ឯកអគ្គរាជទូតចក្រភពអង់គ្លេស ពិនិត្យមើលលទ្ធភាព ដើម្បីចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអធិការកិច្ច

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យឯកឧត្តម ដូមីនិក វីល្លៀម(Dominic Williams) ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្តែងការ គួរសមនិងពិភាក្សាការងារ កាលពីថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០២៣នៅទីស្តីការក្រសួងអធិការកិច្ច។

កិច្ចពិភាក្សាការងារនៃមន្រ្តីជាន់ខ្ពស់ទាំងពីររូបបានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ រវាងកម្ពុជានិងចក្រភព អង់គ្លេសនាពេលកន្លងមក រួមមាន វិស័យពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ វិស័យ អប់រំ ទេសចរណ៍ និងសិទ្ធមនុស្សជាដើម ។

ក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេសចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្តល់ជំនួយជាច្រើន ដល់ ប្រទេសកម្ពុជាមានជាអាទិ៍ ជំនួយវ៉ាក់សាំង AstraZeneca នៅក្នុងវិបត្តិជំងឺកូវីដ ១៩, សាលាក្តី ខ្មែរក្រហម សកម្មភាពកម្ចាត់មីន និងវិស័យអប់រំក្រោម អាហារូបករណ៍ឈឺវិននឹង (Chevening)។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនពីផែនការបេសកម្មរបស់ក្រសួងអធិការកិច្ចដែលផ្តោតសំខាន់លើកាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហើយសារៈសំខាន់ នៃវិស័យ អធិការកិច្ច ដែល «អធិការកិច្ចជាភ្នែក ជាត្រចៀករបស់ ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធ របស់ថ្នាក់ក្រោម»។

ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើទៅកាន់ឯកអគ្គរាជទូតផ្សារភ្ជាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ចនិងស្ថាប័នដែលបំពេញការងារលើវិស័យអធិការកិច្ចនៅចក្រភពអង់គ្លេសដើម្បីអាចធ្វើការផ្លាស់ប្តូរនិងដកស្រង់បទពិសោធល្អៗក្នុងការពង្រឹង សមត្ថភាព ស្ថាប័ន។

ជាការឆ្លើយតបឯកឧត្តម Dominic Williams ឯក អគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជារីករាយស្វាគមន៍ទទួលយកសំណើផ្សារភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការដោយ សម្របសម្រួលឱ្យមានការជួប ពិភាក្សារវាងក្រុមការងារបច្ចេកទេសដែលមកពីចក្រភពអង់គ្លេស និងតំណាងក្រសួង អធិការកិច្ចនាពេលឆាប់ៗខាង មុខនេះ៕ ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner