នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសប្រែក្លាយខេត្តកំពង់ឆ្នាំង ទៅជាទីតាំងសកម្មភាពសេដ្ឋកិច្ច
កំពង់ឆ្នាំង៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្រែក្លាយខេត្តកំពង់ឆ្នាំង ទៅជាទីតាំងសកម្មភាពសេដ្ឋកិច្ច ខណៈរាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជាផ្លូវទឹក ផ្លូវគោក និងផ្លូវដែក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដូច្នេះ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥ ចាប់ពីព្រែកក្ដាម ទៅដល់ខេត្តបាត់ដំបង ប្រវែងជាង ២៤៦ គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែងជាង ៣៥ គីឡូម៉ែត្រ ក្រោម ឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន ។
សម្តេចធិបតី បានមានប្រសាសន៍ថា៖ ផ្លូវជាតិលេខ៥ នេះគឺសំខាន់ ផ្លូវនេះគឺជួយចិញ្ចឹមសរសៃឈាមមួយ វាមិនមែនចិញ្ចឹមពីតែបាតដៃមកបេះដូង គឺនៅតាមផ្លូវនោះគឺអវៈយវៈយើងគឺរស់ទាំងអស់ គឺតាមនៅខេត្តនេះគឺរីកចម្រើន ។
សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជា៖ ផ្លូវទឹក ផ្លូវគោក និងផ្លូវដែក។ ជាមួយនឹងបន្តពង្រីកផ្លូវជាតិ ពីស្គន់ទៅកំពង់ចាមបន្ថែមទៀត និងផ្លូវពីខេត្តកំពត ទៅខេត្តព្រះសីហនុ ក៏កំពុងតែពង្រីកបន្ថែមផងដែរ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ