អនុប្រធានទី១ ព្រឹទ្ធសភា ជួបពិភាក្សាការងារទ្វេភាគីជាមួយអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ដើម្បីពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត
ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយលោកជំទាវ សិន យេយេ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសលោកជំទាវដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា បានស្វាគមន៍ និងចាត់ទុកដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូនាពេលនេះ ពិតជាមានសារៈសំខាន់ដល់ការថែរក្សាពូនជ្រំ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងរវាងសភាទាំងពីរ ឱ្យកាន់តែរឹងមាំគង់វង្សស្ថិតស្ថេរ ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។
ក្នុងឱកាសនោះ លោកជំទាវ សិន យេយេ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។ លោកជំទាវ សិន យេយេ បានអបអរសាទរចំពោះប្រទេសកម្ពុជា ដែលទទូលបានជោគជ័យក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ និងបានបង្កើតរដ្ឋសភានីតិកាលថ្មី និងរាជរដ្ឋាភិបាលថ្មីដោយរលូន។ លោកជំទាវជឿជាក់ថា នាពេលអនាគតប្រទេសកម្ពុជានឹងទទួលបានសមិទ្ធផលធំៗជាច្រើនទៀត ក្នុងការកសាង និងអភិវឌ្ឍប្រទេស ដែលនាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។
ក្នុងឱកាសដ៏ល្អប្រពៃនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនគ្នាលើបញ្ហាទ្វេភាគី និងកង្វល់រួមរបស់ប្រទេសទាំងពីរ។ ក្នុងនោះ ភាគីទាំងពីរបានឯកភាពនិងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ដែលបន្តរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ រហូតត្រូវបានលើកកម្ពស់ទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” និងត្រូវបានប្រសិទ្ធនាមជា “មិត្តដែកថែប”។ ភាគីទាំងពីរបានសម្តែងនូវការអបអរសាទរចំពោះឆ្នាំ២០២៣នេះ ដែលជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងជា ”ឆ្នាំមិត្តភាពចិន-កម្ពុជា” ទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុត។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានប្តេជ្ញាចិត្តក្នុងការជំរុញការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មីក្រោម “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” ដោយផ្តោតវិស័យអាទិភាពចំនួន០៦៖ ១.នយោបាយ, ២.គុណភាព និងសមត្ថភាពផលិតកម្ម, ៣.កសិកម្ម, ៤,ថាមពល, ៥. សន្តិសុខ, និង ៦.ការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
ភាគីទាំងពីរបានឯកភាពគាំទ្រការកំណត់យកឆ្នាំ២០២៤ ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងកម្ពុជា និងចិន” ដែលត្រូវបានប្រកាសរួមគ្នាដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កាលពីខែតុលាថ្មីៗនេះ នៅទីក្រុងប៉េកាំង។ ជាមួយគ្នានោះ ភាគីទាំងពីរបានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះការកើនឡើងនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយមានជំនឿថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន រួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន៣.០ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំហំពាណិជ្ជកម្មររវាងប្រទេសទាំងពីរកាន់តែកើនឡើង និងធ្វើឱ្យកាន់តែប្រសើរឡើងនូវតុល្យភាពនៃជញ្ជីងទូទាត់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទន្ទឹគ្នានោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអន្តរជាតិនៃកិច្ចសហប្រតិបត្តិការ “ខ្សែ ក្រវ៉ាត់ និងផ្លូវ” ដែលសម្រេចបានក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ដែលបានផ្តល់លក្ខខណ្ឌអំណោយផលជាច្រើនដល់ការអភិវឌ្ឍ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
ក្នុងក្របខ័ណ្ឌទ្វេភាគី ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អររវាងសភានៃប្រទេសទាំងពីរ តាមរយៈការបន្តផ្លាស់ប្តូរទស្សនកិច្ច និងមានជំនួបរវាងគ្នាទៅវិញទៅមក។ ក្នុងក្របខ័ណ្ឌពហុភាគី សភានៃប្រទេសទាំងពីរបានបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននិងប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព វិបុលភាពក្នុងតំបន់ និងអន្តរជាតិ។
ក្នុងឱកាសដ៏ថ្លៃថ្លានោះ ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតស៊ឹម កា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងឆាប់រហ័ស ព្រមទាំងបានជួយពង្រឹងភាពជាម្ចាស់ និងឯករាជ្យភាពរបស់កម្ពុជា។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានអបអរសាទរជាមួយប្រជាជន បក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាល ចំពោះសមិទ្ធផលដ៏ធំធេង និងដ៏អស្ចារ្យក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដ៏ត្រចះត្រចង់របស់សាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់បក្សកុម្មុយនីស្តចិន រដ្ឋាភិបាល និងកម្លាំងសាមគ្គីរបស់ប្រជាជនចិន។ ឯកឧត្តមបានប្រសិទ្ធពរជូនសាធារណរដ្ឋប្រជាមានិតចិនឈានឆ្ពោះទៅសម្រេចបាននូវគោលដៅក្នុងការ “កសាងប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា” នៅឆ្នាំ២០៤៩ និងសូមគាំទ្រតួនាទីដឹកនាំសកលឈានមុខដ៏សំខាន់របស់ប្រទេសចិន ក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងពិភពលោក។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានគូសបញ្ជាក់ថា កម្ពុជានិងចិន គឺជាអ្នកជិតខាងល្អ ជាមិត្តល្អ បងប្អូនល្អ និងជាដៃគូល្អ ហើយជាគំរូទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ។ កម្ពុជាបន្តគាំទ្រក្របខណ្ឌ និងយន្តការកិច្ចសហប្រតិបតិ្តការអន្តរជាតិ និងគំនិតផ្តួចផ្តើមនានារបស់ចិន ដែលដើរតួនាទីយ៉ាងសំខាន់ សម្រាប់បម្រើឱ្យការអភិវឌ្ឍរួម និងកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ។ កម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវ “គោលនយោបាយចិនតែមួយ”។ ជាមួយគ្នានោះ ព្រឹទ្ធសភាកម្ពុជាបន្តគាំទ្រដោយពេញលេញរាល់សេចក្តីសម្រេចនានា ដែលធ្វើឡើងដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន ក្នុងក្របខណ្ឌយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ព្រឹទ្ធសភាកម្ពុជាត្រៀមខ្លួន និងប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀតរវាងស្ថាប័ននីតិប្បញ្ញតិ្ត នៃប្រទេសទាំងពីរ។
ក្នុងនាមព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងសភាប្រឹក្សានយោបាយប្រជាជនចិន ដែលបានជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ចាប់តាំងពីនីតិកាលទី១របស់ព្រឹទ្ធសភារហូតមកដល់បច្ចុប្បន្ននេះ។ ព្រឹទ្ធសភាបានប្រើប្រាស់ជំនួយរបស់មិត្តចិនដោយការទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាពពិតប្រាកដ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានប្រសិទ្ធពរជូនគណៈប្រតិភូ សូមមានសុខភាពល្អ និងទទួលបាននូវជោគជ័យក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឺទ្ធសភា