ប្រទីបរបស់ក្រសួងបរិស្ថាន ក្នុងពិធីបុណ្យអុំទូកបានបង្ហាញពីយុទ្ធសាស្រ្តឈានឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងដោយចីរភាព

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានដំឡើងប្រទីបរបស់ខ្លួន រួចរាល់ហើយ ដើម្បីចូលរួមដាក់តាំងបង្ហាញអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

ក្រសួងបរិស្ថានបានឱ្យដឹងថាប្រទីបដែលនឹងបង្ហាញខ្លួនក្នុងពិធីបុណ្យអុំទូកខាងមុខនេះ ត្រូវបានរចនាឡើងព្រមទាំងក្បូរក្បាច់រចនាបែបខ្មែរ ដោយយកនិម្មិត្តសញ្ញានៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ជាគោល និងបានរចនាឡើងជារូបរង្វង់ ដោយមាន យុទ្ធសាស្រ្តស្នូល ផ្តោតលើមុំចំនួន៣ រួមមាន ពង្រឹងគោលនយោបាយ កសាងរដ្ឋបាលឌីជីថល និងពង្រីកការផ្សព្វផ្សាយ និងចលនាចល័តវិលរុញបង្វិលយុទ្ធសាស្រ្តបីផ្សេងទៀត ឱ្យដំណើរការដោយជោគជ័យ គឺ យុទ្ធសាស្រ្ត ភាពស្អាត ភាពបៃតង និងដោយចីរភាព។

ក្រៅពីនេះប្រទីបក៏ បានរចនាឡើង អមដោយសមិទ្ធផលធំៗក្នុងរយៈពេលកន្លងមក និងផែនការសកម្មភាពក្នុងវិស័យបរិស្ថានផងដែរ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដែលបានចាត់ ទុកការកែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាព របស់រាជរដ្ឋាភិបាល ហើយបានដាក់បញ្ចូល នូវក្របខណ្ឌការងាររបស់ក្រសួងបរិស្ថានចំនួន៥ រួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន, ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុប្រកបដោយចីរភាព, និងការលើកកម្ពស់ការទូតបៃតង។

គួរបញ្ចាក់ថា ក្រសួងបរិស្ថានបានដាក់ចេញនូវការងារអាទិភាពចំនួន ៣ ដែល ត្រូវជំរុញក្នុងរយៈពេល ១០០ថ្ងៃ ដំបូង រួមមាន៖ ទី១ ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក, ទី២ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលយកចិត្តទុកជាសំខាន់ គឺជំរុញការបណ្តុះនិងដាំកូនឈើ សំដៅបង្កើនគម្របព្រៃឱ្យដល់៦០% នៅឆ្នាំ២០៥០ និង ទី៣ ការបង្កើនទេសចរណ៍ធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន សំដៅធានាបាននូវសហគមន៍ចីរភាពនិងអព្យាក្រឹត្យកាបូន។
ក្នុងឆ្នាំនេះ រាជរដ្ឋាភិបាលបានត្រៀមរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក លយប្រទីប សំពះព្រះខែ និងអកអំបុក ឱ្យបានមហោឡារិក និងអធិកអធម ក្នុងនោះក្រៅពីមានពិធីប្រឡងប្រណាំងទូកង នឹងមានប្រទីបចំនួន៣០ របស់ក្រសួង ស្ថាប័ន នឹងបណ្តែតបង្ហាញខ្លួន ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner