ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ៖ រយៈពេល៣ខែ ក្នុងសកម្មភាពការទូតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺខ្លាំងមែនទែន
ភ្នំពេញ៖ ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលលបន្ទុកកិច្ចការ ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា រយៈពេលបីខែក្រោយពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឡើងគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជានាយករដ្ឋមន្ត្រី, វេលានេះជាពេលត្រូវងាកក្រោយ ដើម្បីបូកសរុបលទ្ធផល, ធ្វើតុល្យការលើកដំបូង។ ដោយឯកឧត្តមបានលើកឡើងតែពីតុល្យការបីខែដំបូងនៃសកម្មភាពទូតរបស់សម្តេចធិបតី។
ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ បានបន្តថា បើពិនិត្យមើលសម្តេចធិបតី នៅលើឆាកតំបន់និងអន្តរជាតិ, បើពិនិត្យមើលលម្អិតទៅលើរបៀបធ្វើសកម្មភាពទូត និងលទ្ធផលនៃសកម្មភាពទូតរបស់សម្តេចធិបតី ក្នុងអំឡុងបីខែចុងក្រោយនេះ គេនឹងយល់ភ្លាមថា នយោបាយការបរទេសរបស់ប្រមុខរាជរដ្ឋាភិបាលថ្មីនៃកម្ពុជា ស្តែងឱ្យឃើញនូវជ្រុង ឬមុំសំខាន់ៗ ចំនួនបី៖ ទី១ គឺការទូតសកម្ម ទី២ គឺស្នូលសេដ្ឋកិច្ចនៃសកម្មភាពទូត និងទី៣ គឺសារៈសំខាន់នៃសារនយោបាយទូត។
អ្វីដែលគួរកត់សម្គាល់មុនគេ ពេលនិយាយពីសកម្មភាពទូតបីខែចុងក្រោយនេះ គឺការទូតដ៏សកម្មខ្លាំងមែនទែនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតុ។ ក្នុងអំឡុងពេលជិត១០០ថ្ងៃចុងក្រោយនេះ សម្តេចធិបតី ធ្វើដំណើរឆ្លងកាត់ទ្វីបចំនួន៣ និងប្រទេសចំនួន៤ ធ្វើដំណើរទៅមក ពីក្នុងស្រុក-ទៅក្រៅស្រុក-ពីក្រៅស្រុក មកក្នុងស្រុកវិញ គិតជាចម្ងាយសរុបប្រមាណជិត៦ម៉ឺនគីឡូម៉ែត្រ។ សកម្មភាពនៅក្រៅស្រុកទាំងអស់នេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ រួមមាន៖ ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងយ៉ាកាតា ប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃ៤ ដល់៧កញ្ញា។ បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងចូលរួមក្នុងពិព័ណ៍អាស៊ាន-ចិន ពីថ្ងៃ១៤ ដល់១៧កញ្ញា។ ចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពីថ្ងៃ២១ដល់២៣ ខែកញ្ញា។ ចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំងប្រទេសចិន, រួចហើយបង្ហួសទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ពីថ្ងៃ១៦ដល់ថ្ងៃ២១តុលា។
ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ បានចោទសួរថា ហេតុអ្វីជាការទូតមួយសកម្មខ្លាំងម្ល៉េះ សម្រាប់សម្តេចធិបតី? ម្យ៉ាង ដូចលើកឡើងខាងលើ ពីព្រោះមានព្រឹត្តការណ៍អន្តរជាតិច្រើនដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាត្រូវចូលរួម។ ម្យ៉ាងទៀត ពីព្រោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដាក់ចេញជាគោលការណ៍ថា ត្រូវតែពង្រីកមិត្តភាពថ្មី, ពង្រឹងមិត្តភាពចាស់, និងតាមរយៈអភិក្រមការទូតនេះ, ណែនាំថ្នាក់ដឹកនាំពិភពលោកឱ្យស្គាល់សម្តេច ក្នុងឋេរវេលាមួយដ៏ខ្លីជាទីបំផុត។ សម្រាប់ សម្តេចធិបតី ការស្គាល់សម្តេច ជានាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា ពីសំណាក់បណ្តាប្រទេសជិតខាង បណ្តាប្រទេសក្នុងតំបន់ និងបណ្តាប្រទេសដទៃទៀតក្នុងលោក ទោះជាគោលការណ៍ ជាផ្លូវការ ឬជាសាច់ការណ៍ជាក់ស្តែងយ៉ាងណាក៏ដោយ ជាការមួយចាំបាច់ និងប្រញាប់ជាទីបំផុត។ ចាំបាច់ជាទីបំផុត ពីព្រោះ បន្តវេនពីសម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវធ្វើការជាមួយថ្នាក់ដឹកនាំបរទេស ជាទ្វេភាគី ឬជាពហុភាគី ក្នុងក្របខណ្ឌ អនុតំបន់ តំបន់ និងអន្តរជាតិ។ ប្រញាប់ជាទីបំផុត ពីព្រោះ សម្តេចធិបតី មិនចង់ខាតពេល ហើយចង់រួសរាន់ប្រមូលកម្លាំងកាយនិងកម្លាំងប្រាជ្ញា ដើម្បីងាកមកចាត់ចែងកិច្ចការផ្ទៃក្នុងប្រទេសឱ្យបានឆាប់ជាទីបំផុត។
ឯកឧត្តមបានបន្តទៀតថា ក្នុងរយៈពេលបីខែចុងក្រោយនេះ រាប់ទាំងនៅក្រៅស្រុកនិងទាំងនៅក្នុងស្រុក សម្តេចធិបតី ជួប, ជាទ្វេភាគី, ជាមួយថ្នាក់ដឹកនាំបរទេសចំនួន៤៥លើក រាប់តាំងពីប្រធានាធិបតី(Xi Jinping, Joko Widodo, Vo Van Thuong, Thongloun Sisoulith, Yoon Suk Yeol, José Ramos-Horta) រាប់តាំងពីនាយករដ្ឋមន្ត្រី(Li Qiang, Fumio Kishida, Pham Minh Chinh, Phankham Viphavanhm, Srettha Thavisin), រាប់តាំងពីអគ្គលេខាធិការអង្គការសហប្រជាជាតិ, ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី(Subrahmnyam Jaishankar, Victoria Nuland, Mauro Vieira), ប្រធានរដ្ឋសភា, សមាជិកព្រឹទ្ធសភា និងឯកអគ្គរដ្ឋទូត ដូចជា ឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុប, អាមេរិក, អង់គ្លេស, ឥណ្ឌា, រុស្ស៊ី…។ល។
អភិក្រមដែល សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញក្នុងការណែនាំនិងញ៉ាំងថ្នាក់ដឹកនាំពិភពលោកឱ្យស្គាល់សម្តេច, មែនទែនទៅ, ប្រព្រឹត្តទៅរលូនល្អនិងយ៉ាងងាយស្រួលជាទីបំផុត។ ទាំងនេះគឺមកពី សម្តេចធិបតី ជានាយករដ្ឋមន្ត្រីស្របច្បាប់។ ជានាយករដ្ឋមន្ត្រីស្របច្បាប់, ខ្ញុំសូមរំឭកឡើងវិញ, ពីព្រោះដើមឡើយ ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាបេក្ខជនផ្លូវការនៃបក្សប្រជាជនកម្ពុជា, ពីព្រោះបន្ទាប់មក បក្សប្រជាជនកម្ពុជាជាអ្នកឈ្នះឆ្នោតនៅខែកក្កដា២០២៣, ពីព្រោះក្រោយមកទៀត ព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់ឱ្យចាត់តាំងបេក្ខជន ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងពីព្រោះនៅទីបំផុត រដ្ឋសភាថ្មីបោះឆ្នោតគាំទ្រ បេក្ខជន ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ប្រភពដដែលបានលើកឡើងថា យ៉ាងណាមិញ ការណ៍ដែលថ្នាក់ដឹកនាំបរទេសស្គាល់ សម្តេចធិបតី យ៉ាងលឿនរហ័សនិងយ៉ាងងាយស្រួលជាទីបំផុត គឺក៏ដោយសារតែគុណសម្បត្តិផ្ទាល់ខ្លួនជាច្រើនរបស់សម្តេចធិបតីដែរ។ ក្នុងចំណោមគុណសម្បត្តិទាំងនោះ រួមមានទីមួយ គឺសមត្ថភាពនិងចំណេះដឹង Academi ដែលមិនចាំបាច់បង្ហាញ និងដែលសញ្ញាបត្ររបស់សម្តេច ជាអ្នកបង្ហាញជំនួស។ និយាយបែបផ្សេង ថ្នាក់ដឹកនាំបរទេស មុននឹងជួបសម្តេច សុទ្ធតែដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញពីសាលាយោធាអាមេរិក West Point, និងជាបណ្ឌិតសេដ្ឋកិច្ចចេញពីមហាវិទ្យាល័យអង់គ្លេស Bristol។ ទីពីរ គឺសមត្ថភាពដ៏ជាក់ច្បាស់មួយដែលសម្តេចធិបតីបាននិងកំពុងបន្តបង្ហាញ, នោះគឺការក្តាប់បានយ៉ាងល្អនិងយ៉ាងលម្អិត សំណុំរឿងម៉ាក្រូ ដូចជាបញ្ហាភូមិសាស្ត្រនយោបាយពិភពលោក, បញ្ហាសេដ្ឋកិច្ចពិភពលោក និងសំណុំរឿងមីក្រូ ដូចជាទំនាក់ទំនងទ្វេភាគីគ្រប់វិស័យរវាងកម្ពុជានិងបណ្តាប្រទេសជិតខាង ឬរវាងកម្ពុជានិងបណ្តាប្រទេសក្នុងតំបន់ ឬក៏រវាងកម្ពុជានិងបណ្តាប្រទេសដទៃផ្សេងទៀតនៅក្នុងលោក។ រីឯគុណសម្បត្តិទីបីវិញ របស់សម្តេចធិបតី គឺរួមមាន ការចេះ និងពូកែដឹកនាំដែលមានមកពីធម្មជាតិ Natural Leadership, និងបុគ្គលិកលក្ខណៈសុភាពរាបសារតែម៉ឺងម៉ាត់។ល។និង ។ល។…
ជាលទ្ធផលជាក់ស្តែង នៅក្នុងវិស័យការទូត គឺជាជោគជ័យធំ។ ម្យ៉ាង ថ្នាក់ដឹកនាំបរទេស ក្នុងឆាកតំបន់អាស៊ីក៏ដូចក្នុងឆាកអន្តរជាតិ ទទួលស្គាល់និងស្គាល់រឹងរឹតពីច្បាស់ឡើង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងទៀត ជោគជ័យមានលក្ខណៈធំ ពីព្រោះក្នុងរយៈពេលតែបីខែប៉ុណ្ណោះ សម្តេចធិបតី ពង្រឹងបានល្អ «មិត្តភាពចាស់» ពិសេស ជាមួយបណ្តាប្រទេសជិតខាង, ដូចជា ថៃ វៀតណាម ឡាវ, ជាមួយបណ្តាប្រទេសក្នុងអាស៊ាន ជាមួយបណ្តាប្រទេសក្នុងតំបន់ ដូចជា ចិន រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ព្រមទាំងជាមួយបណ្តាប្រទេសអឺរ៉ុបនិងអាមេរិក។ ម្យ៉ាងចុងក្រោយ ជោគជ័យមានលក្ខណៈធំ ពីព្រោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេលបីខែកន្លងទៅនេះ ផ្តើមពង្រីកបានល្អ «មិត្តភាពថ្មី» ក្នុងវិស័យការទូត ឧទាហរណ៍ជាមួយកោះឃុក(Cook Island)…
ទន្ទឹមនេះ ក្នុងអំឡុងពេលបីខែចុងក្រោយនេះ អ្នកណាក៏កត់សម្គាល់ឃើញដែរ ទាំងខ្ញុំ និង ទាំងបណ្តាប្រតិភូដទៃដែលអមដំណើរសម្តេច ព្រមទាំងអស់លោកដែលជាអ្នកសារព័ត៌មាន, សុទ្ធតែកត់សម្គាល់ឃើញថា អាទិភាពចម្បងមួយធំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺការទូតសេដ្ឋកិច្ច ឬស្នូលសេដ្ឋកិច្ចនៃសកម្មភាពទូត ដូចខ្ញុំគូសបញ្ជាក់ខាងដើម ឬក៏បើតាមពាក្យសំដីរបស់សម្តេចផ្ទាល់ គឺ ដើរទាក់ម៉ូយ និយាយបែបផ្សេង គឺ ស្វែងរកប្រយោជន៍សេដ្ឋកិច្ចមកឱ្យប្រជាជាតិកម្ពុជា។ ក្នុងន័យនេះ គ្រប់ជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំបរទេស សុទ្ធតែជាឱកាសសម្រាប់សម្តេចធិបតី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយថ្នាក់ដឹកនាំបរទេសទាំងអស់ សុទ្ធតែឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើច្រើនវិស័យ ដូចជា ពាណិជ្ជកម្ម វិនិយោគកសិកម្ម អប់រំ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងពិសេស ការតភ្ជាប់រវាងប្រជាជននិងប្រជាជន។
ក្នុងន័យដូចគ្នា គ្រប់ទស្សនកិច្ចនៅបរទេស គ្រប់ព្រឹត្តការណ៍តំបន់និងអន្តរជាតិផ្សេងៗ ក៏ដូចព្រឹត្តការណ៍មួយចំនួនក្នុងនៅក្នុងស្រុកខ្មែរ សុទ្ធតែជាឱកាសសម្រាប់ សម្តេចធិបតី ដើម្បីជួបធុរជននិងវិនិយោគិនបរទេស ក្នុងគោលដៅ ទាក់ទាញពួកគេឱ្យបង្កើនការដាក់ទុនរកស៊ីនៅកម្ពុជា, ក្នុងគោលដៅ បញ្ចុះបញ្ចូលពួកគេ ឱ្យមកសិក្សាពីលទ្ធភាពវិនិយោគនៅកម្ពុជា និងសុទ្ធសឹងជាឱកាស សម្រាប់ សម្តេចធិបតី ដើម្បីចូលរួមក្នុងវេទិកាធុរកិច្ច (រួមមានជាអាទិ៍ កិច្ចប្រជុំធុរកិច្ចនិងវិនិយោគអាស៊ាន នៅហ្សាកាតា, កិច្ចប្រជុំកំពូលធុរកិច្ចក្នុងក្របខណ្ឌកិច្ចព្រមព្រៀងអាសិប នៅណាននីង, វេទិកាធុរកិច្ចសហរដ្ឋអាមេរិក-កម្ពុជា, នៅញូវយ៉ក, ជំនួបនៅភ្នំពេញរវាងសម្តេចធិបតី និងក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន។ល។និង។ល។)។ ហើយជាទូទៅ ធុរជននៃតំបន់អាស៊ាន និងអន្តរជាតិ សុទ្ធតែបង្ហាញនូវបំណងចង់មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ចំពោះ សម្តេចធិបតី ទាំងអស់នេះ គឺសម្រាប់ផលប្រយោជន៍របស់ជាតិខ្មែរ សម្រាប់ផលប្រយោជន៍របស់ប្រជាជនខ្មែរ។ ហើយការស្វែងរកប្រយោជន៍សេដ្ឋកិច្ចមកជូនប្រជាជាតិខ្មែរនេះ គឺសុទ្ធតែត្រូវបន្ស៊ីគ្នាទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ពោលគឺ ក្នុងគោលដៅនាំមកនូវ «កំណើន ការងារ ប្រសិទ្ធភាព និង ចីរភាព» និងក្នុងគោលដៅកំណត់យកអាទិភាពគន្លឹះទាំង៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ពិសេស បច្ចេកវិទ្យាឌីជីថល »៕