនៃការផ្ទុកទឹករបស់វាមានការថយចុះ។ជាលទ្ធផល ត្រពាំង ទាំងនោះក៏លែងអាចដើរតួជាប្រភពទឹកសម្រាប់ទ្រទ្រង់ជីវិតជីវៈចម្រុះនៅក្នុងព្រៃទៀតបាន។

សព្វថ្ងៃនេះ ការរីងស្ងួត និងការបាត់បង់ត្រពាំងបានផ្ដល់ផល ប៉ះពាល់ដល់សត្វព្រៃ និងសហគមន៍យ៉ាងខ្លាំង ដោយសារពួកវា ពឹងផ្អែកលើធនធានធម្មជាតិរបស់ដែនជម្រកសត្វព្រៃដើម្បីចិញ្ចឹមជីវិតរបស់ពួកគេ។

USAID មរតកបៃតង បានឱ្យដឹងដែរថា ដែន ជម្រកសត្វព្រៃសៀម ប៉ាង ដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានចំនួនត្រពាំង ទឹកជាង ២០០ កន្លែង ។ ត្រពាំងទាំងនេះ បានផ្តល់ជាអាងទឹកសម្រាប់ ប្រភេទ សត្វព្រៃជិតផុតពូជ និងជិតផុតពូជបំផុត ដូចជា សត្វរមាំង សត្វត្រយងយក្ស និងសត្វត្រយងចង្កុំកសជាដើម សម្រាប់ពួកវា មុជទឹក ផ្សើមខ្លួន និងសម្រាកដើម្បីទប់ទល់ពីភាពក្តៅរាំងស្ងួតនារដូវប្រាំង។ ជាអកុសល យ៉ាងហោចណាស់មួយភាគបួននៃចំនួនត្រពាំង ទាំង នោះបានរីងស្ងួត ឬជិតរីងអស់ទៅហើយ។

ដើម្បីចូលរួមដោះស្រាយបញ្ហានេះ USAID មរតកបៃតង កំពុងធ្វើការ ជាមួយដៃគូអភិរក្ស Rising Phoenix និងសហគមន៍ដើម្បីធ្វើការ ស្តារត្រពាំងទាំងនោះឡើងវិញ។ ក្រុមសហគមន៍តូចៗដែលរួមមាន បុរស និងស្ត្រី មកពីសហគមន៍ជិតខាង បានសហការគ្នាជីកត្រពាំងជាង ៥០កន្លែងដោយដៃ និង ១៥កន្លែង ផ្សេងទៀតត្រូវបានជីកដោយ ប្រើគ្រឿងចក្រ។

ទាក់ទិនក្នុងរឿងនេះលោក ម៉ុក វ៉ាន់ អាយុ ៥២ ឆ្នាំ មកពីភូមិខេស ក្រោម បាននិយាយថា៖ «វាជាការងារលំបាក ហើយចំណាយពេល ជិតមួយសប្តាហ៍ ប៉ុន្តែវាពិតជាបានផ្ដល់ផលយ៉ាងល្អ។ យើងទាំងអស់គ្នា ពេញចិត្តក្នុងការបំពេញការងារនេះ ដើម្បីសម្រេចគោលដៅរយៈ ពេលវែងនៃ ការអភិរក្សព្រៃឈើ និងសត្វព្រៃដ៏អស្ចារ្យសម្រាប់ មនុស្ស ជំនាន់ក្រោយ»។

កាលពីឆ្នាំមុន លោក ម៉ុក វ៉ាន់ បានជួយជីកត្រពាំងចំនួនប្រាំកន្លែង។ គាត់នៅតែមានការចងចាំពីអតីតកាល ដែលធនធានព្រៃឈើនៅទីនេះ ត្រូវបានគេធ្វើអាជីវកម្មហួសប្រមាណអស់ជាច្រើនឆ្នាំ មុនពេល ដែល មានការបង្កើតដែនជម្រកសត្វព្រៃនេះនៅក្នុងឆ្នាំ ២០១៦។ឥឡូវនេះ យើងមានមន្ត្រីឧទ្យានុរក្សដើរល្បាតដើម្បីបញ្ឈប់ការកាប់ឈើ និងការបរបាញ់ខុសច្បាប់នេះបន្តទៅទៀត។

USAID មរតកបៃតង និងក្រុមហ៊ុន Rising Phoenix បានចាត់ ទុកថា ការស្ដារឡើងវិញនូវត្រពាំងទាំងនេះ គឺជាផ្នែកតូចមួយនៃគម្រោង ប៉ុន្តែវាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់យុទ្ធសាស្ត្រដ៏ធំរបស់យើងក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃដែនជម្រកសត្វព្រៃសៀមប៉ាងនេះឡើងវិញ។

ការស្តារត្រពាំងក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង គឺជាគំរូសម្រាប់ ការគ្រប់គ្រងធនធានទឹកក្នុងតំបន់អភិរក្ស ប្រកបដោយប្រសិទ្ធភាព។ វាបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់សហគមន៍ ការសហការរវាង ភាគីពាក់ព័ន្ធ ក៏ដូចជាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយ និរន្តរភាព។ តាមរយៈការការពារ និងការស្ដារឡើងវិញនូវទីជម្រក ដ៏សំខាន់ទាំងនេះ កម្មវិធីបានរួមចំណែកដល់ការអភិរក្សរយៈពេល វែងសម្រាប់ ជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃ និងបានលើក កម្ពស់ការរស់នៅរួមគ្នារវាងសត្វព្រៃ និងសហគមន៍ផងដែរ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner