សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ពលរដ្ឋទូទាំង ប្រទេស ពិសេស ពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ដែលបានបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា
កំពង់ឆ្នាំង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារជាថ្មីម្តងទៀតថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេស ពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ដែលបាននាំគ្នាចេញទៅបោះឆ្នោត ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាភ្លូកទឹកភ្លូកដី។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥ ចាប់ពីព្រែកក្ដាម ទៅដល់ខេត្តបាត់ដំបង ប្រវែងជាង ២៤៦ គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែងជាង ៣៥ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន ។
សម្តេចធិបតី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានបំពេញកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋ ដោយបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រទេស តាមបែបលទ្ធិប្រជាធិបតេយ្យ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការជ្រើសរើសនូវអ្នកដឹកនាំរាជរដ្ឋាភិបាលដើម្បីបម្រើប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសតាងតំណាងរាស្ត្រអាណត្តិទី៧ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងមានចំនួនច្រើកុះករ ភ្លូកទឹកភ្លូកដី បានទៅបំពេញកាតព្វកិច្ចខ្លួនតាមរយៈការបោះឆ្នោតកន្លងទៅនេះ។
សម្តេច ថា ក្នុងខេត្តកំពង់ឆ្នាំង មានប្រជាពលរដ្ឋរហូតដល់ជាង ៨៧,៣១ភាគរយ បានចេញទៅបោះឆ្នោត ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧ ។ សម្តេច បន្តថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យឈ្នះឆ្នោតភ្លូកទឹកភ្លូកដី គឺជាកត្តាសំខាន់ដែលអាចធ្វើឲ្យរាជរដ្ឋាភិបាលអាណត្តិទី៧ បន្តបម្រើប្រជាពលរដ្ឋតទៅទៀត ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ