ក្រុមហ៊ូទីយេម៉ែនបញ្ចេញវីដេអូរឹបអូសកប៉ាល់ដឹកទំនិញរបស់អ៊ីស្រាអែល នៅសមុទ្រក្រហម

កៀវ៖ ក្រុមឧទ្ទាមហ៊ូទីយេម៉ែនដែលគាំទ្រដោយអ៊ីរ៉ង់ បានបញ្ចេញវីដេអូមួយ បង្ហាញពីសកម្មភាពរបស់ពួកគេ រឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿង ឈ្មោះថា Galaxy Leader ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងបាននាំទៅកាន់ឆ្នេរសមុទ្រយេម៉ែន។

ការបញ្ចេញវីដេអូរឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿង រួមទាំងក្រុមនាវិកអន្តរជាតិនៅលើនោះ ២៥នាក់កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយក្រុមចលនាប្រដាប់អាវុធហ៊ូទីយេម៉ែន បានគំរាមដាក់គោលដៅលើនាវា ឬកប៉ាល់របស់អ៊ីស្រាអែល ជាការឆ្លើយនឹងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។

លោកឧត្តមសេនីយ អាលី អាល់ ម៉ូស្គី ដែលជាមន្ត្រីយោធាក្រុមហ៊ូទីយេម៉ែន បានប្រាប់ស្ថានីយទូរទស្សន៍ អាល់ ម៉ាស៊ីរ៉ាហ៍ ថា នាវា ឬកប៉ាល់អ៊ីស្រាអែល គឺជាគោលដៅស្របច្បាប់សម្រាប់ពួកយើងនៅគ្រប់ទីកន្លែង ហើយយើងនឹងមិនស្ទាក់ស្ទើរចាត់វិធានការទេ។ មន្ត្រីយេម៉ែនម្នាក់បាននិយាយថា ក្រុមហ៊ូទីបាននាំកប៉ាល់ដឹកទំនិញដែលរឹបអូសនោះ ទៅកាន់កំពង់ផែ សាលីហ្វ នៃទីក្រុង ហូដេដា ដែលគ្រប់គ្រងដោយក្រុម ហ៊ូទី។

រីឯខាងអ៊ីស្រាអែលបានបដិសេធថា កប៉ាល់នេះមិនមែនជាកម្មសិទ្ធិរបស់ខ្លួនទេ ហើយក៏មិនមានពលរដ្ឋអ៊ីស្រាអែលណាម្នាក់ស្ថិតនៅកប៉ាល់នេះនោះដែរ។ បើតាមអាជ្ញាធរអ៊ីស្រាអែល កប៉ាល់នេះជាកម្មសិទ្ធិនៃក្រុមហ៊ុនមួយរបស់អង់គ្លេស និងប្រតិបត្តិការដោយក្រុមហ៊ុនជប៉ុន ហើយបានចេញដំណើរចាកចេញពីតួកគី ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner