អាស៊ែបៃហ្សង់ចោទបារាំងថា បង្កសង្គ្រាមថ្មីនៅតំបន់កូកាស ដោយផ្គត់ផ្គង់អាវុធឱ្យអាមេនី
អាស៊ែបៃហ្សង់៖ ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev បានចោទប្រកាន់ប្រទេសបារាំងកាលពីថ្ងៃអង្គារថា បានរំញោចលក្ខខណ្ឌដើម្បីបង្កាត់សង្រ្គាមថ្មីនៅតំបន់កូកាស តាមរយៈការផ្គត់ផ្គង់អាវុធដល់ប្រទេសអាមេនី ដែលជាសត្រូវរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Aliyev បាននិយាយក្នុងការអត្ថាធិប្បាយជាលាយលក្ខណ៍អក្សរទៅកាន់សន្និសីទអន្តរជាតិនាទីក្រុងបាគូថា៖ «[បារាំង]កំពុងបន្តគោលនយោបាយយោធានិយម ដោយបំពាក់អាវុធដល់អាមេនី លើកទឹកចិត្តកងកម្លាំងបំភុលគំនិតក្នុងប្រទេសអាមេនី ហើយបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការបង្កសង្គ្រាមថ្មីនៅក្នុងតំបន់របស់យើង»។
ក្នុងសេចក្តីថ្លែងការណ៍ដែលអានដោយទីប្រឹក្សាគោលនយោបាយការបរទេសអាស៊ែបៃហ្សង់ លោក Aliyev បានបន្តថា បារាំងមិនត្រឹមតែរំខានដល់ស្ថិរភាពទាំងនៅក្នុង «ប្រទេសដែលធ្លាប់ ឬកំពុងស្ថិតនៅក្រោមអាណានិគម» របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏រំខានដល់ស្ថិរភាពនៅតំបន់កូកាសខាងត្បូងផងដែរ តាមរយៈការគាំទ្រ «និន្នាការផ្តាច់ខ្លួន និងការបំបែកខ្លួន»។
គួរបញ្ជាក់ថា អាស៊ែបៃហ្សង់ និងអាមេនីជាប់គាំងនៅក្នុងជម្លោះទឹកដីរាប់ទសវត្សន៍ជុំវិញតំបន់ណាហ្គូណូ-ការ៉ាក់បាក់របស់អាស៊ែបៃហ្សង់ ដែលប្រទេសនេះដណ្តើមបានមកវិញកាលពីខែកញ្ញា ក្រោយការវាយប្រហារប្រឆាំងនឹងពួកបំបែកខ្លួនអាមេនី។
កន្លងមក អាស៊ែបៃហ្សង់តែងរិះគន់បារាំងថាលម្អៀងទៅលើអាមេនីចំពោះជំហរជុំវិញជម្លោះនៅតំបន់កូកាស។ កាលពីដើមខែតុលា បារាំងបាននិយាយថា ខ្លួនបានយល់ព្រមលើកិច្ចសន្យានាពេលអនាគតជាមួយអាមេនី ដើម្បីផ្គត់ផ្គង់អាវុធឱ្យប្រទេសក្នុងការជួយដល់វិស័យការពារជាតិ។
ទោះជាយ៉ាងណាក៏ដោយ ជាការឆ្លើយតបនឹងការចោទប្រកាន់ថ្មីនេះ ប្រភពការទូតបារាំងបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ប្រទេសបារាំង ក៏ដូចជាដៃគូអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងធ្វើការឆ្ពោះទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងនៅតំបន់កូកាសខាងត្បូង ដោយផ្អែកលើគោលការណ៍នៃការគោរពអធិបតេយ្យភាព និងព្រំដែន៕ ប្រែសម្រួល៖ ហួន ឌីណា