ចិនព្រមានថាវាជាកំហុសដ៏ធំមួយ ប្រសិនបើអាហ្សង់ទីនកាត់ផ្តាច់ទំនាក់ទំនងជាមួយចិន

ប៉េកាំង៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ប្រទេសចិនបានព្រមានអាហ្សង់ទីនថា វាគឺជាកំហុសដ៏ធំមួយចំពោះអាហ្សង់ទីនដែលចង់កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយចិន។ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីលោក ចេវៀ មីឡី (Javier Milei) បានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅអាហ្សង់ទីននាពេលថ្មីៗនេះ។

លោក មីឡី គឺជាមេដឹកនាំសេរីនិយម និងស្ដាំនិយម ដែលធ្លាប់បានលើកឡើងថា លោកនឹងមិនធ្វើការទាក់ទងជាមួយប្រទេសកុម្មុយនីស្ដនោះទេ។

ប្រធានាធិបតីអាហ្សង់ទីន លោក មីឡី ដែលនឹងស្បថចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី១០ ខែធ្នូ ខាងមុខនេះ បានរិះគន់ប្រទេសចិន និងប្រទេសប្រេស៊ីល ដែលសុទ្ធតែជាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន។ កាលពីប៉ុន្មានខែមុន លោក មីឡី ថែមទាំងបានប្រៀបធៀបរដ្ឋាភិបាលចិនទៅនឹង «ឃាតករ» ហើយបានលើកឡើងថា ប្រជាជនចិនមិនមានសេរីភាពនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) តែងតែថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជារឿយៗថា ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីជាមួយអាហ្សង់ទីន បាននិងកំពុងបង្ហាញពីសន្ទុះដ៏ល្អ ហើយវានឹងក្លាយជាកំហុសដ៏ធ្ងន់ធ្ងរសម្រាប់អាហ្សង់ទីន ប្រសិនបើចង់កាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសដូចជាចិន និងប្រេស៊ីលជាដើមនេះ។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីមួយឈ្មោះថា RIA Novosti បានដកស្រង់សម្តីលោកស្រី ឌីអាណា ម៉ូនឌីណូ (Diana Mondino) ដែលជាសេដ្ឋវិទូម្នាក់ និងដែលត្រូវបានគេរំពឹងថាលោកស្រីនឹងក្លាយជារដ្ឋមន្ត្រីការបរទេសនៅក្នុងរដ្ឋបាលលោក មីឡី បាននិយាយថា «អាហ្សង់ទីននឹងមិនចូលរួមក្នុងក្រុមប្រទេស BRICS ដែលមានសមាជិកប្រទេសចិន និងរុស្ស៊ីនោះទេ»។

គួរដឹងដែរថា អាហ្សង់ទីនស្ថិតក្នុងចំណោមប្រទេសចំនួន ៦ ដែលត្រូវបានអញ្ជើញឱ្យចូលជាសមាជិកថ្មីនៃក្រុមប្រទេស BRICS ដែលមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ នៅពេលមានការសាកសួរថា តើអាហ្សង់ទីននឹងលើកទឹកចិត្តដល់ការនាំចេញ និងការនាំចូលជាមួយប្រទេសចិន និងប្រេស៊ីលដែរឬក៏យ៉ាងណា លោកស្រី ម៉ូនឌីណូ បានប្រាប់សារព័ត៌មាន RIA Novosti ថា អាហ្សង់ទីននឹងឈប់មានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន និងប្រេស៊ីល។

យ៉ាងណាក៏ដោយ លោកស្រី ម៉ៅ បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោកស្រី ម៉ូនឌីណូ វិញថា ប្រទេសចិននិងអាហ្សង់ទីនមានទំនាក់ទំនងល្អនឹងគ្នាខាងសេដ្ឋកិច្ចខ្លាំង។ លោកស្រីក៏បានលើកឡើងពីឆន្ទៈរបស់ប្រទេសចិនក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាហ្សង់ទីន ដើម្បីធានានូវទំនាក់ទំនងទ្វេភាគីដែលមានស្ថិរភាព និងយូរអង្វែង។

គោលជំហររបស់លោក មីឡី ប្រឆាំងនឹងប្រទេសចិន គឺខុសគ្នាយ៉ាងខ្លាំងពីប្រធានាធិបតីមុន ដែលទើបនឹងចាកចេញពីតំណែងប្រធានាធិបតី គឺលោក អាល់បឺតូ ហ្វឺណាន់ដេស (Alberto Fernandez) ដែលថ្មីៗនេះ លោកបានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ហើយបានសរសើរប្រទេសចិនថាជាមិត្តយ៉ាងពិតប្រាកដរបស់ប្រទេសអាហ្សង់ទីន ហើយថែមទាំងបានប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការទៀតផង។ លោក ហ្វឺណាន់ដេស បានសន្យាថានឹងធ្វើការរួមគ្នាជាមួយប្រទេសចិន ជាពិសេសនៅក្នុងក្របខ័ណ្ឌប្រទេស G20 និងក្រុមប្រទេស BRICS ។

ដោយឡែក លោក មីឡី មិនត្រឹមតែបានរិះគន់ប្រឆាំងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអះអាងថា បញ្ហាបម្រែបម្រួលអាកាសធាតុគឺជារឿងប្រឌិតបែបសង្គមនិយម ហើយបានរិះគន់សម្តេចប៉ាបហ្វ្រង់ស៊ីស (Pope Francis) ថាបានគាំទ្រអ្វីដែលលោកហៅថា «របបផ្តាច់ការបង្ហូរឈាម»៕ ប្រែសម្រួល៖ ធា សុណា

ads banner