សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការទាញវិនិយោគមកកម្ពុជា តាមរយៈក្រុមហ៊ុនវិនិយោគផ្សេងៗ គឺដើម្បីបង្កើតដង្ហើមសេដ្ឋកិច្ច
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការទាញវិនិយោគមកកម្ពុជា តាមរយៈក្រុមហ៊ុនវិនិយោគផ្សេងៗ គឺដើម្បីបង្កើតដង្ហើមសេដ្ឋកិច្ច ហើយកាលពីថ្ងៃទី២១ ខែវិច្ឆកា សម្តេចបានជួបជាមួយអ្នកវិនិយោគជប៉ុនជាច្រើនរូប ដែលមានគម្រោងនៅក្នុងការពង្រីកនៅក្នុងការវិនិយោគទៅលើវិស័យបណ្តុះបណ្តាលទៅលើផ្នែកអាយធីផ្សេងៗ គឺប្រើប្រាស់ធនធានវិនិយោគ។ ការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមរហូតដល់ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ការទាក់ទងភ្ជាប់ទំនាក់ទំនងបើកច្រកទំនាក់ទំនងជាមួយបណ្តាប្រទេស ដើម្បីទាញនូវទំនាក់ទំនងប្រជាជន និងប្រជាជន និងវិស័យទេសចរណ៍ផ្សេងៗ។ សម្តេចបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល៣ខែនេះ រដ្ឋាភិបាលមិនបានដេក ហើយក៏មិនបានដើរខ្ចីលុយគេនោះទេ។ ប៉ុន្តែយើងទាញនៅក្នុងផលិតផលគ្រប់រូបភាពទាំងអស់ ដើម្បីបម្រើប្រជាពលរដ្ឋ។ ជាពិសេសវិស័យឯកជន គឺជាដង្ហើមធំណាស់។ ផ្លូវជាតិលេខ៥ ពីព្រែកក្តាមរហូតដល់ខេត្តបាត់ដំបង ដែលយើងធ្វើនៅក្នុងឥណទានក៏ដោយ ប៉ុន្តែបម្រើឱ្យការរីកចម្រើននៅក្នុងវិស័យឯកជនប្រព័ន្ធដឹកជញ្ជូន ឡូជីស្ទិក វិស័យកសិកម្ម ឧស្សាហកម្មដំណើរការបាន។ ការប្រើប្រាស់និងការវិនិយោគទាំងរូបភាពកម្ចី និងរូបភាពផ្សេងៗយើងបានប្រើ ដើម្បីផលប្រយោជន៍ជូនប្រជាពលរដ្ឋរបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានចំណាប់អារម្មណ៍បន្ថែមទៅលើការវិនិយោគថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដាក់ទិសដៅគោលដៅសំខាន់ គឺ៖ ទី១.ជំរុញកំណើនសេដ្ឋកិច្ច ទី២.បង្កើនការងារឱ្យច្រើនជូនប្រជាពលរដ្ឋ ការងារដែលមានគុណភាព ការងារដែលមានបៀវត្ស និងអត្ថប្រយោជន៍ និងជំនាញផ្សេងៗឱ្យប្រជាពលរដ្ឋ ការងារដែលផ្តល់នូវការគាំពារសិទ្ធិ ការគាំពារសុខមាលភាពដល់ប្រជាពលរដ្ឋ ទី៣.សមធម៌ គឺការចែករំលែកនៅក្នុងផលទាំងអស់ កុំឱ្យប្រមូលផ្តុំនៅក្រុមណាមួយ កុំឱ្យប្រមូលផ្តុំនៅកន្លែងណាមួយ កុំឱ្យធ្វើទៅរីកតែភ្នំពេញ ខេត្តផ្សេងៗអត់រីកចម្រើនកាន់តែលបាក ទី៤.បង្កើនប្រសិទ្ធភាពដើម្បីធ្វើយ៉ាងណារដ្ឋបាលថ្នាក់ជាតិ ក្រោមជាតិ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ លើកទឹកចិត្តនិងជំរុញការវិនិយោគនៅតាមបណ្តារាជធានី ខេត្តនិងទី៥.ឱ្យមានចីរភាពធ្វើអ្វីត្រូវមាននិរន្តភាព និងចីរភាព៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត