WHO ៖ ប្រព័ន្ធសុខាភិបាលនៅហ្គាហ្សាគឺមហន្តរាយ ជិតដល់ការដួលរលំទាំងស្រុង
បរទេស៖ អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានព្រមានថា ស្ថានភាពប្រព័ន្ធសុខាភិបាលនៅហ្គាហ្សា ស្ថិតក្នុងមហន្តរាយ ជិតឈានដល់ការដួលរលំទាំងស្រុងហើយ។
លោក Michael Ryan នាយកប្រតិបត្តិនៃកម្មវិធីសង្គ្រោះបន្ទាន់ របស់អង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងសន្និសីទខ្លីមួយ ស្តីពីស្ថានភាពសុខាភិបាលនៅហ្គាហ្សាថា «ស្ថានភាពថែទាំសុខភាពបឋមនៅតំបន់ហ្គាហ្សា គឺមហន្តរាយ ហើយនឹងមើលឃើញពីការ
ការដួលរលំទាំងស្រុង នៃហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់ លើប្រព័ន្ធសុខាភិបាលរបស់ហ្គាហ្សា»។
លោក Ryan បាននិយាយទៀតថា «វាជាទំនួលខុសត្រូវរបស់ភាគីទាំងអស់នៃជម្លោះ ក្នុងការអនុញ្ញាតឱ្យមន្ទីរពេទ្យទាំងនោះ ត្រូវបានផ្គត់ផ្គង់ឡើងវិញ ដើម្បីធានាការផ្តល់សេវា និងផ្គត់ផ្គង់នូវតម្រូវការគ្រប់គ្រាន់ សម្រាប់ប្រជាជន»។
លោក Michael Ryan បាននិយាយទៀតថា សុវត្ថិភាពជាមូលដ្ឋានរបស់មន្ត្រីសុខាភិបាល នៅក្នុងតំបន់ Gaza មិនអាចធានាបានទេ នៅពេលនេះ ដោយលោកអះអាងថា «មិនអាចយល់បាន»។
ក្រុមគ្រូពេទ្យ និងអ្នកជំងឺត្រូវបានមើលឃើញពីការកើនឡើង កាន់តែខ្លាំងឡើង អំឡុងការប្រយុទ្ធគ្នា ខណៈដែលអ៊ីស្រាអែលបានពង្រីកប្រតិបត្តិការរបស់ខ្លួន នៅភាគខាងជើងតំបន់ហ្គាហ្សា ហើយមន្ទីរពេទ្យក៏ជាគោលដៅវាយប្រហារ ដោយសារអ៊ីស្រាអែលតែងតែសង្ស័យថា មន្ទីរពេទ្យជាទីតាំងប្រើប្រាស់ដោយពួកហាម៉ាស។ ក្រសួងសុខាភិបាលហ្គាហ្សាបានឲ្យដឹងថា អ៊ីស្រាអែលបានឡោមព័ទ្ធ និងថែមទាំងវាយលុកមន្ទីរពេទ្យឥណ្ឌូនេស៊ី ក្នុងទីក្រុង Jabalia កាលពីថ្ងៃចន្ទ សប្តាហ៍នេះ ដោយបានសម្លាប់មនុស្សរាប់សិបនាក់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត