សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋយល់ថាការបោះឆ្នោត គឺជាវិធីតែមួយគត់ដែលមានលទ្ធិប្រជាធិបតេយ្យ មិនធ្វើឱ្យប្រទេសជាតិមានការក្រឡាប់ចាក់
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋយល់ថា ការបោះឆ្នោត គឺជាវិធីតែមួយគត់ដែលមានលទ្ធិប្រជាធិបតេយ្យ មិនធ្វើឱ្យប្រទេសជាតិមានការក្រឡាប់ចាក់ ដើម្បីរើសមេដឹកនាំ ដោយក្នុងនោះបានផ្តល់ការទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ពីព្រោះប្រជាពលរដ្ឋបានឃើញស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា បានផ្តល់ជូន ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រាប់សិបឆ្នាំមកនេះ បានផ្តល់ជូនប្រជាជន។ ទោះបីជាមានការអំពាវនាវយ៉ាងណាក៏ដោយ តែប្រជាពលរដ្ឋបានសម្រេចចិត្ត និងបញ្ជាក់ប្រាប់ទៅគេវិញថា “ខ្ញុំមានសិទ្ធិ ខ្ញុំមានសមត្ថភាពវិនិច្ឆ័យខ្លួនឯង មិនបាច់ហៅខ្ញុំធ្វើអីទេ ដល់ថ្ងៃនេះ ខ្ញុំសម្រេចចិត្តខ្លួនឯងខ្ញុំទៅបោះ មិនបោះ ខ្ញុំទៅគូសបំផ្លាញ ឬខ្ញុំគូសឱ្យបក្សដើម្បីរើសមេដឹកនាំ”។ ហើយសំឡេងច្បាស់ណាស់ គឺប្រជាពលរដ្ឋបានបោះឆ្នោតផ្តល់ការទុកចិត្ត និងផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំតទៅទៀត នេះជាការសំខាន់ណាស់។
ការបញ្ជាក់របស់សម្តេចធិបតី បានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន១៨១០៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

សមម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា យើងរួមគ្នាតទៅទៀត ការបោះឆ្នោតដូចជាកុងត្រាអ៊ីចឹង រាជរដ្ឋាភិបាលនិងគណបក្ស គឺបានចុះកិច្ចសន្យាជាមួយប្រជាពលរដ្ឋហើយ ព្រោះមុនបោះឆ្នោត យើងដាក់គោលនយោបាយសម្រាប់ប្រជាពលរដ្ឋថា ខ្ញុំនឹងអនុវត្តគោលនយោបាយនេះ ដើម្បីបម្រើប្រជាពលរដ្ឋ។ ឥឡូវប្រជាពលរដ្ឋឃើញគោលនយោបាយល្អ ហើយឃើញអ្នកដែលដាក់គោលនយោបាយ គឺជាអ្នកប្រាកដប្រជា អ្នកនៅជាមួយប្រជាពលរដ្ឋមិនមែនអ្នកជាទន្សាយនោះទេ អ្នកដែលមានការលំបាក ជាពិសេសនៅពេលកូវីដកន្លងទៅនេះ ដែលនៅជាមួយ អ៊ីចឹង គឺបានផ្តល់ការទុកចិត្តគូសឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំ។ ក្នុងមួយអាណត្តិនេះ យើងបានដាក់ចេញនូវគោលនយោបាយវិធានការ ដើម្បីបំពេញនូវកុងត្រារបស់យើងដើម្បីបម្រើប្រជាពលរដ្ឋ។ បងប្អូនជឿចុះ គណបក្សប្រជាជនកម្ពុជា មិនដែលក្បត់កុងត្រាខ្លួនឯង គឺយើងមានតម្លាភាព យើងខិតខំជំរុញនូវអ្វីដែលបានសន្យាជាមួយប្រជាពលរដ្ឋ គឺបម្រើប្រជាជនឱ្យបានកាន់តែច្រើន។
សម្តេចធិបតីបានបន្តថា ៩០ថ្ងៃនេះ អត់មានពេលដេកទេ អ្នកខ្លះថាខ្ញុំដេក សង្ស័យខ្លួនឯងដេកមើលមិនឃើញ មកជួបហើយផ្សព្វផ្សាយដាក់ចេញគោលនយោបាយជាប្រចាំ ជំរុញបង្កើនភាពទុកចិត្ត សូមឱ្យបងប្អូនបន្តភាពទុកចិត្ត និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីរុញនាវាយើងកាន់តែទៅមុខ កុំឱ្យក្រឡាប់ចាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ឬមួយបាត់ស្ថេរភាព រួមគ្នាដោះស្រាយបញ្ហាដែលនៅសេសសល់ វាមិនមែនអត់បញ្ហាទេ បញ្ហាវាតែងតែមានគោលការណ៍អនុវត្ត វាតែងតែមាន៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត






