អាល្លឺម៉ង់សន្យាផ្តល់ប្រាក់ចំនួន ១,៤ ពាន់លានដុល្លារសម្រាប់កងទ័ពអ៊ុយក្រែន ក្នុងខួប១០ឆ្នាំនៃរលកបាតុកម្ម Maidan
គៀវ៖ ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ សប្តាហ៍នេះ បានបង្ហាញកញ្ចប់ជំនួយយោធាដ៏ធំមួយទៀត សម្រាប់អ៊ុយក្រែន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចភ្ញាក់ផ្អើលមួយ ទៅកាន់ទីក្រុងគៀវ របស់រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ស្របពេលខួបលើកទី ១០ នៃការតវ៉ាជាប្រវត្តិសាស្ត្រ Maidan ។
មេដឹកនាំសហភាពអឺរ៉ុប និងមេដឹកនាំប្រទេសម៉ុលដូវ៉ា ក៏មានវត្តមាន នៅក្នុងរដ្ឋធានី Kyiv របស់អ៊ុយក្រែន ជាមួយនឹងរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ នាពេលនោះ ផងដែរ ហើយដំណើរទស្សនកិច្ចពីសំណាក់មន្ត្រីជាន់ខ្ពស់លោកខាងលិចទាំងនេះ បានធានាដល់អ៊ុយក្រែន នូវការគាំទ្រផ្នែកយោធាបន្ថែមទៀត បើទោះជាពិភពលោកបានផ្លាស់ប្តូរ ការយកចិត្តទុកដាក់ ទៅលើបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា ហើយសំណួរជាច្រើនបានលេចឡើង ជុំវិញការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានប្រាប់ថា កញ្ចប់ថវិការបស់អាឡឺម៉ង់ ដែលមានតម្លៃ ១.៣ពាន់លានអឺរ៉ូ ឬស្មើនឹង ១.៤ ពាន់លានដុល្លារ រួមមានទាំងប្រព័ន្ធការពារដែនអាកាស IRIS T-SLM ចំនួន ៤ បន្ថែមទៀត និងគ្រាប់កាំភ្លើងធំជាច្រើនទៀត។ លោករដ្ឋមន្ត្រីអះអាងថា ជំនួយនេះត្រូវបានប្រកាស បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយសមភាគីអ៊ុយក្រែន គឺលោករដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Rustem Umerov នៅក្នុងទីក្រុង Kyiv ។ .
មុនពេលប្រកាសពីជំនួយនេះ លោក Pistorius ក៏បានទៅដាក់កម្រងផ្កា នៅទីលាន Maidan ហើយនៅទីនោះ លោកបានថ្លែង «ខ្ញុំមកទីនេះម្តងទៀត ដើម្បីសន្យាគាំទ្របន្ថែមទៀត ប៉ុន្តែក៏ដើម្បីបង្ហាញពីសាមគ្គីភាព និងចំណងដ៏ជ្រាលជ្រៅរបស់យើង ព្រមទាំងបង្ហាញពីការកោតសរសើររបស់យើង ចំពោះការប្រយុទ្ធដ៏ក្លាហាន និងមានតម្លៃ ដែលកំពុងធ្វើ នៅទីនេះ»
គួរបញ្ជាក់ថា ការបះបោរ Maidan គឺជារលកនៃបាតុកម្ម និងចលាចលស៊ីវិលក្នុងប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើម នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៣ ជាមួយនឹងការតវ៉ាដ៏ធំ នៅទីលានការ៉េ Maidan Nezalezhnosti ស្ថិតក្នុងទីក្រុង Kyiv ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត