កូរ៉េខាងត្បូងនឹងផ្អាកកិច្ចព្រមពៀងយោធាមួយផ្នែក ក្រោយកូរ៉េខាងជើងបាញ់បង្ហោះផ្កាយរណបចារកម្មជោគជ័យ

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងនាថ្ងៃពុធ ទី២២ វិច្ឆិកា ឆ្នំា២០២៣នេះ បានផ្អាកផ្នែកខ្លះនៃកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨ ជាមួយកូរ៉េខាងជើង បន្ទាប់ពីក្រុងព្យុងយ៉ាងផ្គើននឹងការព្រមានពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ ហើយជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មជាលើកទី៣របស់ខ្លួន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន ដុក សូ(Han Duck-soo)បានរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធ ហើយបានថ្លែងក្នុងសុន្ទរកថាតាមទូរទស្សន៍ថា រដ្ឋាភិបាលកំពុងឆ្ពោះទៅមុខដើម្បីព្យួរផ្នែកខ្លះនៃកិច្ចព្រមព្រៀងអន្តរកូរ៉េ។

ចំណែកឯប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊កយល ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចក្រភពអង់គ្លេស បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ជាមួយរដ្ឋមន្ត្រីមួយចំនួន និងប្រធានចារកិច្ចជាតិ តាមរយៈតំណភ្ជាប់វិដេអូ លើការវិវត្តន៍ចុងក្រោយនេះ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយ ដែលមានគោលបំណងកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ ត្រូវបានចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលឆ្នាំ ២០១៨ រវាងអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

ក្នុងនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាដាក់តំបន់ការពារ ដែលផ្អាកសមយុទ្ធបាញ់គ្រាប់ពិត ក៏ដូចជាដាក់តំបន់ហាមហោះហើរ ដកប៉ុស្តិ៍យាមមួយចំនួនចេញពីតំបន់គ្មានយោធា និងទុកបណ្ដាញទូរស័ព្ទទាន់ហេតុការណ៍ ក្នុងចំណោមវិធានការផ្សេងៗទៀត។

យ៉ាងណាមិញ កិច្ចព្រមព្រៀងនេះស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើង ហើយប្រឈមមុខនឹងការអំពាវនាវឱ្យលុបចោល ឬផ្អាក ខណៈអ្នករិះគន់និយាយថា វាកម្រិតសមត្ថភាពកូរ៉េខាងត្បូងក្នុងការត្រួតពិនិត្យសកម្មភាពរបស់កូរ៉េខាងជើងតាមបណ្ដាលខ្សែព្រំដែន។

ប៉ុន្តែក្រោយការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់កូរ៉េខាងជើង ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ចំណាត់ការរបស់ខ្លួននឹងពាក់ព័ន្ធការស្ដារឡើងវិញនូវប្រតិបត្តិការឈ្លបយកការណ៍ និងការឃ្លាំមើលជុំវិញខ្សែបន្ទាត់កំណត់ព្រំដែនយោធារវាងប្រទេសទាំង២។

កាលពីថ្ងៃអង្គារ រដ្ឋបាលបច្ចេកវិទ្យាអវកាសជាតិកូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ខ្លួនឈ្មោះ Malligyong-1 ទៅក្នុងគន្លងតារាវិថីដោយជោគជ័យតាមរយៈរ៉ុក្កែតបាញ់បង្ហោះ Chollima-1 ហើយប្តេជ្ញាថានឹងបាញ់បង្ហោះបន្ថែមទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA។

រីឯមន្ត្រីនៅកូរ៉េខាងត្បូង និងជប៉ុន ដែលបានរាយការណ៍ពីការបាញ់បង្ហោះនោះ មិនអាចផ្ទៀងផ្ទាត់ភ្លាមៗទេថា តើផ្កាយរណបចារកម្មរបស់កូរ៉េខាងជើងស្ថិតនៅក្នុងគន្លងតារាវិថីឬយ៉ាងណា?។ អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក លោកស្រី Sabrina Singh បាននិយាយថា យោធាអាមេរិកនៅតែវាយតម្លៃថាតើការបាញ់បង្ហោះនេះ ទទួលបានជោគជ័យឬយ៉ាងណា?។

បើតាមរ៉យទ័រ កូរ៉េខាងជើងបានជូនដំណឹងដល់ប្រទេសជប៉ុនថា ខ្លួនគ្រោងនឹងបាញ់បង្ហោះផ្កាយរណបដដែលនៅចន្លោះថ្ងៃទី ២២ វិច្ឆិកា និងទី ១ ខែធ្នូ ក្រោយបរាជ័យជា២លើករួចមកក្នុងឆ្នាំនេះ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី Adrienne Watson បានហៅការបាញ់បង្ហោះនេះថា «ជាការរំលោភបំពានលើសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ» ហើយបាននិយាយថា វាបង្កើនភាពតានតឹង និងហានិភ័យធ្វើឱ្យមានអស្ថិរភាពដល់ស្ថានភាពសន្តិសុខក្នុងតំបន់ និងពិភពលោក។

គេមើលឃើញថា ការបាញ់បង្ហោះកាលពីថ្ងៃអង្គារ ធ្វើឡើងក្រោយលោកមេដឹកនាំ គីម បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅកន្លែងអវកាសទំនើបរបស់រុស្ស៊ីក្នុងខែកញ្ញាសម្រាប់កិច្ចប្រជុំកំពូលមួយ ដែលមេដឹកនាំទាំងពីរប្ដេជ្ញាពង្រឹងទំនាក់ទំនងជាពិសេសផ្នែកយោធា៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner