ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បេ្តជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសឱ្យកាន់តែល្អប្រសើរឡើងថែមទៀត
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ បានបេ្តជ្ញាចិត្តថា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឥណ្ឌូនេស៊ី និងកម្ពុជាឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន នឹងខិតខំបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរផងដែរ។
ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបេ្តជ្ញាចិត្តថា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន៣គឺ៖ ១)វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ២)ការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែខ្លាំងក្លាថែមទៀត និង៣)ការគាំពារប្រជាជនឥណ្ឌូណេស៊ីរស់នៅប្រទេសកម្ពុជា។ ក្រៅនេះ ឯកឧត្តមនឹងខិតខំបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរផងដែរ។
ក្នុងនាមព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជឿជាក់ថា ក្នុងអាណតិ្តបេសសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៅកម្ពុជា ឯកឧត្តមនឹងបន្តថែរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ព្រមទាំងនឹងខិតខំជំរុញបន្ថែមទៀត នូវទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរជាងនេះទៀត ដើម្បីនាំមកនូវគុណប្រយោជន៍ដល់ប្រជាជនទាំងពីរទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។ ក្នុងនាមខ្លួនសម្តេចផ្ទាល់ ក៏ដូចជាព្រឹទ្ធសភា បានត្រៀមលក្ខណៈបន្តកិច្ចសហប្រតិបត្តិការដ៏ជិតស្និតនេះជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឺទ្ធសភា


