អ្នកកាសែតបីនាក់បានបាត់បង់ជីវិតនៅជិតព្រំដែនលីបង់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល

លីបង់៖ អ្នកកាសែតបីនាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ក្បែរព្រំដែនអ៊ីស្រាអែល។ទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់បានរាយការណ៍ថាការវាយប្រហារតាមអាកាសក៏បានសម្លាប់ជនស៊ីវិលបីនាក់ផ្សេងទៀតផងដែរនៅតំបន់ តាយហាហ្វា (Tayr Harfa) ដែលមានចម្ងាយប្រហែល ១,៦ គីឡូម៉ែត្រពីព្រំដែនអ៊ីស្រាអែល។

ក្នុងចំណោមអ្នកកាសែតបីនាក់ដែលបានស្លាប់នោះ មានពីរនាក់ធ្វើការឱ្យទូរទស្សន៍ប៉ុស្ដិ៍ Al Mayadeen គឺ កញ្ញា ហ្វារ៉ា អូម៉ា (Farah Omar) និងលោក រ៉ាប៊ី ម៉េម៉ារី (Rabih Me’mari)។ ដោយឡែក អ្នកកាសែតទីបី ត្រូវបានគេដឹងថាជាអ្នកកាសែតក្នុងស្រុក និងជាអ្នកដែលធ្វើការជួយសម្រួលដល់ប៉ុស្តិ៍ទូរទស្សន៍នេះផងដែរ។ ហេតុការណ៍នេះ បានធ្វើឱ្យចំនួនអ្នកកាសែតសរុបដែលបានស្លាប់នៅលីបង់ក្នុងឆ្នាំនេះកើនដល់ជាង ៥០ នាក់ហើយ។

នាយកប៉ុស្ដិ៍ទូរទស្សន៍ Al Mayadeen លោក ហ្កាសាន ប៊ិនជីដូ (Ghassan bin Jiddo) បានចោទប្រកាន់អ៊ីស្រាអែលថាបានកំណត់គោលដៅបាញ់ប្រហារដោយចេតនា ដើម្បីសម្លាប់អ្នកកាសែតរបស់ខ្លួនពីរនាក់នៅក្នុងការវាយប្រហារតាមអាកាសមួយ។ លោកបានបន្តថា ការវាយប្រហារនេះមិនមែនជាឧបទ្ទវហេតុនោះទេ ប៉ុន្តែជាការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងគោលបំណងសម្ដែងការមិនពេញចិត្តនឹងគេហទំព័ររបស់ប៉ុស្តិ៍ទូរទស្សន៍នេះ ដែលតែងតែបានរិះគន់រដ្ឋាភិបាលអ៊ីស្រាអែល។

លោកស្រី ហ្សីណា ខដ (Zeina Khodr) អ្នករាយការណ៍ប្រចាំនៅកាសែត Al Jazeera បានរាយការណ៍ចេញពីតំបន់ភាគខាងត្បូងប្រទេសលីបង់ថា “ការបាញ់ប្រហារនេះបានកំណត់គោលដៅជាមុនទៅលើអ្នកកាសែតនៅតំបន់ភាគខាងត្បូងប្រទេសលីបង់បណ្ដាលឱ្យស្លាប់អ្នករាយការណ៍ម្នាក់ និងអ្នកថតរូបនិងវីដេអូម្នាក់ ដែលពួកគេធ្វើការឱ្យប៉ុស្ដិ៍ទូរទ ស្សន៍ Al Mayadeen។ អ្នកទីបីដែលនៅជាមួយពួកគេក៏ត្រូវបានស្លាប់ផងដែរ”។

អ្នកឆ្លើយឆ្លងព័ត៌មានរបស់ Al Jazeera បាននិយាយថា ៖ «ការស្លាប់របស់អ្នកកាសែតអាចជាការប៉ុនប៉ងរបស់កងទ័ពអ៊ីស្រាអែលដើម្បីបំបិទសំឡេងប្រឆាំងរបស់ប្រព័ន្ធផ្សព្វផ្សាយ»។គួរដឹងដែរថាអ៊ីស្រាអែលបានដាក់ទូរទស្សន៍ Al Mayadeen ក្នុងបញ្ជីខ្មៅ ដោយចោទប្រកាន់ថា បានគាំទ្រសត្រូវរបស់ខ្លួន។

រដ្ឋមន្ត្រីទំនាក់ទំនងអ៊ីស្រាអែល លោក ស្លូម៉ូ កាហ៊ី (Shlomo Karhi) បានលើកឡើងថា លោកបានចាប់ផ្តើមធ្វើការព្យាយាមបិទគេហទំព័រ Al Mayadeen និងបិទការិយាល័យរបស់ពួកគេ។ ទន្ទឹមនឹងនេះ លោកស្រី ខដ បាននិយាយថា «រដ្ឋមន្ត្រីក្រសួងព័ត៌មានលីបង់បានស្នើឱ្យមន្ត្រីយោធា បើកការស៊ើបអង្កេតលើករណីនេះ»។ លោកស្រីបានរំលេចថា នេះគឺជាការបាញ់ប្រហារលើកទីបីហើយទៅលើអ្នកកាសែតរាប់ចាប់តាំងពីថ្ងៃទី១៣ ខែតុលា។

យ៉ាងណាក៏ដោយ យោធាអ៊ីស្រាអែលក៏បានប្រកាសដែរថា ពួកគេកំពុងស៊ើបអង្កេតលើឧបទ្ទវហេតុនេះ នេះបើយោងតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP ។ ការស្លាប់ចំនួន ៣ នាក់លើកនេះ ជាករណីដែលបានកើតឡើងបន្ទាប់ពីអ្នកសារព័ត៌មានយ៉ាងហោចណាស់ជាង ៥០ នាក់បានបាត់បង់ជីវិតក្នុងអំឡុងពេលសង្រ្គាមរយៈពេល ៤៦ ថ្ងៃរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា នេះបើយោងតាមគណៈកម្មាធិការការពារអ្នកកាសែត។

គួរកត់សម្គាល់ថា អ្នកកាសែតដែលបានស្លាប់ភាគច្រើន ជាជនជាតិប៉ាឡេស្ទីន។ ចាប់តាំងពីថ្ងៃទី៧ ខែតុលា នៅពេលដែលអ៊ីស្រាអែលប្រកាសសង្រ្គាមនៅតំបន់ហ្កាហ្សាបន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាសលើទឹកដីអ៊ីស្រាអែល ក៏មានការប្រឈមមុខដាក់គ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេសបូឡា (Hezbollah) នៅលើព្រំដែនអ៊ីស្រាអែល-លីបង់ផងដែរ។

ការប្រយុទ្ធគ្នានាពេលថ្មីៗនេះ បាននាំឱ្យមានការស្លាប់យុទ្ធជនរបស់កក្រុមហេសបូឡាចំនួន ៧០នាក់ ជនស៊ីវិលលីបង់ ១៣នាក់ ទាហានអ៊ីស្រាអែល ៧នាក់ និងជនស៊ីវិលអ៊ីស្រាអែល ៣នាក់ ។ ការប្រយុទ្ធនេះគឺជាជម្លោះដ៏ធ្ងន់ធ្ងរបំផុតមួយ រាប់ចាប់តាំងពីឆ្នាំ២០០៦មក៕ ប្រែសម្រួល៖ ធា សុណា

ads banner