សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះជានិមិត្តរូបនៃការបន្តកិច្ចការ នៅលើ គន្លងដែលមានស្រាប់ និងជានិមិត្តរូបនៃការបន្តនូវទំនាក់ទំនង ជាមួយប្រទេសជាមិត្ត
កំពង់ឆ្នាំង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានថ្លែងថា ថ្ងៃនេះគឺគម្រប់ ៣ ខែនៃការចាប់កំណើតរបស់រាជរដ្ឋាភិបាលកាលពីថ្ងៃទី២២ ខែសីហា កន្លងទៅ ដែលសភាបានអនុម័តគាំទ្រជាផ្លូវ ការឲ្យរាជរដ្ឋាភិបាលលេចរូបរាងឡើង។
សម្តេចធិបតី បន្តថា ថ្ងៃនេះជានិមិត្តរូបនៃការបន្តកិច្ចការនៅលើគន្លងដែលមានស្រាប់ ផ្លូវជាតិលេខ៥ ជាសមិទ្ធផលដែលបានបន្សល់ទុកពីសម័យមុន ក៏ជានិមិត្តរូបនៃការបន្តនូវទំនាក់ទំន ងជាមួយប្រទេសជាមិត្តហើយជាការបន្តនូវអ្វីដែលរាជរដ្ឋាភិបាលអាណត្តិទី៦ បានធ្វើ ជាពិសេសទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនដែលយើងត្រូវបន្តបន្ថែមទៀត។
សម្ដេចធិបតី បានប្រកាសថា ២២ វិច្ឆិកា ២០២៣ ជាថ្ងៃពិសេសមួយដែលបង្ហាញពីនិម្មិតរូបនៃការបន្តអភិវឌ្ឍន៍, និម្មិតរូបនៃការបន្តទំនាក់ទំនងជាមួយបណ្ដាប្រទេសនានា, និម្មិតរូបនៃខួបទី ៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន, និម្មិតរូបនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលកាន់តែរឹងមាំ។
ក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់ភាគីមិត្តនៅតាមបណ្ដាប្រទេសនានាថា កម្ពុជា ប្រកាន់ជំហរនយោបាយការបរទេស ដោយឈរលើគោលការណ៍និរន្តរភាព និងចីរភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥ ចាប់ពីព្រែកក្ដាម ទៅដល់ខេត្តបាត់ដំបង ប្រវែងជាង ២៤៦ គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែងជាង ៣៥ គីឡូម៉ែត្រ ក្រោម ឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន ។
សម្តេចធិបតី បានមានប្រសាសន៍ថា និមិត្តរូបនៃការកសាងផ្លូវជាតិលេខ៥ គឺបានបង្ហាញពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍផ្លូវគមនាគមន៍កាន់តែល្អសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរកាន់តែងាយស្រួល និងមានសុវត្ថិភាព ។ ផ្លូវជាតិលេខ៥ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយ និងខ្សែផ្លូវសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មាន សក្តានុពលដែលបានតភ្ជាប់ចាប់ពីរាជធានី ភ្នំពេញ ខេត្តកណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងបណ្តាខេត្ត ជាប់ព្រំប្រទល់ផ្សេងៗដទៃទៀត ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការស្ថាបនាផ្លូវ គឺជាការងារអាទិភាពដ៏ធំមួយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ខណៈផ្លូវ គឺជាសរសៃឈាមមួយយ៉ាងសំខាន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមពាក្យថា មានផ្លូវ មានសង្ឃឹម ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ